ជាតិ
បុណ្យភ្ជុំបិណ្ឌ
បុណ្យ​កើត​ពី​ចិត្ត មិន​អាស្រ័យ​លើ​លុយកាក់​តែ​ម្យ៉ាង​នោះទេ​
15, Oct 2023 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកខ្លះ មិនទាន់​យល់​ឡើយ ពី​ពាក្យ «​បុណ្យ​»​។ ពួកគេ អាច​យល់ថា ធ្វើបុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច​។ ការធ្វើ​បុណ្យ​ច្រើន ឬ​តិច​នេះ ពួកគេ​សំដៅ​ដល់​សកម្មភាព​ខាងក្រៅ​នៃ​ការលះបង់​ទ្រព្យសម្បត្តិ​ក្នុងការ​ធ្វើបុណ្យ​ផ្សេងៗ​។ ត្រង់ចំណុច​នេះ ពួកគេ​ក៏​សន្មត​ថា ធ្វើបុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច ដែល​ក្លាយទៅជា​វប្បធម៌​នៃ​ការគិត​ក្នុងសង្គម​ខ្មែរ​ទៅហើយ​។​



​បុណ្យ គឺជា​ធម្មជាតិ​ដែល​ញ៉ាំង​ចិត្ត​របស់​អ្នក​ឲ្យ​សប្បាយរីករាយ ឲ្យ​ស្អាត​ផូរផង់ និង​ជ្រះស្រឡះ​ក្នុង​ការលះបង់​អ្វីមួយ ដើម្បី​ជា​ប្រយោជន៍ និង​សេចក្តីសុខ​ដល់​អ្នកដទៃ​។ បុណ្យ សំដៅ​ដល់​ទឹកចិត្ត ដែល​ស្អាត​បរិសុទ្ធ សោមនស្ស​រីករាយ មិន​ក្តៅ​ក្រហល់ក្រហាយ មិន​សោកស្តាយ​ពេល​ខ្លួន​បាន​បរិច្ចាគ​សេចក្តីសុខ និង​ទ្រព្យ​របស់ខ្លួន ដើម្បី​ជួយសង្គ្រោះ និង​ជ្រោមជ្រែង​អ្នកផង​ទាំងពួង​។  
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖
 
 
​ការធ្វើ​បុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ឬ​ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច មិន​អាស្រ័យ​លើ​សកម្មភាព​នៃ​កា​របះ​បង់ទ្រព្យ​សម្បត្តិ​ខាងក្រៅ​ច្រើន​ឬ​តិច​ប៉ុនណា​នោះទេ តែ​អាស្រ័យ​លើ​ចេតនា និង​ទឹក​ចិ​ន្ត​បរិសុទ្ធ​របស់​អ្នក​។​
 
​បុណ្យ​មិនអាច​វាស់​ស្ទង់​ទៅលើ​សកម្មភាព​ខាងក្រៅ​បានទេ ព្រោះ​វា​ជាស​ភាវ​ធម្មជាតិ​ដែល​កើត​ក្នុង​ចិត្ត ដែល​យើង​មើលមិនឃើញ​។ ការធ្វើ​បុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន ធ្វើបុណ្យ​តិច​បាន​បុណ្យ​តិច អ្នកដទៃ​មិនអាច​ដឹង​បានទេ មានតែ​យើង​ខ្លួនឯង​ទេ ដែល​អាច​ដឹង​ពិតប្រាកដ​។ អ្នក​ប្រារព្ធ​នូវ​កម្មវិធី​បុណ្យ​ធំៗ អស់​លុយ​រាប់ម៉ឺន​ដុល្លារ តែ​ការលះបង់​នោះ​គ្រាន់តែ​ដើម្បី​ឲ្យ​គេ​សរសើរ ចង់បាន​កិត្តិយស​មុខ​ម៉ាត់ បុណ្យ​ប្រាកដជា​មិន​ពេញលក្ខណៈ​ឡើយ​។ តែ​ផ្ទុយទៅវិញ  បាយ​មួយ​វែក ទឹក​មួយ​កែវ លះបង់​ធ្វើជា​ទាន ប្រកបដោយ​ចិត្តសប្បុរស ចង់​ឲ្យ​អ្នកដទៃ​បាន​ឆ្អែត នោះ​ហើយ​គឺជា​បុណ្យ​។​
 
​បើ​មិនមាន​ចេតនា មិន​សប្បាយរីករាយ មិន​ពេញចិត្ត​ក្នុង​អ្វីដែល​ខ្លួន​លះបង់​ទេ ទោះបីជា​យើង​កំពុងតែ​ប្រារព្ធ​ពិធីបុណ្យ​សង្ឃទាន​ក្តី បុណ្យបច្ច័យបួន​ក្តី បុណ្យកឋិន​ក្តី ឬ​បុណ្យ​ផ្សេងៗ​ទៀត​ក្តី ដោយ​ចំណាយ​ថវិកា​អស់​រាប់ម៉ឺន​ដុល្លារ​ក៏ដោយ ក៏​មិនមាន​ឈ្មោះថា ជា​អ្នក​ធ្វើបុណ្យ​ដែល​ពេញលក្ខណៈ​និង​ប្រកបដោយ​បញ្ញា​ដែរ​។ ពេលនោះ ការធ្វើ​បុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន នឹងមិន​កើតឡើង​នោះទេ​។ 
 


 
​ហេតុ​ដូច្នេះហើយ គ្រប់​ពេលដែល​អ្នកធ្វើ​បុណ្យ​សាង​កុសល ទោះបីជា​ធ្វើបុណ្យ​អ្វី​ក៏ដោយ ត្រូវតែ​ធ្វើ​ចិត្ត​ឲ្យ​បាន​សប្បាយ រីករាយ​ជ្រះថ្លា និង​ប្រកបដោយ​បញ្ញា​។ បើ​អ្នកមាន​សេចក្តី​ជ្រះថ្លា រីករាយ ពេញចិត្ត​ហើយ សូម្បីតែ​ធ្វើបុណ្យ ដោយ​ការលះបង់​ទ្រព្យ​តិចតួច​ក៏ដោយ ក៏បាន​អានិសង្ស​ច្រើន​ដែរ ទៅតាម​ចេតនា ដែល​ជ្រះថ្លា​និង​ពេញចិត្ត​នោះឯង​។​
 
​ចេតនា គឺ​សំដៅ​ដល់​សេចក្តី​ជ្រះថ្លា សេចក្តី​សប្បាយរីករាយ ពេញចិត្ត​ក្នុង​ទង្វើ​ល្អ និង​អំពើ​បុណ្យ​ដែល​ធ្វើ​ដោយ​ឥត​សៅហ្មង​។ ចេតនា​ដែល​នាំ​ឲ្យ​សម្រេច បាន​បុណ្យ​កុសល​មាន​បី​គឺ​៖
 
​ចេតនា​មុន​ធ្វើ​៖ ការតាំង​ចិត្ត និង​រៀបចំ​ទុកជាមុន ដោយ​ចិត្ត​ជ្រះថ្លា និង សប្បាយរីករាយ​ក្នុងការ​ធ្វើបុណ្យ​។​
 
​ចេតនា​កំពុង​ធ្វើ​៖ សេចក្តីសោមនស្ស និង​សកម្មភាព​របស់ខ្លួន ដែល​កំពុង​ខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែង​ដោយ​ចិត្ត​ជ្រះថ្លា​ក្នុងការ​បំពេញ បុណ្យ​កុសល​។​
 
​ចេតនា​ក្រោយ​ពេលធ្វើ​៖ ពេល​បាន​បំពេញ​កុសល​រួច ខ្លួន​ក៏មាន​សេចក្តីសុខ និង​រីករាយ ពេញចិត្ត​ចំពោះ​ការលះបង់​របស់ខ្លួន​ក្នុង​ការជួយ​អ្នកដទៃ ដោយ​មិនមាន​ការក្តៅក្រហាយ ឬ​ស្តាយក្រោយ​អ្វី​ឡើយ​។​
 
​ដូច្នេះ ធ្វើបុណ្យ​ច្រើន ពិតជា​បាន​បុណ្យ​ច្រើន ប្រសិនបើ​ការលះបង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​ទាន រក្សាសីល ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ដ៏​បរិសុទ្ធ គ្មាន​សេចក្តី​សៅហ្មង​ក្នុង​ការលះបង់​នោះ​។ តែ​ផ្ទុយទៅវិញ ធ្វើបុណ្យ​ច្រើន មិន​ប្រក​ដ​ថា​បាន​បុណ្យ​ច្រើន​ទេ បើ​ការលះបង់​របស់​អ្នក មិន​ប្រកបដោយ​បញ្ញា ការលះបង់​មិនមាន​សទ្ធា លះបង់​ដើម្បី​សម្ញែង បង្អួត​ញាតិ ចង់បាន​កិត្តិយស ឬ​ខ្លាច​គេ​ថា​អន់​៕
 

 

Tag:
 ភ្ជុំបិណ្ឌ​
  បុណ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com