កំណាព្យ
ពីនេះ ពីនោះ
បាត់ដំបង សម័យ​ស្រុក​មាន​សន្តិភាព​!
26, Sep 2019 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​បទ បថ្យាវត្ត​

-​សំឡូត ភ្នំព្រឹក មុន​នឹក​ព្រឺព្រួច​ ​ខ្លាច​ឆ្លង​ពុំរួច​ពេល​ដើរ​ឆ្លងកាត់​
​មាន​មារ​ជា​មីន​កប់​ដី​ច្រើន​ក្តាត់​ ​ដាច់​ដៃជើង​បាត់​ឬ​ក្ស័យសង្ខារ​។​
 
-​ពេលនេះ​ដី​ថ្លៃ​ក្លាយជា​ចម្ការ​ ​ពេញ​ដោយ​ផលា​រួមទាំង​ស្រែ​ស្រូវ​
​ដំឡូង​ចេក​ស្វាយ​មៀន​ឆ្លាស់​រដូវ​ ​មានទឹក​ភ្លើង​ផ្លូវ​ទៅគ្រប់​ភូមិ​ស្រុក​។​
 
-​កំរៀង​សង្កែ​ប្រែ​កាន់តែ​ស្តុក​ ​ឯក​ភ្នំ​អ្នកស្រុក​កាន់តែ​ធូរធា​
​អ្នក​កោះ​ក្រឡ​ថ្មគោល​ដូចគ្នា​ ​បាត់ដំបង​ជា​ក្រុង​ស៊ីវីល័យ​។​
 
-​អ្នកស្រុក​ថ្កើង​មាន​ហ៊ាន​ប្តូរ​ឡាន​ថ្លៃ​ ​វីឡា​កែច្នៃ​ថ្លៃ​លាន​ដុល្លារ​
​អ្នក​មោងឫស្សី​បាណន់​ផង​ណា​ ​ប​វេ​ល​ឮថា​សុទ្ធតែ​មានបាន​។​
 
-​រុក្ខ​គិរី​ក៏​ទី​សុខសាន្ត​ ​ខ្មែរ​ច្រើន​ចាំបាន​រឿង​ស្ទឹង​សង្កែ​
​ប៊ុន​ឈឿន​ម្ចាស់​ស្ទឹង​នៅ​នឹង​ស្និទ្ធស្នេហ៍​ ​បាត់​រូប​មែន​តែ​ខ្មែរ​ច្រើនណាស់​នឹក​។​
 
-​រី​ទី​កម្សាន្ត​ក៏មាន​សន្ធឹក​ ​មាន​ទាំង​គោក​ទឹក ប្រាសាទ​និង សត្វ​
​អាង​កំពីងពួយ​សេក​សក​មិន​ស្ងាត់​ ​ភ្ញៀវ​ប្រុស​ស្រី​ស្កាត់​ណាត់ជួប​សាសង​។​
 
-​ឡើង​ភ្នំ​សំពៅ​មើល​ស្រូវ​ស្រែ​ផង​ ​ក្រុង​បាត់ដំបង​មើល​ផ្ទះ​បុរាណ​
​ដល់​បាត់ដំបង​សៅហ្មង​ឆ្លង​ក្សាន្ត​ ​ប្រជា​សុខសាន្ត​មាន​សន្តិភាព​៕​
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com