ធ្វើ​នំអន្សម​លក់​ជាង​២០​ឆ្នាំ ក្រៅពី​ចំណូល អ្នកស្រី សុខ​ងួន រួមចំណែក​អភិរក្ស​នំ​ខ្មែរ​
ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ធ្វើ​នំអន្សម​លក់​ជាង​២០​ឆ្នាំ ក្រៅពី​ចំណូល អ្នកស្រី សុខ​ងួន រួមចំណែក​អភិរក្ស​នំ​ខ្មែរ​
26, Sep 2019 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ មុខរបរ​ធ្វើ​នំអន្សម និង​ប្រភេទ​នំ​ខ្មែរ​ផ្សេងៗ ក្រៅពី​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី ញឹក សុខ​ងួន ឱ្យ​ល្អប្រសើរ ថែមទាំង​មានលទ្ធភាព​ឱ្យ​កូនស្រី​៤​នាក់ បាន​រៀន​ចប់​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​រៀងខ្លួន​ផងដែរ​។ ស្ត្រី​វ័យ​៦០​រូបនេះ បាន​អះអាងថា លទ្ធផល​ដែល​គ្រួសារ​អ្នកស្រី ទទួលបាន​នាពេល​បច្ចុប្បន្ន ពី​ការធ្វើ​នំ​លក់​អស់​រយៈពេល​២២​ឆ្នាំ​មកនេះ  គឺ​កើតចេញពី​គំនិត​អភិរក្ស​នំ​ខ្មែរ ជាមួយ​ស្វាមី ដោយ​ធ្វើ​រួមគ្នា ទាំង​ក្តី​ស្រលាញ់ និង​យកចិត្តទុកដាក់​ទាំងរ​ស​ជាតិ និង​គុណភាព​។​

 
​ក្នុង​បរិវេណ​ផ្ទះ​ដីឡូត៍​មួយកន្លែង ស្ថិតនៅ​ភូមិ​ក្បាល​ទំ​បន់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មាន​ហាល​ស្លឹកចេក​ជាច្រើន​លើ​ស្នួ​ដែក​ខាង​នៅមុខ​ផ្ទះ​របស់ អ្នកស្រី សុខ​ងួន សម្រាប់​វេច​នំអន្សមជ្រូក អន្សមចេក អន្សមខ្នុរ នំគម នំ​បត់ និង​នំ​ខ្មែរ​ជាច្រើន​មុខ​ទៀត ដើម្បី​យកទៅលក់​នៅ​ទីផ្សារ និង​តាម​ការបញ្ជាទិញ​របស់​អតិថិជន​នៅតាម​តំបន់​ផ្សេងៗ​គ្នា ក្នុង​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ អ្នកស្រី​ក៏បាន​ធ្វើ​នំ​ខ្មែរ​បន្ថែម ពិសេស​នំអន្សមជ្រូក អន្សមចេក សម្រាប់​លក់​នា​រដូវ​ភ្ជុំបិណ្ឌ​នេះ​ផងដែរ​។ 
 
 
​បើតាម​ស្ត្រី​ដែលមាន​ស្រុកកំណើត​នៅ​ភ្នំពេញ​រូបនេះ ក្រៅពី​មុខរបរ​ធ្វើ​នំ​ខ្មែរ​លក់​តាំង​ឆ្នាំ​១៩៩៧​មក គឺ​គ្មាន​មុខរបរ​ផ្សេង​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឡើយ​។ អ្នកស្រី សុខ​ងួន បាន​និយាយប្រាប់​សារព័ត៌​ThmeyThmey ដូច្នេះ​ថា​៖«​បានជា​ខ្ញុំ​សម្រេចចិត្ត​ប្រកបមុខរបរ​នេះ មិន​ព្រម​រកមុខ​របរ​ថ្មី ដោយសារ​ខ្ញុំ​ស្រលាញ់ ខ្ញុំ​ចង់​រក្សា​និង​បង្រៀន​ពី​របៀប​ធ្វើ​នំ​ខ្មែរ​យើង​ទៅ​កូនចៅ​និង​ក្មេងជំនាន់ក្រោយ​។ ជាពិសេស​ក្រៅពី​បាន​ចូលរួម​អភិរក្ស​នំ​ខ្មែរ​ហើយ ខ្ញុំ​ក៏​អាច​ទទួល​ប្រាក់ចំណេញ​បានល្អ​ប្រសើរ ពី​ការលក់​នំ​ប្រចាំថ្ងៃ ផងដែរ​»​។  
 
​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ ថ្វី​ការ​ដ្បិត អ្នកស្រី​មាន​ឆន្ទៈ ក្នុងការ​រក្សា​នំ​ខ្មែរ ក៏ពិតមែន ប៉ុន្តែ​ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​គ្រប់​មជ្ឈដ្ឋាន​នោះទេ ក៏​អ្នកស្រី​មិនអាច​ឈរជើង​បាន​រហូត​ដល់​បច្ចុប្បន្ន​បានដែរ​។ ក្នុង​មួយថ្ងៃ អ្នកស្រី សុខ​ងួន អាច​លក់​នំអន្សមជ្រូក អន្សមចេក បាន​១០០​ទៅ​២០០​នំ​។ អ្នកធ្វើ​នំ​ខ្មែរ​រូបនេះ បាន​បញ្ជាក់ថា ក្រៅពី​ការលក់​នំ​ប្រចាំថ្ងៃ អ្នកស្រី​ក៏បាន​ទទួល​ការបញ្ជាទិញ​ពី​អ្នករៀបចំ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ ពិធី​បុណ្យទាន និង​ពិធី​ផ្សេងៗ​ជាច្រើន​ផងដែរ​។ 
 
 
​សម្រាប់​កម្មវិធី​នីមួយៗ អ្នកស្រី អាច​ទទួល​ធ្វើ​នំអន្សមជ្រូក អន្សមចេក បាន​ជាង​១០០០​នំ ផងដែរ​។  នំ​ទាំងនេះ ពី​ក្រៅ​អ្នកស្រី ធ្វើ​ជាមួយ​ស្វាមី ក៏មាន​កូនៗ​អ្នកស្រី​ជួយ​ធ្វើ​ផងដែរ បន្ទាប់ពី​ពួកគេ​ទំនេរ​ពី​ការងារ​រៀងៗ​ខ្លួន​។ 
 
​អ្នកស្រី ញឹក សុខ​ងួន បាន​អះអាងថា​៖«​តាមរយៈ​មុខរបរ​មួយ​នេះ ថ្វី​ដ្បិត​ខ្ញុំ​គ្មាន​ឱកាស​បង្រៀន​ដល់​ក្មេងៗ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​ខ្ញុំ​បាន​បង្រៀន​ដល់​កូនចៅ​របស់ខ្ញុំ​ឱ្យ​ពួក​កាត់​បាន​ស្គាល់ និង​ចេះ​ពី​របៀប​ធ្វើ​នំ​ខ្មែរ​ទៅតាម​ប្រភេទ​នំ​នីមួយៗ ផងដែរ​។ ហើយ​ខ្ញុំ ពេញចិត្ត​ជានិច្ច ក្នុងការ​ណែនាំ និង​ការបង្រៀន​ធ្វើ​នំ​ខ្មែរ នូវ​អ្វីដែល​ខ្ញុំ​ចេះ ផ្តល់ជូន​យុវជន​គ្រប់រូប ដែលមាន​បំណង​ចង់​ចេះ​ពី​របៀប​ធ្វើ​នំ​ខ្មែរ​យើង ទៅតាម​សមត្ថ​ដែល​ខ្ញុំ​អាចធ្វើ​ទៅបាន​»៕

 



















Tag:
 អភិរក្ស​
  អន្សម​
© រក្សាសិទ្ធិដោយ thmeythmey.com