សង្គមអន្តរជាតិ​
អន្តរជាតិ
ទីក្រុង​ទាំង​៥ ដែលមាន​ភ្ញៀវទេសចរ​ទៅលេង​ច្រើនជាងគេ​
26, Sep 2019 , 10:30 pm        
រូបភាព
ទីក្រុងឡុដ៍, រូបភាព (Visit Britain)
ទីក្រុងឡុដ៍, រូបភាព (Visit Britain)
​ឧស្សាហកម្ម​ទេសចរណ៍​សកលលោក ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំណូល​រហូតដល់​៨,៨​ទ្រី​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​មានតែ​ក្រុម​ប្រទេស​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​អាច​ទាញយក​ចំណូល​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​បាន​។ Global Destination Cities Index ក្នុង​ឆ្នាំ​២០១៩ ដែល​ផ្តោត​ការស្រាវជ្រាវ​របស់ខ្លួន​លើ​ភ្ញៀវទេសចរ និង​ការចំណាយ​របស់​ពួកគេ បាន​រកឃើញថា គណនី​ធនាគារ MasterCard របស់​ភ្ញៀវទេសចរ គឺ​ចំណាយ​ដល់ ៦,៥​ភាគរយ​លើ​ការដើរ​កម្សាន្ត​ក្នុង​មួយឆ្នាំៗ​ចាប់តាំងពី​ឆ្នាំ ២០០៩​មក ពោលគឺ​កើន​រហូតដល់ ៧,៤ ភាគរយ​។​

 
​នេះ​គឺជា​ទីក្រុង​ទាំង​៥ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើនជាងគេ​៖

៥. សិង្ហ​បុរី 
​ក្នុង​ឆ្នាំ​២០១៨ រដ្ឋ​បុរី​មួយ​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ជាង ១៤​លាន​នាក់​។ បន្ថែម​ពីលើ​នេះ ដោយសារតែ​ប្រជាជន​ចាយលុយ​ប្រមាណ​ជា ១៦,៥៦​ពាន់​លាន​ដុល្លារ​លើ​ការសម្រាកលំហែ​កាយ វា​បាន​រុញ​សិង្ហ​បុរី​ទៅ​ឈរ​នៅ​លំដាប់ថ្នាក់​ទី​៤ នៃ​ក្រុម​ទីក្រុង​ដែលមាន​ភ្ញៀវទេសចរ​ការចាយវាយ​ច្រើនជាង​បំផុត​។ នេះ​បើតាម​ទិន្នន័យ​របស់ MasterCard​។​
 

 
៤. ឌូ​បៃ​
​កាលពី​៦០​ឆ្នាំមុន ទីក្រុង​ឌូ​បៃ​ត្រឹមតែ​ជា​ភូមិ​នេសាទ​មួយ​តែប៉ុណ្ណោះ ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​ទីក្រុង​ឥស្លាម​មួយ​នេះ បាន​ស្រូបយក​ភ្ញៀវទេសចរ​ប្រមាណ​ជិត ១៦​លាន​នាក់​ទៅលេង​ក​ម្រា​ន្ត​។ ជា​រដ្ឋធានី ដែល​មិន​ត្រឹមតែ​ជា​កន្លែង​នៃ​ការទិញ​ទំនិញ​នោះទេ តែ​ទីក្រុង​ឌូ​បៃ​ថែមទាំង​ជា​ទិសដៅ​នៃ​ការធ្វើ​សន្និសីទ និង​ការតាំងពិព័រណ៍​អន្តរជាតិ​ផងដែរ​។ ជាពិសេស​ទីក្រុង​មួយ​នេះ​ត្រូវបានគេទទួលស្គាល់​ថា ជា​កន្លែង​ដែល​ភ្ញៀវទេសចរ​ចាយវាយ​ច្រើនជាងគេ​បំផុត​ប្រមាណ​ជាង ៣០​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០១៨​។ នេះ​បើតាម​ទិន្នន័យ​របស់ MasterCard​។​
 
 
 
៣. ទីក្រុង​ឡុង​ដ៍​
​រាជធានី​ដ៏​ល្អឆើត​របស់​អង់គ្លេស​មួយ​នេះ មាន​កន្លែង​ប្រវត្តិសាស្ត្រ​ជាច្រើន​ដូចជា នាឡិកា​ដ៏​ធំ Big Ben, សភា និង​រាជវាំង Buckingham​ជាដើម​។ នេះហើយ​ជា​មូលហេតុ ដែល​ធ្វើ​ទីក្រុង​មួយ​នេះ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​រហូតដល់​ជាង ១៩​លាន​នាក់​កាលពី​ឆ្នាំមុន​។ 
 
 
២. ទីក្រុង​ប៉ារីស​
​ខណៈពេល​ទីក្រុង​ឡុង​ដ៍​បាត់​ភ្ញៀវ​ទេសចរណ៍ ចំណែក​ទីក្រុង​ប៉ារីស​នេះ​វិញ​បាន ប្តូរ​ពី​លេខ​រៀង​ទី​៣ មក​ទី​២ ជាមួយនឹង​ចំនួន​ទេសចរ​ដល់​ទៅ​ជាង ១៩​លាន​នាក់​។ មនុស្ស​ប្រមាណ​ជា ១០,២​លាន​នាក់ បាន​ទៅ​ទស្សនា​ពីរ៉ាមីត​កញ្ជក់ ហើយ ៨០​ភាគរយ​នៃ​ចំនួន​នោះ ត្រូវបាន​គេ​ជឿថា​ចូលទៅ​មើលរូប​គំនូរ Mona Lisa​។ ទិន្នន័យ​របស់ Europe’s top tourist destinations បាន​បង្ហាញថា​ក្នុង​រយៈពេល​តែ ២៥​ឆ្នាំ​ប៉ុណ្ណោះ ទីក្រុង​ប៉ារីស​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ប្រមាណ​ជា ៣២០​លាន​នាក់ ចាប់ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៧​។ 
 
 
 
១. ទីក្រុង​បាងកក​
​បាងកក គឺជា​រាជធានី​របស់​ថៃ ដែល​បាន​ឈរ​នៅ​លំដាប់​ទី​១ ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជា ២២​លាន​នាក់​នៅក្នុង​ឆ្នាំ​២០១៨​។ ផ្អែក​តាមរយៈ​ទិន្នន័យ WTTC ក្នុង​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​បាន​ចាញ​លុយ​ប្រមាណ​ជាង ៧០​ពាន់​លាន​ដុល្លារ​នៅក្នុង​អាស៊ី​អា​គ្នេ​ណ៍​ទាំងមូល ខណៈពេល​ថៃ​បាន​កើប​យកប្រាក់​ចំណូល​ប្រមាណ ២០,៨​ភាគរយ​នៃ​លុយ​សរុប​ទាំងនោះ​៕ 
 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com