Onyedikachi នឹង​សងសឹក Devon Morris ឲ្យ​បាន​នៅ​សង្វៀន ONE :WARRIOR SERIES 8
ONE Championship
កីឡាជាតិ
ជាតិ
Onyedikachi នឹង​សងសឹក Devon Morris ឲ្យ​បាន​នៅ​សង្វៀន ONE :WARRIOR SERIES 8
26, Sep 2019 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
 ជើង​ខ្លាំង​គុន​ចម្រុះ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi ដែល​កំពុង​ពង្រឹង​ការហ្វឹកហាត់ និង​ឡើង​សង្វៀន​នៅ​ស្រុក​ខ្មែរ​ជា​ហូរហែ​នោះ​រំពឹង​សងសឹក​ដូ​ប្រជែង កីឡាករ​អាមេរិក  Devon Morris នៅ​សង្វៀន ONE :WARRIOR SERIES 8 នា​ថ្ងៃទី ៥ តុលា ដែល​រៀបចំ​នៅ​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ ការផ្គូផ្គង​ឲ្យ​ឡើង​សងសឹក​នេះ បន្ទាប់ពី  Emmanuel ចាញ់​ទឹក​ទី​២ កាល​ខែកុម្ភៈ នៅ​សិង្ហ​បុរី​។​


​កូនសិស្ស​របស់  ចាន់ រតនា បាន​ថ្លែងថា​៖«Devon Morris ជា​កីឡាករ​ល្អ​ម្នាក់ និង មានបទពិសោធន៍​ច្រើន​។ ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ឡើង​ប្រកួត​សងសឹក​ម្ដងទៀត​។ ខ្ញុំ​គិតថា ខ្ញុំ​នឹងមិន​ចាញ់​ទៀត​ទេ​ព្រោះ​កាល​លើក​មុន​បញ្ចប់​ទៅដោយ​លទ្ធផល​ក្រៀមក្រំ​។ ប៉ុន្តែ​លើក​នេះ​យើង​នឹង​រង់ចាំ​តើ​លទ្ធផល​អាច​ដូច​លើក​មុន ឬ​យ៉ាងណា​»​។​
Onyedikachi ជា​កីឡាករ​មានបទពិសោធន៍ ៤ លើក​រួចមកហើយ​នៅ​សង្វៀន ONE ក្នុងនោះ​ឈ្នះ ៣​លើកដំបូង​ប៉ុន្តែ​ចុងក្រោយ​ចាញ់ Morris ខាងលើ​ត្រឹម​ទឹក​ទី​២ ប៉ុណ្ណោះ​។   Onyedikachi ឡើង​សង្វៀន ONE លើក​ទី​១ គេ​ឈ្នះ​កីឡាករ​ថៃ Nat Natchayangkul នៅ​ទឹក​ទី​៣ កាល​ខែ មីនា ឆ្នាំ ២០១៨ មុន​ឈ្នះ ជើង​ខ្លាំង​គុន​ចម្រុះ​ជនជាតិ​ឥណ្ឌា Sandeep Kumar Dahiya នៅ​ទឹក​ទី​១ កាល ខែ កក្កដា និង ឈ្នះ កីឡាករ​ចិន Xiaoxiang Xie ដោយ​ពិន្ទុ កាល​ខែ តុលា​ឆ្នាំ ២០១៨ ដដែល​។ បន្ទាប់មក​កីឡាករ​រហស្សនាម «The Biafran Warrior» សន្លប់​ក្រោម​កណ្ដាប់ដៃ​របស់ Devon Morris កាល​ខែ កុម្ភៈ មុន​ឡើង​ប្រកួត​ជាថ្មី​នា​ដើមខែ តុលា ខាងមុខ​។ ការប្រកួត​សងសឹក​នេះ «The Biafran Warrior» មានការ​តាំងចិត្ត​ខ្ពស់ រួមទាំង​មាន​វិធី​ប្រកួត​ផ្សេង​ខុសពី​ប្រកួត​លើក​មុន​។ 
 
​កីឡាករ​ដែល​តែងតែ​លើក​ទង់ជាតិ​កម្ពុ​ជាមុន និង ក្រោយពេល​ប្រកួត​បាន​រៀបរាប់​ទៀតថា​៖«​ការរៀបចំ​របស់ខ្ញុំ ល្អ​ណាស់ ហើយ​គ្រូបង្វឹក​ចាន់ រតនា នៅតែ​ជួយ​ដល់​ខ្ញុំ​។ ប៉ុន្តែ​ការរៀបចំ និង ការហ្វឹកហាត់​របស់ខ្ញុំ​គឺ​ខុស​ពីមុន​ឆ្ងាយ​ណាស់​។ ខ្ញុំ​នឹង​តិក​និក​ប្លែក​ដើម្បី​ប្រកួត​។ ខ្ញុំ​មិន​ចង់​លម្អិត​ច្រើនពេក​ទេ មានតែ​រង់ចាំ​រហូតដល់​ថ្ងៃទី ៥ តុលា ទើប​ដឹង​»​។ 
​អ្នកលេង​គុន​ចម្រុះ​វ័យ ៣២ ឆ្នាំ​មកពី​ក្លិប «​សិល្បៈ​» សង្កត់ធ្ងន់ថា​៖«​រឿង​ដែល​ច្បាស់ ១០០%​សម្រាប់​ខ្ញុំ គឺ នឹងមាន​កម្រិត​ខុសគ្នា​ខ្លាំង​ពី​ការប្រកួត​មុនៗ​។ ខ្ញុំ​ហ្វឹកហាត់​ខ្លាំងក្លា ព្រោះ​ខ្ញុំ​ទើប​ទទួលបាន​ការចុះឈ្មោះ​ផ្លូវការ​ជា​សមាជិក​នៃ​ការប្រកួត​គុន​ចម្រុះ​របស់​ក្រុមហ៊ុន​មួយ​ដែរ​»​។ 
 
​គួរ​ដឹង​ដែរ​ថា ក្រៅពី​មាន​អាជីព​ជា​អ្នក​ប្រដាល់​ដែល​រស់នៅ​កម្ពុជា Emmanuel Onyedikachi ជា​មនុស្ស​ស្នូល​ម្នាក់​ក្នុង​ការជួយជ្រោមជ្រែង​អង្គការ Biafran ឬ Biafran Organization នៅ​កម្ពុជា និង ជួយ​អង្គការ​កុមារកំព្រា​ជា​បន្តបន្ទាប់​។ កីឡាករ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ​តែងតែ​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​កម្ពុជា​។ 
 
​ងាក​មក​កីឡាករ​អាមេរិក Devon Morris ជា​កីឡាករ​មានបទពិសោធន៍​ក្នុង​ក្បាច់គុន​ចម្រុះ​ដោយ​ឡើង​ប្រកួត​បាន​រហូតដល់ ៩ ដង​ក្នុងនោះ​ឈ្នះ ៥ ដង និង ចាញ់ ៤ ដង​។ អ្វី​គួរកត់សម្គាល់ Morris មិនដែល​ចាញ់​ទេ​ពេល​ប្រកួត​នៅ​សង្វៀន ONE ចំនួន​៣​លើកចុងក្រោយ (​ឈ្នះ​ទាំង​៣)​។ 
 
ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​
 
​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY  នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។ 

© រក្សាសិទ្ធិដោយ thmeythmey.com