សង្គមអន្តរជាតិ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រឿងរ៉ាវ​ដ៏​ព្រឺព្រួច​នៃ​ចម្រៀង​មរណៈ «Gloomy Sunday» របស់​ហុង​គ្រី​
26, Sep 2019 , 3:59 pm        
រូបភាព
ដោយ:
​តន្ត្រី​អាចមាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ចិត្ត និង​អារម្មណ៍​របស់​មនុស្ស ប៉ុន្តែ​ពិត​ឬទេ​ដែល​ចម្រៀង​មួយ​បទ​បណ្តាល​ឲ្យ​មនុស្ស​រាប់រយ​នាក់​ធ្វើអត្តឃាត​នោះ​? បទ​ភ្លេង​នៃ «Gloomy Sunday» ឬ​ប្រែជា​ភាសា​ខ្មែរ​ថា «​ថ្ងៃអាទិត្យ​ដ៏​អាប់អួរ​» បាន​និពន្ធ​ឡើង​ដោយ​កវី​ជនជាតិ​ហុង​គ្រី​ម្នាក់ ឈ្មោះថា Rezso Seress ក្នុង​ឆ្នាំ ១៩៣២​។ ដោយ​ទទួល​ងារ​ថា «​ចម្រៀង​មរណៈ​របស់​ហុង​គ្រី​» ចម្រៀង​មួយ​បទ​នេះ​ត្រូវបាន​គេ​ទម្លាក់កំហុស​ថា​ជាប់ទាក់ទង​នឹង​ការធ្វើអត្តឃាត​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​តន្ត្រី ក្នុងនោះ​ក៏មាន អ្នកនិពន្ធ​បទ​ចម្រៀង​នេះ​ផងដែរ​។​

 
​ទំនុក​ចម្រៀង​ដើម​នៃ​បទ «Gloomy Sunday» បាន​តាក់តែងឡើង​ដោយ​អ្នកសរសេរ​កំណាព្យ​ជនជាតិ​ហុង​គ្រី​ម្នាក់ ឈ្មោះថា László Jávor ។ អត្ថន័យ​នៃ​ចម្រៀង​នេះ និយាយ​ពី អ្នកចម្រៀង​ម្នាក់ កំពុង​ច្រៀង​សុំ​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​ដែល​ស្លាប់​បាត់ទៅ មកជួប​លោក​នៅឯ​បុណ្យសព​ដែល​រៀបចំ​ទុក​របស់លោក​។​
 
  
                    អក្សរចម្រៀងនៃបទ Gloomy Sunday

​រឿងរ៉ាវ​ជុំវិញ​បទ​ចម្រៀង «Gloomy Sunday» នេះ បាន​ក្លាយជា​រឿងដំណាល​ដ៏​អាទ៌កំបាំង​មួយ មកទល់នឹង​ពេលបច្ចុប្បន្ន​។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​វា ពុំ​ត្រូវបាន​គេ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ឡើយ​។ យ៉ាងណាមិញ ចម្រៀង និង​ដំណើររឿង​របស់​វា ត្រូវបាន​គេ​ដឹងលឺ​យ៉ាង​សុះសាយ​ក្នុង​កាសែត និង​ទស្សនា​វ​ដ្តី​ល្បីៗ​ជាច្រើន​សម្រាប់​ការពាក់ព័ន្ធ​ដ៏​ចម្លែក​របស់​វា ទៅនឹង​ការធ្វើអត្តឃាត​ជាច្រើន​ករណី​។​
 
​យ៉ាងតិចណាស់ មានការ​សម្លាប់ខ្លួន​១៨​ករណី​ក្នុងប្រទេស​ហុង​គ្រី ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ជាប់ទាក់ទង​នឹង​បទ​ចម្រៀង Gloomy Sunday ។ ក្នុង​អត្ថបទ​របស់​ទស្សនា​វ​ដ្តី​អាមេរិក Time ចំណងជើង​ថា «​តន្ត្រី​៖​ចម្រៀង​មរណៈ​» ចុះផ្សាយ​កាលពី​ថ្ងៃទី ៣០ មីនា ឆ្នាំ​១៩៣៦ អ្នកនិពន្ធ បាន​រៀបរាប់​ពី​ចំនួន​នៃ​ការធ្វើអត្តឃាត ពាក់ព័ន្ធ​នឹង​ចម្រៀង​នេះ​។  
 
​អ្នក​ផលិត​ស្បែកជើង​ជនជាតិ​ហុង​គ្រី​ម្នាក់ ឈ្មោះថា Joseph Keller បាន​ទុក​លិខិត​មួយច្បាប់​នៅ​កន្លែង​ដែល​លោក​សម្លាប់ខ្លួន ដោយ​ដកស្រង់​ចេញពី​ទំនុកច្រៀង​ក្នុង​ចម្រៀង Gloomy Sunday ។ សព​មនុស្ស​មួយចំនួនទៀត​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​ទន្លេ Danube (​ទន្លេធំ​លំដាប់​ទី​២​នៅ​អឺរ៉ុប​) ជាមួយ​ក្រដាស​អក្សរ​ភ្លេង​នៃ​បទ Gloomy Sunday ក្តាប់ជាប់​ក្នុង​ដៃ​ពួកគេ​យ៉ាង​ណែន​។ មនុស្ស ២​នាក់​បាញ់សម្លាប់​ខ្លួនឯង ខណៈ​កំពុង​ស្តាប់​ក្រុម​តន្ត្រី​ប្រគំ​បទ​ចម្រៀង​មួយ​នេះ​។ បទ​ចម្រៀង​នេះ ត្រូវបាន​ហាមឃាត់​ក្នុងប្រទេស​ហុង​គ្រី​។ 
 
​ក្រៅពី​ករណី​នៅ​ហុង​គ្រី ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ ទាំង​ទស្សនា​វ​ដ្តី Time និង​កាសែត​អាមេរិក New York Times សុទ្ធតែ​បាន​ចុះផ្សាយ​ពី​ករណី​អត្តឃាត និង​ការប៉ុនប៉ង់​ធ្វើអត្តឃាត ក្នុង​សហរដ្ឋអាមេរិក ដែល​ជាប់ទាក់ទង​នឹង​បទ​ចម្រៀង Gloomy Sunday ។ ចម្រៀង​នេះ ត្រូវបាន​ហាម​ចាក់ផ្សាយ​លើ​វិទ្យុ BBC រហូតដល់​ឆ្នាំ​២០០២​។ យោងតាម​របាយការណ៍​មួយចំនួន ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ នៅ​អាមេរិក បដិសេធ​ចាក់​បទ​ចម្រៀង​មរណៈ​នេះ ដោយ​ភ័យខ្លាច​ថា វា​ពិតជា​ទទួលខុសត្រូវ​លើ​ការធ្វើអត្តឃាត​ទាំងអស់នេះ​មែន​៕
 
​ប្រភព​វីដេអូ  Historic Mysteries៖
 
 
 




© រក្សាសិទ្ធិដោយ thmeythmey.com