ជាតិ
បាក់ឌុប
ក្រសួង​អប់រំ៖ ក្រោយ​កោសល្យវិច័យ លទ្ធផល​បាក់​ឌុប​មិន​ប្រែប្រួល​ឡើយ​
26, Sep 2019 , 6:32 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៦ កញ្ញា​នេះ ក្រសួង​អប់រំ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ចំនួន ៤​ទំព័រ ស្ដីពី​សុក្រឹតភាព និង​ភាព​ទទួលយកបាន នៃ​លទ្ធផល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ២០១៩​។ ក្រសួង​អប់រំ អះអាងថា លទ្ធផល​ប្រឡង​ដែល​ប្រកាស​នៅ​ថ្ងៃទី​៩-១០ កញ្ញា ជា​លទ្ធផល​ស្របទៅនឹង​គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង​ទទួលយកបាន ជាពិសេស​លទ្ធផល​មិនមាន​ការប្រែប្រួល​ឡើយ​។


​គ្មាន​ឡើយ​ការប្រកាស​លទ្ធផល​លើក​ទី​២ នៃ​ដំណើរការ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​។ ក្រោយ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​៩-១០ កញ្ញា មាន​បេក្ខជន​មួយចំនួន បានដាក់​ពាក្យ​តវ៉ា​ទៅកាន់​ក្រសួង​អប់រំ ទាក់ទង​នឹង​លទ្ធផល​ប្រឡង​នា​សម័យ​ប្រឡង ១៩ សីហា ២០១៩​។ បន្ទាប់ពី​ទទួល​ពាក្យ​តវ៉ា​របស់​បេក្ខជន ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​បង្កើត «​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​» ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ករណី​មួយចំនួន ដែល​បេក្ខជន​មិន​សុខចិត្ត​។ 
 
​បើតាម​ក្រសួង​អប់រំ នីតិវិធី​នៃ​ការ​កោសល្យវិច័យ គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ បានធ្វើ​ចំណាត់ថ្នាក់​ពាក្យ​តវ៉ា​រួមមាន បេក្ខជន​ប្រឡង​ជាប់ តែ​មិន​ពេញ​ចិត្តនឹង​និទ្ទេស​តាម​មុខវិជ្ជា​, បេក្ខជន​ប្រឡង​ជាប់ តែ​មិន​ពេញ​ចិត្តនឹង​និទ្ទេស​រួម​, បេក្ខជន​ប្រឡង​ធ្លាក់ ទាមទារ​ឲ្យ​ពិនិត្យ​មួយចំនួន និង​បេក្ខជន​ប្រឡង​ធ្លាក់ ទាមទារ​ឲ្យ​ពិនិត្យ​គ្រប់មុខ​វិជ្ជា​ឡើងវិញ​។ 
 
​ក្រោយ​បញ្ចប់​ការធ្វើ​កោសល្យវិច័យ ក្រសួង អប់រំ បញ្ជាក់​យ៉ាង​ដូ​ច្ន​៖ «​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន បាន​រកឃើញថា លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប សម័យ​ប្រឡង ១៩ សីហា ២០១៩ មិនមាន​ការប្រែប្រួល​ទេ​។ លទ្ធផល​ដែល​ប្រកាស​នៅ​ថ្ងៃទី​៩-១០ កញ្ញា គឺជា​លទ្ធផល ឆ្លើយតប​នឹង​គោលការណ៍​ទាំង​បួន​នៃ​ការប្រឡង គឺ​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​»​។ 
 
​បន្ថែម​លើ​នេះ ក្រសួង​អប់រំ ក៏បាន​ប្រកាស​ឈប់​ទទួល​ពាក្យ​តវ៉ា​របស់​បេក្ខជន និង​បញ្ចប់​ដំណើរការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​ផងដែរ​។ សូមបញ្ជាក់ថា លទ្ធផល​បាក់​ឌុប​ឆ្នាំ​២០១៩ សិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួន ៧៩ ០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ ក្នុងនោះ​នុង​នោះ និទ្ទេស A មាន​ចំនួន​៤០៨​នាក់ និទ្ទេស B ចំនួន ២ ២២២​នាក់ និទ្ទេស C ចំនួន ៦ ០៤១​នាក់ និទ្ទេស D ចំនួន​១៥ ១៨០​នាក់ និង​និទ្ទេស E ចំនួន ៥២ ១៨៣​នាក់​៕
 
 
 

Tag:
 បាក់​ឌុប​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com