ជាតិ
សេដ្ឋកិច្ច
ប្រទេស​ហូ​ឡង់​ផ្ដល់​មូល​និ​ធិ ៥​លាន​ដុល្លារ ជួយ​កសិករ​ផលិត​ស្រូវ​សរីរាង្គ​នៅ​មណ្ឌលគិរី​
26, Sep 2019 , 11:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គម្រោង​ឈ្មោះថា​«​រាយ​ស៍​ថេ​ក​» (RiceTechCambodia) ត្រូវបាន​ភាគី​ពាក់ព័ន្ធ​ចុះហត្ថលេខា និង​សម្ពោធ​នៅ​ថ្ងៃទី​២៥​ខែកញ្ញា​។ នេះ​ជា​គម្រោង​មាន​រយៈពេល​៥​ឆ្នាំ ដែល​ផ្ដួចផ្ដើមឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការចិញ្ចឹម​ជីវិត​របស់​កសិករ​ខ្នាតតូច ដោយ​ជួយ​ពួកគេ​ឲ្យ​ទទួលបាន​វិញ្ញាបនបត្រ​ស្រូវ​សរីរាង្គ បង្កើន​ផលិតភាព ពង្រឹង​ទិន្នផល​ស្រូវ និង​ធានា​ឲ្យ​បាន​តម្លៃ​ស្រូវ​ខ្ពស់​លក់​ក្នុង​ទីផ្សារ​អឺរ៉ុប​។​



​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី ជា​គោលដៅ​សម្រាប់​អនុវត្ត​គម្រោង​មួយ​នេះ​។ ក្រៅពី​សហគមន៍​កសិក​រ ដៃគូ​គម្រោង​ផ្សេងទៀត​រួមមាន ក្រុមហ៊ុន​បញ្ជា​ទិញ Sanorice ក្រុមហ៊ុននាំចេញ​អង្ករ AmruRice អង្គការ Oxfam អង្គការ Larive International អង្គការ​អភិវឌ្ឍន៍ និង​ភាពជា​ដៃគូ​ក្នុង​សង្គមភាព​។ 

  
 
​លោក កាន់ គ​ន្ធី អគ្គនាយករង​ក្រុមហ៊ុន AmruRice បាន​ឲ្យ​ដឹងថា គម្រោង​នេះ​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់​ផ្ដល់​មូល​និ​ធី​ប្រមាណ ៥​លាន​ដុល្លារ និង​ត្រូវ​វិនិយោគ​ទឹកប្រាក់​មួយចំនួនទៀត​ពី AmruRice តាម​ភាពជាក់ស្ដែង​។ គម្រោង​នេះ​នឹង​ផ្ដោតទៅលើ​ការបណ្ដុះបណ្ដាល​ពង្រឹង​បច្ចេកទេស​ដល់​កសិករ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង​ស្តុក​ឡស​ម្ងួ​ត ម៉ាស៊ីនកិនស្រូវ​នៅ​ស្រុក​កោះ​ញែក​។​
 
​បើតាម​លោក កាន់ គ​ន្ធី គម្រោង​នេះ​មាន​គោលដៅ​គ្របដណ្ដប់​កសិករ​ខ្នាតតូច ២៤០០​គ្រសារ ដោយ​ក្នុងនោះ ១៣០០​គ្រួសារ​ផលិត​ស្រូវ​សរីរាង្គ​។ លោក គ​ន្ធី រំពឹងថា ស្រូវ​សរីរាង្គ​ប្រមាណ ២​ម៉ឺន​តោន នឹងត្រូវ​បាន​ផលិត​ក្នុង​មួយឆ្នាំ​ចេញពី​តំបន់​នៃ​គម្រោង​នេះ​។ ទាក់ទិន​នឹង​ស្រូវ​សរីរាង្គ​នេះ លោក​បញ្ជាក់ថា កន្លងមក ក្រុមហ៊ុន AmruRice អាច​ប្រមូលបាន​ស្រូវ​សរីរាង្គ​ប្រមាណ ២​ម៉ឺន​តោន​ពី​ខេត្តព្រះវិហារ ដោយ​ក្នុង​ឆ្នាំ​ក្រុមហ៊ុននាំចេញ​ជិត ១​ម៉ឺន​តោន​អង្ករ ដែល​ស្មើនឹង​ជាង​៨០​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរីរាង្គ​សរុប​របស់​កម្ពុជា​។ ហើយ​ការផលិត​ស្រូវ​ទាំងនេះ គឺ​ធ្វើជា​ម៉ូ​ឌែ​ល​កសិកម្ម​តាម​កិច្ចសន្យា​។​

  
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ចូលរួម​ជា​អ​ធីប​តី​ក្នុង​ពិធី​សម្ពោធ​គម្រោង​រាយ​ស៍​ថេ​ក​នេះ បាន​ថ្លែងថា នេះ​ជាការ​បោះជំហាន​មួយកម្រិត​ទៀត ក្នុង​ការជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ និង​ការកែច្នៃ​ផលិតផល​ស្រូវ​សរីរាង្គ​ទៅជា​ផលិតផល​សម្រេច សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ ជាមួយគ្នានេះ លោក វេ​ង សាខុន បាន​សង្កត់ធ្ងន់​អំពី​ស្ថានភាព​នៃ​ការប្រកួតប្រជែង​ក្នុង​វិស័យ​ស្រូវ​អង្ករ យ៉ាង​ដូច្នេះ​ថា​៖«​បច្ចុប្បន្ន ការប្រកួតប្រជែង​អង្ក​រស​ធម្មតា​នៅលើ​ទីផ្សារ​អន្តរជាតិ​មាន​ភាព​តឹងរ៉ឹង ពោលគឺ​កម្ពុជា​ពិបាក​ដណ្ដើម​ទីផ្សារ​ជាមួយ​វៀតណាម ព្រោះ​ថ្លៃដើម​ផលិត និង​នាំចេញ​របស់​យើង​ថ្លៃ​ជាងគេ ដូច្នេះ​មានតែ​ការផលិត​ស្រូវ​អង្ករ​ក្រអូប និង​អង្ករ​គុណភាព​ខ្ពស់​ដូចជា អង្ករ​សរីរាង្គ និង​អង្ករ​ស្ដង់ដារ​SRP ប៉ុណ្ណោះ​ដែល​ជួយ​ឲ្យ​អង្ករ​កម្ពុជា​ល្បី​លើ​ទីផ្សារ​អន្តរជាតិ​»​។​
 
​លោក Robert Vreeman ប្រធាន​ក្រុមហ៊ុន SanoRice មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​ជំរុញ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឲ្យ​កាន់តែ​ប្រសើរឡើង ដោយ​អនុវត្ត​វិញ្ញាបនបត្រ​ស្រូវ​សរីរាង្គ និង​វិធីសាស្ត្រ​តាមដាន​ត្រួតពិនិត្យ​តាមបែប​ទំនើប​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ដូចជា ប្លុក​ឆេន ជាដើម​។ ការចូលរួម​ពី SanoRice ក្នុង​គម្រោង​នេះ​គឺ​ការធានា​ទំហំ​ស្រូវ​នាំចេញ និង​តម្លៃ​ខ្ពស់​ដល់​កសិករ​»​។​

  
 
​លោកស្រី លឹម សូ​លីន នាយិកា​អង្គការ​អុក​ស្វា​ម ដែលជា​ដៃគូ​ក្នុង​គម្រោង​នេះដែរ​នោះ បាន​ជឿជាក់ថា​គម្រោង​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​កសិករ​។ លោកស្រី​ថ្លែង​បែបនេះ​ថា​៖«​អង្គការ​អុក​ស្វា​ម​ជឿជាក់ថា​កសិករ​ខ្នាតតូច​សម​នឹង​ទទួលបាន​ផលចំណេញ​សមរម្យ​ទៅនឹង​តម្លៃបន្ថែម​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ស្រូវ ហើយ​ទាំងនេះ​អាច​សម្រេចបាន​តាមរយៈ​ខ្សែសង្វាក់​ផលិតកម្ម​ប្រកបដោយ​បរិ​យាប​ន្ន ដែល​ជំរុញ​ដោយ​ដៃគូ​ទាំងអស់​»៕

 
 

Tag:
 ស្រូវ​អង្ករ​
  កោះ​ញែក​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com