ជាតិ
បុណ្យភ្ជុំបិណ្ឌ
ជម្លោះ មិនកើត​ឡើង​ឡើយ បើ​មនុស្ស រក្សាសីល​៥
16, Oct 2023 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​និច្ចសីល ឬ​បញ្ចសីល គឺជា​សីលធម៌​៥​ប្រការ ដែល​ព្រះពុទ្ធ​ទ្រង់​អប់រំ​មនុស្ស​ឲ្យ​រក្សាទុក​ក្នុង​ខ្លួន ដើម្បី​សុខសន្តិភាព​ក្នុង​ជីវិត​រស់នៅ​។ និច្ចសីល​នេះ គឺ​សំដៅលើ​សីលធម៌ ដែល​បុគ្គល​គ្រប់រូប​ត្រូវ​ប្រកាន់​ភ្ជាប់​ក្នុង​ខ្លួន​គ្រប់ពេល​ជានិច្ច ដោយ​មិនអាច​ខ្វះ​បាន​។​



​គ្រួសារ​មួយ សហគមន៍​មួយ ប្រទេសជាតិ​មួយ រហូតដល់​ពិភពលោក​ទាំងមូល នឹង​មិនមាន​សុខសន្តិភាព​ទេ ប្រសិនបើ​មនុស្ស ប្រាសចាក​សីលធម៌​ទាំង​៥​ប្រការ​។ សីលធម៌​៥​យ៉ាងនេះ ថ្វីដ្បិតតែ​ជា​ព្រះ​ពុទ្ធឱវាទ​ក៏ពិតមែន តែ​មិនមែន​សម្រាប់តែ​ពុទ្ធសាសនិក​នោះទេ​។ និច្ចសីល​នេះ គឺជា​សីលធម៌​សាកល​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​លោក ប្រតិបត្តិ​ដើម្បី​សុខសន្តិភាព​។
​សីលធម៌​៥​ប្រការ​នោះ គឺ​៖
 
១. មិន​សម្លាប់ មិន​បៀតបៀន​ជីវិត​អ្នកដទៃ​
​ចៀសវាង​ដាច់ខាត​ពី​ការកាប់សម្លាប់ ជិះជាន់ បៀតបៀន​ជីវិត​អ្នកដទៃ​។​ជីវិត​យើង​គ្រប់រូប​កើតមក​តែងតែ​ប្រាថ្នា​ចង់​រស់នៅក្នុង​ភាពសុខសាន្ត​និង​ការជួបជុំ​គ្រួសារ​។ គ្មាន​អ្នកណាម្នាក់​ចង់​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ត្រូវ​បាត់បង់​ជីវិត និរាស​ព្រាត់ប្រាស់​ពី​ខ្លួន ដោយសារ​ការជិះជាន់ ការ​បៀតបៀន ការ​គម្រាមកំហែង និង​កាប់សម្លាប់​ពី​អ្នកដទៃ​នោះទេ​។​
 
២. មិន​លួច​ឆក់​ទ្រព្យ​អ្នកដទៃ​
​ត្រូវ​វៀរចាក​ពី​ការ​លួច​ឆក់​ទ្រព្យសម្បត្តិ មាស ប្រាក់​ដែលមាន​ម្ចាស់​ថែរក្សា​។​មិនត្រូវ​សម្លុត​គម្រាមកំហែង ឬ​បង្ខិតបង្ខំ​ដើម្បី​អូស​យក​ដី​ផ្ទះសម្បែង​របស់គេ​នោះទេ​។ ម្យ៉ាងទៀត ជា​ជាតិ​សាសន៍​ថ្លៃថ្នូរ មិនត្រូវ​ប្រើ​កលល្បិច ដើម្បី​ឈ្លានពាន វាតទី​ទឹកដី​ជាតិ​សាសន៍​ដទៃ​នោះដែរ ព្រោះ​វា​ជាហេតុ​នាំ​ឲ្យ​កើតសង្គ្រាម ដែល​នាំមក​នូវ​វិនាសកម្ម​ដល់​មនុស្សជាតិ​។​
 
៣. មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទៅលើ​កូន​និង​ប្រពន្ធ​របស់​អ្នក​ទៃ​
​ហាម​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​កាម​លើ​សាច់ញាតិ​អ្នកដទៃ​។ យើង​ស្រលាញ់​ហួងហែង​កូន ប្រពន្ធ ប្តី​សាច់ញាតិ និង​មនុស្ស​ដែល​យើង​ស្រលាញ់​យ៉ាងណា អ្នកដទៃ​គេ​ក៏​ស្រលាញ់​ហួងហែង​កូន​ប្រពន្ធ ប្តី សាច់ញាតិ និង​មនុស្ស​ដែល​គេ​ស្រលាញ់​យ៉ាងនោះ​ដែរ ។ ទាំង​យើង​ទាំង​គេ តែងតែ​ប្រាថ្នា​ចង់​ឲ្យ​ស្វាមីភរិយា បុត្រា បុត្រី រស់នៅ​ដោយ​សុភមង្គល មិន​ចង់​ឲ្យ​អ្នកណាម្នាក់​មក​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង រំលោភបំពាន​លើ​ក្រុមគ្រួសារ​ខ្លួន​នោះទេ​។​
 
៤. មិន​ភូតកុហក​អ្នកដទៃ​
​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ពាក្យ​សច្ចៈ ដោយ​ចៀសវាង​ការ​កុហក​បោកប្រាស់​អ្នកដទៃ​។ ការនិយាយ​កុហក​ជាហេតុ​នាំមក​នូវ​ការបាត់បង់​តម្លៃ​របស់ខ្លួន​។ កុហក​គេ​ម្តង គេ​លែង​ជឿ​មួយជីវិត​។ ពេល​អ្នក​កុហក​បោកប្រាស់​គេ គេ​អាច​នឹង​អធ្យាស្រ័យ​ឲ្យ​អ្នក តែ​គេ​នឹងមិន​ភ្លេច​ពី​ទង្វើ​បោកប្រាស់ និង​ពាក្យ​កុហក​របស់​អ្នក​ទេ​។ ការ​កុហក​អាច​នាំ​ឲ្យ​មនុស្ស​កើតការ​សង្ស័យ​គ្នា​គ្រប់ពេលវេលា​។​
 
៥. មិន​សេព​គ្រឿងញៀន​និង​គ្រឿង​ស្រវឹង​

​ហាម​ផឹកទឹក​ស្រវឹង​និង​សេព​គ្រឿងញៀន​។ ការទទួល​គ្រឿង​ស្រវឹង និង​ជក់​គ្រឿងញៀន ជាហេតុ​នាំ​ឲ្យ​ស្មារតី​ប្រែប្រួល​ដែល​អាច​បណ្តាល​ឲ្យ ប្រព្រឹត្ត​អំពើ​អកុសល និង​ទង្វើ​មិន​គប្បី​ផ្សេងៗ ។ ម្យ៉ាងទៀត​គ្រឿងញៀន​ក្តី​ឬ​គ្រឿង​ស្រវឹង​ក្តី អាច​បណ្តាល​ឲ្យ​បញ្ញា និង​ការចងចាំ​ធ្លាក់ចុះ ហើយក៏​អាច​ឲ្យ​បាត់បង់​នូវ​សតិសម្បជញ្ញៈ​ទៀង​ផង​។​
 
​អ្នក​គប្បី​ប្រកាន់ខ្ជាប់​ឲ្យ​បាន​នូវ​សីលធម៌​ទាំង​ប្រាំ​ប្រការនេះ ដោយ​ចៀសវាង​ការប្រព្រឹត្ត​អំពើ​បាប​ណាមួយ​ទៅលើ​អ្នកដទៃ​។ រស់នៅ ដោយ​មិន​សម្លាប់​, មិន​បៀតបៀន​, មិន​ឈ្នានីស​, មិន​ជិះ​ជាន់គ្នា​, មិន​ប្រាថ្នា​ទ្រព្យ​អ្នកដទៃ​, មិន​ប្រព្រឹត្ត​អំពើ​ថោកទាប​លើ​កូន​ប្រពន្ធ​អ្នកផង​ទាំងពួង​, មិន​កុហក​បោកប្រាស់ បោក​បញ្ឆោត​គេ នោះ​សហគមន៍​មួយ ប្រទេសជាតិ​មួយ រហូតដល់​ពិភពលោក​ទាំងមូល ច្បាស់​ជា​មិនមាន​ជម្លោះ មិន​បង្កចលាចល ឬ​សង្គ្រាម​ឡើយ​៕


Tag:
 ភ្ជុំបិណ្ឌ​
  សីល​៥
© រក្សាសិទ្ធិដោយ thmeythmey.com