ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
បុគ្គលិក​សន្តិសុខ នឹក​ផ្ទះ នឹក​កូន នឹក​ភរិយា​ដែរ ប៉ុន្តែ​ត្រូវ​យាម​ពេល​ភ្ជុំ​!
27, Sep 2019 , 12:29 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកធ្វើការ​ជា​សន្តិសុខ​ដែល​មិនបាន​ឈប់សម្រាក​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ ចង់ទៅ​ជួប​មុខ​ប្រពន្ធ​កូន​របស់ខ្លួន​នៅ​ស្រុកកំណើត​។ ប៉ុន្តែ​ក្រុមហ៊ុន​សន្ដិសុខ​មួយចំនួន​មិនបាន​អនុញ្ញាត​ច្បាប់​ឱ្យ​ពួកគេ​ឡើយ បើទោះបី​ពួកគេ​មិនបាន​ឈប់​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ទៅហើយនោះ​។ តែ​ទោះជា​យ៉ាងណា​ក៏មាន​ក្រុមហ៊ុន​សន្តិសុខ​ខ្លះ បានអនុញ្ញាត​ច្បាប់​ឱ្យ​បុគ្គលិក​ឈប់​ឆ្លាស់គ្នា ដើម្បី​បាន​ទៅ​ជួបជុំ​ញាតិមិត្ត​ដែរ​។



​អង្គុយ​នៅ​មាត់ទ្វារ​បន្ទប់​សម្រាន្ត​ក្បែរ​កន្លែង​យាម​ម៉ូតូ បុរស​ជា​សន្តិសុខ​ម្នាក់​ហាក់​មាន​អារម្មណ៍​តប់ប្រមល់ ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន​។ សុំ​មិន​បញ្ចេញ​ឈ្មោះ បុរស​សម្បុរ​ស្រអែម រង្វង់​ភ្នែក​ស្អាត​ដូចជា​ភ្នែក​កូន​ឆ្មា​រូបនេះ មិន​ត្រូវបាន​ក្រុមហ៊ុន​អនុញ្ញាត​ច្បាប់​ឱ្យ​ឈប់សម្រាក​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ឡើយ​។



​ងើបមុខ​ឡើង​បន្តិច​ក្រោយពី​ឱន​មុខ​ចុះ​យ៉ាងយូរ ធ្វើឱ្យឃើញ​គ្រាប់ភ្នែក​រាង​ក្រហម​បន្តិច​ដោយ​ការមើល​ទូរ​សព្ទ​ច្រើន អ្នក​មកពី​ខេត្តកំពង់ចាម​រូបនេះ​ប្រាប់​ពី​ស្ថានភាព​ការងារ​របស់ខ្លួន​៖«​ខ្ញុំ​ធ្វើការ​រាល់ថ្ងៃ​គឺ​គ្មាន​ថ្ងៃ​ឈប់សម្រាក​ទេ ហើយ​ខ្ញុំ​ធ្វើការ​២​វេន ដូច្នេះ​ខ្ញុំ​នៅ​កន្លែងធ្វើការ​ពេញ​២៤​ម៉ោង​។ ពីមុន​ក្រុមហ៊ុន​មានច្បាប់​ឱ្យ​បុគ្គលិក​ឈប់សម្រាក ប៉ុន្តែ​ឥឡូវ​គេ​បិទ​ច្បាប់​ហើយ ដូច្នេះ​ខ្ញុំ​មិនអាច​សុំច្បាប់​បានទេ​»​។

​ឱន​មុខជ្រប់​មើល​រូបថត​ប្រពន្ធ​និង​កូន​ក្នុង​ទូរ​សព្ទ ក្នុង​សភាព​ហាក់​គ្មាន​កម្លាំង​ក្នុង​ខ្លួន និង​មានទុក្ខ​កង្វល់ បុរស​កូន​ពីរ​រូបនេះ​ត្អូញត្អែរថា​៖«​បើ​ខ្ញុំ​ឈប់​មានច្បាប់​គេ​កាត់​ប្រាក់​តាម​ថ្ងៃ​ដែល​ខ្ញុំ​ឈប់ ប៉ុន្តែ​បើ​ខ្ញុំ​ឈប់​មិនមាន​ច្បាប់​គេ​នឹង​កាត់​ប្រាក់​របស់ខ្ញុំ​គុណ​នឹង​២​។ អ្នកណា​មិន​ចង់ទៅ​ផ្ទះ​ពេល​បុណ្យ តែបើ​គេ​មិនឱ្យ​ច្បាប់​ទៅ​ម៉េច​កើត​។ ធ្វើការ​រាល់ថ្ងៃ​អត់​មាន​ថ្ងៃ​ឈប់ ក៏​មិនមាន​បញ្ហា​ទេ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ថ្ងៃបុណ្យ​ធំៗ​ដូចជា​ចូលឆ្នាំ​ឬ​ភ្ជុំ ខ្ញុំ​ចង់​ឈប់​ទៅ​ជួបជុំ​គ្រួសារ​ខ្ញុំ​ដែរ​»​។​

​ពេល​សួរថា​ហេតុអ្វី​មិន​ទៅរក​ការងារ​ដែល​ប្រសើរ​ជាង​នេះ បុរស​រាង​ទាប​ទ្រនាប់​រូបនេះ ឆ្លើយ​បែប​អស់សង្ឃឹម​៖«​ខ្ញុំ​មិន​ចង់ទៅ​ធ្វើការ​ឯណា​ទៀត​ទេ​។ ខ្ញុំ​ធ្លាប់​បរាជ័យ ខ្ញុំ​ធ្លាប់​រកស៊ី​ខាត ដូច្នេះ​ពេលនេះ​ខ្ញុំ​គិត​អ្វី​មិន​ចេញ​ទាំងអស់​»​។

​មាន​ស្ថាន​ភាពប្រសើរ​ជាង​សន្តិសុខ​ខាងលើ​បន្តិច លោក ឈើ​យ ហៀ​ង វ័យ​៥៥​ឆ្នាំ មានច្បាប់​ឈប់សម្រាក​ថ្ងៃ​ភ្ជុំបិណ្ឌ​ចំនួន​៣​ថ្ងៃ​។ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​កាត់​ប្រាក់ខែ​របស់លោក​នៅ​ថ្ងៃ​ឈប់​នោះដែរ ព្រោះតែ​លោក​មិនបាន​ធ្វើការ​។ តែ​ទោះជា​យ៉ាងណា លោក ហៀ​ង មិនមាន​អារម្មណ៍​ល្អក់កករ​ឡើយ​។

​លោក​ប្រាប់​ពី​អារម្មណ៍​របស់ខ្លួន​៖«​ខ្ញុំ​មាន​អារម្មណ៍​ធម្មតា​។ យើង​មក​ធ្វើការ​ទើប​យើង​បាន​លុយ ដូច្នេះ​បើ​យើង​ឈប់សម្រាក​ប៉ុន្មាន​ថ្ងៃ គេ​ក៏​កាត់លុយ​យើង​ទៅតាម​ថ្ងៃ​នោះដែរ​។ ពេល​មានបុណ្យ​បែបនេះ​ទាល់តែ​យើង​សុំច្បាប់​ទើបបាន​ឈប់​។ ហើយ​យើង​មិនអាច​ឈប់​ច្រើន​ថ្ងៃ​បានទេ ព្រោះ​កន្លែង​ការងារ​មិនមាន​កម្លាំង​ធ្វើការ​។ បើ​ខ្ញុំ​ធ្វើការ​ចំ​ថ្ងៃបុណ្យ​គេ​ថែម​ប្រាក់​ឱ្យ​ខ្ញុំ​គុណ​នឹង​២»​។​

​ធ្វើការ​២​វេន​ក្នុង​មួយថ្ងៃ​លោក ហៀ​ង សម្រាន្ត​នៅ​កន្លែងធ្វើការ​តែម្ដង គឺ​នៅក្រោម​សំ​យ៉ាង​ផ្ទះល្វែង​ដែលជា​កន្លែង​លក់​សំបុត្រ​យន្តហោះ ដោយ​គ្រាន់​តែមាន​ប៉ៅ​អី​១​ខ្នើយកើយ​១​និង​ភួយ​១​ប៉ុណ្ណោះ​៖«​ខ្ញុំ​ធ្វើការ​មួយ​វេន​បាន​១៥០​ដុល្លារ ហើយ​ខ្ញុំ​ធ្វើ​២​វេន​បាន​៣០០​ដុល្លារ​។ ប្រាក់ខែ​បាន​តិច​ខ្ញុំ​មិនអាច​ជួល​ផ្ទះ​បានទេ​។ ម្យ៉ាង​ខ្ញុំ​ធ្វើការ​២​វេន ដូច្នេះ​ខ្ញុំ​សម្រាក​នៅ​កន្លែងធ្វើការ​តែម្ដងទៅ​»​។ 

​បុរស​ដែលមាន​ឪពុក​និង​ម្ដាយ​មាន​អាយុ​ជាង​៨០​ឆ្នាំ​រូបនេះ បាន​ផ្ញើ​ប្រាក់​ទៅជូន​អ្នកមានគុណ​រួចជាស្រេច​ហើយ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ​ដើម្បីឱ្យ​ពួកគាត់​បានធ្វើ​បុណ្យ​។ បើទោះបី​មិនមាន​ពេល​ឈប់សម្រាក​ក្ដី ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​ដែល​លោក​យាម បានអនុញ្ញាត​ឱ្យ​លោក​ឆ្លៀត​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​រយៈពេល​២​ម៉ោង​ដែរ នៅ​ថ្ងៃ​ធ្វើការ​ធម្មតា​។

«​អ្នកធ្វើការ​នៅទីនេះ​ដូចជា​គ្រួសារ​ខ្ញុំ​ដែរ ពេល​គេ​មក​ធ្វើការ​ខ្ញុំ​ក៏​សប្បាយចិត្ត​។ ថៅកែ​នៅទីនេះ គាត់​ចិត្តល្អ គាត់​ឱ្យ​ខ្ញុំ​សម្រាក​២​ម៉ោង​យក​ច​ង្ហា​ត់ទៅ​វត្ត​ដែល​នៅ​ជិតៗ​នេះ​។ ហើយ​បុគ្គលិក​នៅទីនេះ គាត់​ធ្វើ​បាយ​ម្ហូប​យកមក​ជូន​ខ្ញុំ​ឱ្យ​យកទៅ​វត្ត ហើយ​បាយ​ម្ហូប​សម្រាប់​ឱ្យ​ខ្ញុំ​ហូប​មាន​ផ្សេងទៀត​»​។  

​មក​មើ​លពី​ស្ថានភាព​ការងារ​របស់​សន្តិសុខ​មួយរូប​ទៀត ដែល​ហាក់​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​សន្តិសុខ​ទាំង​២​នាក់​ខាងលើ​។ ឈរ​នៅក្នុង​បរិវេន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​លោក វង់ ឆា​រ៉ា​ន់ អាយុ​៣៩​ឆ្នាំ បាន​ឈប់សម្រាក​ថ្ងៃ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ​ដោយ​មិនមាន​ការ​កាត់​ប្រាក់ខែ​ឡើយ​។ លោក​ត្រូវ​សម្រាក​ពីថ្ងៃ​ទី​២៤​ដល់​ថ្ងៃទី​២៦​ខែកញ្ញា​នេះ ហើយ​ចូល​បំពេញការងារ​នៅ​ថ្ងៃទី​២៧​វិញ​។ លោក​ក៏​ទទួលបាន​ប្រាក់​គុណ​នឹង​២ សម្រាប់​ការធ្វើការ​នៅ​ថ្ងៃបុណ្យ​ដែរ​។

«​ខ្ញុំ​សរសើរ​ក្រុមហ៊ុន​នេះ​គេ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​។ នៅទីនេះ​យើង​ធ្វើការ​មួយ​សប្ដាហ៍​ពេញ​ក៏ពិតមែន ប៉ុន្តែ​បើសិនជា​យើង​ឈឺ ឬ​យើង​ត្រូវ​ទៅ​ការ​មិត្ត​ភ័ក្ដិ ឬ​យើង​មាន​រវល់​អ្វី យើង​សុំច្បាប់​គេ​មិន​កាត់​ប្រាក់ខែ​យើង​ទេ​។ ហើយ​ក្រុមហ៊ុន​នេះ​ឱ្យ​លុយ​បុគ្គលិក​ខ្ចី​មួយខែ​២​ដង បើសិនជា​យើង​ត្រូវការ​លុយ​ចាំបាច់​ដោះស្រាយ​បញ្ហា ដល់ពេល​បើកប្រាក់​ខែ​គេ​កាត់​យក​វិញ​»​។​

​រដូវ​ភ្ជុំបិណ្ឌ​ខ្មែរ​មានជំនឿថា យមបាល​នឹង​ដោះលែង​ប្រេត​ឱ្យ​មកជួប​កូនចៅ​ដែល​នៅរស់ ព្រមទាំង​មក​ទទួល​អាហារ​ភោជន​ដែល​កូនចៅ​បាន​ឧទ្ទិស​ឱ្យ​។ ប៉ុន្តែ​បែរមក​មនុស្ស​វិញ ដោយសារ​លក្ខខណ្ឌ​ការងារ ធ្វើឱ្យ​ពួកគេ​មិនបាន​ទៅ​ស្រុក​ជួប​ប្រពន្ធ​កូន​និង​មាតាបិតា​៕

Tag:
 សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com