អន្តរជាតិ
អ្នកក្រនៅហ្វីលីពីន រើសអាហារគេបោះចោលពីគំនរសំរាមមកបរិភោគបន្ត
× ជីវិតនៅតំបន់អនាធិបតេយ្យនៃទីក្រុងម៉ានីល អាចជាការពិបាកខ្លាំង ហើយការរកចំណីអាហារសម្រាប់ទទួលទានជារៀងរាល់ថ្ងៃ ក៏ជាបញ្ហាប្រឈមដ៏ធំមួយផងដែរ។ ហេតុនេះហើយធ្វើឲ្យ «ផាងផាង ឬ Pagpag» ពេញនិយមខ្លាំង។ ពាក្យនេះសំដៅលើ សាច់ដែលរើសចេញពីគំនរសំរាម សម្អាត និងចម្អិនម្តងទៀតទៅជាម្ហូបអាហារដែលមានតម្លៃទាប។
បច្ចុប្បន្ន Pagpag បានក្លាយជាអាជីវកម្មដែលរកប្រាក់ចំណេញច្រើនគួរសម ព្រោះថា ម្ចាស់ហាងអាហារខ្នាតតូចជាច្រើនក្នុងប្រទេសហ្វីលីពីន ជាពិសេសក្នុងតំបន់អនាធិបតេយ្យ នាំគ្នាទិញសាច់ទាំងនោះពីអ្នកដើររើស ។ សាច់ Pagpag មួយថង់ ជាធម្មតា លក់ក្នុងតម្លៃ ២០ ប៉េសូ (០,៥០ដុល្លារ) ហើយបរិមាណសាច់នេះ គ្រប់គ្រាន់សម្រាប់ម្ចាស់ហាងអាហារ នៅតំបន់អនាធិបតេយ្យចម្អិនម្ហូបបាន៤ទៅ៥ចាន។ ហើយក្នុងមួយចាន ពួកគេ អាចលក់ក្នុងតម្លៃ ១០ប៉េសូ (០,២៥ដុល្លារ)។
មុនពេលចម្អិនសាច់ម្តងទៀត វាត្រូវលាងសម្អាតជាមុនសិនដើម្បីយកសំរាមចេញ ហើយឆ្អឹងក៏ត្រូវបានយកចេញផងដែរ។ បន្ទាប់មក វាផ្សំជាមួយគ្រឿងទេស បន្លែ និងទឹកម្ទេស ហើយដាក់ឲ្យអតិថិជនបរិភោគ។
ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ប្រជាជនម្នាក់ដែលរស់នៅតំបន់អានាធិបតេយ្យនៅទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន និយាយថា៖ «ដោយប្រើជីវិតរស់នៅបែបនេះ វាជួយយើងបានច្រើន ព្រោះថាពេលទិញសាច់តែមួយថង់ ដែលមានតម្លៃត្រឹមតែ ពីរ ឬបីប៉េសូ អ្នកអាចចិញ្ចឹមគ្រួសារមួយទាំងមូលរួចទៅហើយ»។
ទោះបីជាសាច់បែបនេះត្រូវបានបរិភោគដោយមនុស្សម្នាក់ទៀត មុនពេលត្រូវបានគេបោះបង់ចោលក៏ដោយ ប្រជាជនក្រីក្រហ្វីលីពីនខ្លះ ជឿថា វាមានសុវត្ថិភាពក្នុងការបរិភោគ ព្រោះវាត្រូវលាងមុនពេលយកទៅចម្អិនជាថ្មី។ អ្នកខ្លះ ថែមទាំងចាត់ទុកវាថា ឈ្ងុយឆ្ងាញ់ និងមានសារធាតុចិញ្ចឹមទៀតផង។ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពក្នុងប្រទេសនេះ ចាត់ទុកវាជាហានិភ័យសុខភាពដ៏ធំមួយ ដូចជា ជំងឺរលាកថ្លើម, គ្រុនពោះវៀន, រាករូស និងអាសន្នរោគជាដើម៕
ប្រភពវីដេអូ BBC :
Tag:
ហ្វីលីពីន
អ្នកក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com