ជាតិ
បុណ្យភ្ជុំបិណ្ឌ
ឈ្វេងយល់​អំពី​ភ្ជុំបិណ្ឌ​
27, Sep 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ផ្សេងទៀត​។ ពិធី​នេះ មាន​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភ​ទ្រ​បុត្រ​។​



​ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច គេ​ហៅថា ថ្ងៃ​ដាក់​បិណ្ឌ ឬ​ថ្ងៃ​កាន់បិណ្ឌ​។ ចំណែក ថ្ងៃ​១៥​រោច គេ​ហៅថា ថ្ងៃ​ភ្ជុំបិណ្ឌ ឬ​ភ្ជុំ​ធំ  ដែល​មានន័យថា ថ្ងៃ​ជួបជុំគ្នា​ចុងក្រោយ នៃ​ពី​ធី​បុណ្យកាន់បិណ្ឌ​។​
 
​បិណ្ឌ មានន័យថា ដុំ​បាយ ឬ​ពំនូត​បាយ​តូចៗ ដែល​គេ​ដាំ​ពី​អង្ករដំណើប ឬ​អង្ករខ្សាយ មាន​លាយ​សណ្តែកក្រហម សណ្តែក​ស ឬ​សណ្តែកខ្មៅ ទៅតាម​តំបន់ ឬ​អ្នក​និយម ហើយ​គេ​ពូត​ជា​ដុំ​តូចៗ សម្រាប់​បោះ​នៅតាម​កៀន​ព្រះវិហារ​នៅ​ទៀបភ្លឺ​ពេល ដែល​គេ​ជឿថា ប្រេត ឬ​អសុរកាយ នឹង​មក​ទទួល​នៅ​ទីនោះ​។​
 
​ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាប្រចាំ​រៀងរាល់ឆ្នាំ តាំងពី​បុរាណកាល​មក​។ ប៉ុន្តែ​ពិធីបុណ្យ​នេះ ក៏ដូចជា​ពិធីបុណ្យ​ដទៃទៀត​ដែរ មិន​ត្រូវបាន​រដ្ឋាភិបាល នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ អនុញ្ញាត​ឲ្យ​ប្រារព្ធ​ឡើយ ចាប់ពី​ឆ្នាំ​១៩៧៥ រហូតដល់​ឆ្នាំ​១៩៧៩​។ ក្រោយពី​របប​ខ្មែរក្រហម​ដួលរលំ​ទៅវិញ ទើប​រដ្ឋាភិបាល​ថ្មី អនុញ្ញាត​ឲ្យ​ប្រារព្ធ​ធ្វើតាម​ទំនៀមទម្លាប់ ប្រពៃណី​ឡើងវិញ​។​
 
​ឯកសារ​កត់ត្រា​ពី​ប្រវត្តិ​បុណ្យ​របស់​ខ្មែរ បង្ហាញថា ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​បួងសួង ឧទ្ទិស​មគ្គផល កុសលផល​បុណ្យ ទៅដល់​ពពួក​ប្រែ​ត​អសុរកាយ​។ ប្រជាពលរដ្ឋ មានជំនឿថា អ្នកមានគុណ បុព្វការី​ជន ឬ​សាច់ញាតិ​របស់​ពួកគេ​ទាំងអស់ ដែល​បាន​សាង​បាប​កាលពី​នៅមាន​ជីវិត​រស់នៅ ហើយ​ពេល​ចែក​ឋាន​ទៅ មិនដឹង​ចាប់ជាតិ​ជា​អ្វី ឬ​មាន​បាប​ទៅ​កើតជា​ប្រេត នឹង​ឡើងមក​ទទួល​កុសលផល​បុណ្យ​នេះ ពី​ពួកគេ នៅពេល​ពពួក​ប្រេត​ទាំងនោះ ត្រូវបាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​រយៈពេល​១៥​ថ្ងៃ​។​
 
​ពី​បុរាណកាល​មក គេ​និយម​ប្រារព្ធ​ពិធីបុណ្យ​នេះ រយៈពេល​៣​ខែ គឺ​ចាប់​ពីថ្ងៃ​ចូល​ព្រះវស្សា រហូតដល់​ថ្ងៃ​ចេញ​ព្រះវស្សា​តែម្តង​។ តែ​ក្រោយមក បុព្វបុរស​ខ្មែរ ជាពិសេស​ព្រះបាទ​អង្គ​ដួង ដោយ​ឈ្វេង​យល់ថា ការរក​ចង្ហាន់​របស់​ប្រជារាស្ត្រ មក​ប្រគេន​ព្រះសង្ឃ មានការ​លំបាក និង​មិនសូវ​បានល្អ  ទើប​ព្រះអង្គ បាន​កាត់បន្ថយ​មក​ត្រឹម​១៥​ថ្ងៃ​វិញ​៕


Tag:
 ​ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com