ជាតិ
ការបាត់បង់​គុណភាព​ទឹក និង​លំហូរ​ទឹក គឺជា​កត្តា​គំរាមកំហែង​ចម្បង​ចំពោះ​ត្រី​ប្រា​ធំ​
27, Sep 2019 , 5:59 pm        
រូបភាព
 អ្នកលក់​ត្រី​កំពុង​កាត់​ត្រី​ប្រា​ធំ ជា​កង់ៗ នៅក្នុង​ផ្សារ​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្នុង​ឆ្នាំ​២០១៨​។  រូបភាព​៖ ឈុត ឈា​ណា​
អ្នកលក់​ត្រី​កំពុង​កាត់​ត្រី​ប្រា​ធំ ជា​កង់ៗ នៅក្នុង​ផ្សារ​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្នុង​ឆ្នាំ​២០១៨​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​ត្រី​ប្រា​ធំ ជា​ប្រភេទ​ត្រី​ទឹកសាប ដែលមាន​រស់នៅក្នុង​ទន្លេ​គ​ង្គ បឹង​ធំៗ ហើយក៏​ជា​ត្រី​ដែល​គេ​និយម​ចិញ្ចឹម​ក្នុង​ស្រះ​ផងដែរ​។ វា​មានឈ្មោះ​វិទ្យាសាស្ត្រ (Pangasianodon hypophthalmus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Striped catfish មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៣០ ស​.​ម និង​ទម្ងន់​អតិបរមា ៤៤.០ គីឡូក្រាម​។ ជា​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ផ្លូវ​ឆ្ងាយ ត្រី​ប្រា​ធំ ចាក​ចេញពី​ទីកន្លែង​ដែល​វា​រស់នៅ​ផ្សេងៗ ចូលទៅក្នុង​ទន្លេមេគង្គ​លើ ដើម្បី​ទៅ​ពង​-​កូន ចាប់ពី​ខែឧសភា ដល់​ខែកក្កដា ហើយ​វិញ​ត្រឡប់​ចូលទៅ​ទីជម្រក​ដើម​វិញ​ពេល​ទឹក​ស្រក ចាប់ពី​ខែកញ្ញា ដល់​ខែធ្នូ​។​



​នៅ​ភាគខាងត្បូង​នៃ​ល្បាក់ខោន​ក្នុង​ខេត្តស្ទឹងត្រែង ត្រី​ប្រា​ធំ ធ្វើចរាចរ​ផ្លាស់​ទី​ចាប់ពី​ខែតុលា ដល់​ខែកុម្ភៈ និង​ក្នុង​ចំនួន​ដ៏​ច្រើន​នា​ខែវិច្ឆិកា និង​ខែធ្នូ​។ នៅ​ខ្សែទឹក​ខាងក្រោម វា​ធ្វើចរាចរ​ផ្លាស់​ទី​ចាប់ពី​ខែឧសភា ដល់​ខែសីហា ដោយ​ចាក​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តកណ្តាល ឆ្ពោះទៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្នុងប្រទេស​វៀតណាម​។ កូន​ត្រី​ប្រា​ធំ​មួយចំនួន បាន​ចូលទៅក្នុង​តំបន់​វាលទំនាប​លិច​ទឹក ពិសេស​ក្នុង​បឹង​ទន្លេសាប និង​មួយចំនួនទៀត ទៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្នុងប្រទេស​វៀតណាម​។ វា​ស៊ី​កំពឹស ក្តាម កាកសំណល់​រុក្ខជាតិ និង​ត្រី​ជា​អាហារ​។

​លក្ខណៈ​សម្គាល់​៖ មាន​ព្រុយ​ពណ៌​ប្រផេះ ឬ​ខ្មៅ​, ព្រុយ​ខ្នង​មាន​ទ្រនង់ ៦, ស្និត​ស្រកី​អភិវឌ្ឍ​ធម្មតា​, ត្រី​ប្រា​ធំ​នៅ​តូច​មាន​ឆ្នូត​ខ្មៅ​មួយ​តាម​បណ្តោយ​ដងខ្លួន និង​ឆ្នូត​ខ្មៅ​មួយទៀត​ស្ថិតនៅ​ខាងក្រោម​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន​, ធំ​ពេញវ័យ​ប្តូរ​ទៅ​ពណ៌​ប្រផេះ​។ មាន​ឆ្នូត​ពណ៌​ខ្មៅ​នៅចាំ​ពាកកណ្តាល​ព្រុយ​គូទ​, មាន​ឆ្នូត​ខ្មៅ​នៅ​ព្រុយ​កន្ទុយ​។​

​ត្រី​ប្រា​ធំ ត្រូវបាន​ចាត់​ចូលក្នុង​ចំណាត់ថ្នាក់​ជា​ប្រភេទ​ត្រី «​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​» ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្នុង​បញ្ជី​ក្រហម IUCN Red List (Endangered) ក្នុង​ឆ្នាំ ២០១១​។ កត្តា​គំរាមកំហែង​ចំពោះ​ពួកវា​មានដូចជា​៖ ការនេសាទ​ហួស​កម្រិត​, ការបាត់បង់​ទីជម្រក​។ ការបាត់បង់​គុណភាព​ទឹក និង​លំហូរ​ទឹក គឺជា​កត្តា​គំរាមកំហែង​ចម្បង​ធំជាងគេ​។ ត្រី​ប្រា​ធំ ហាក់​ពឹង​ផ្អែកលើ​លំហូរ​ទឹក ឬ​គុណភាព​ទឹក ដើម្បី​ជា​ជំនួយ​ដល់​ការផ្លាស់​ទី និង​ពង​-​កូន ព្រមទាំង​ជួយ​បំបែក​កូនតូចៗ​របស់​វា ឲ្យ​ចូល​ទៅតាម​តំបន់​វាលទំនាប​លិច​ទឹក​នានា​ផងដែរ​។ ផែនការ​ទៅ​ថ្ងៃ​អនាគត នៃ​ការសាងសង់​ទំនប់​វារិ​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ អាចជា​ផល​រំខាន​ដល់​វដ្ត​ជីវិត​របស់​ពួកវា​។ នៅ​ប្រទេស​កម្ពុជា ដង់ស៊ីតេ​ត្រី​ប្រា​ធំ​ក្នុង​ធម្មជាតិ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​៕

© រក្សាសិទ្ធិដោយ thmeythmey.com