អន្តរជាតិ
លោក លី សៀន​ឡុង ធ្លាប់​ប្រឡូក​ខាង​យោធា​ជាង​១០​ឆ្នាំ មុន​ឈាន​ជើង​ចូលក្នុង​ឆាកនយោបាយ​
27, Sep 2019 , 8:59 am        
រូបភាព
ដោយ:
ក្រោយពី​ចូល​បម្រើការ​ក្នុង​កងកម្លាំងប្រដាប់អាវុធ​សិង្ហ​បុរី (SAF) អស់​រយៈពេល​ជាង​១​ទសវត្សរ៍ លោក លី សៀន​ឡុង ត្រូវបាន​ជ្រើសរើស​ជា​សមាជិកសភា​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៨៤ ដោយ​ឈ្នះ​សំឡេង​បោះឆ្នោត​ជាង​៨០​ភាគរយ​។ ៦​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ខែតុលា ឆ្នាំ​១៩៩០ លោក លី បាន​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី និង​ចុងក្រោយ ក្លាយជា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ចាប់តាំងពី​២០០៤ មកដល់​ពេលបច្ចុប្បន្ន​។​



​កើត​ក្នុងប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​១៩៥២​លោក លី សៀន​ឡុង ជា​កូនប្រុស​ច្បង​របស់​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ក្វាង​យូ ស្ថាបនិក​សិង្ហ​បុរី​ទំនើប​។ លោក លី បាន​រៀបការ​ភរិយា​ទីមួយ គឺ​លោកស្រី Wong Ming Yang ក្នុង​ឆ្នាំ​១៩៧៨ និង​បាន​លែងលះគ្នា​វិញ​ក្នុង​ឆ្នាំ​១៩៨២​។ ភរិយា​ទី​២​របស់លោក ឈ្មោះថា Ho Ching បានចាប់ផ្តើម​រួមរស់​ជាមួយគ្នា ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក​។ លោក លី ដែល​បច្ចុប្បន្ន​មាន​អាយុ ៦៧​ឆ្នាំ មានកូនៗ​៤​នាក់ ដែល​ក្នុងនោះ កូនស្រី​ម្នាក់ និង​ប្រុស​៣​នាក់​។​

​ស្ថិតក្នុង​វ័យ​សិក្សា លោក លី មាន​ប្រវត្តិ​ជា​សិស្ស​ពូកែ​ម្នាក់​។ លោក លី សៀន​ឡុង ទទួលបាន​ការអប់រំ​កម្រិត​ថ្នាក់បឋមសិក្សា និង​អនុវិទ្យាល័យ នៅ​សាលា Catholic High School ដែល​តម្រូវ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ចេះ​ច្បា​ស់ទាំង​ភាសា​អង់គ្លេស និង​ចិន (Mandarin) ។ បន្ថែម​ពី​ភាសា​ទាំងពីរ​នេះ លោក លី ក៏​ចេះ​ស្ទាត់​ភាសា​ម៉ា​ឡេ និង​រុស្ស៊ី​ផងដែរ​។​

​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ លោក លី សៀន​ឡុង បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​កំពូល​របស់​អង់គ្លេស Cambridge ដោយ​ជ្រើសរើស​មុខជំនាញ​គណិត​វិទ្យា​។ ក្នុង​ឆ្នាំ​១៩៧៤ លោក លី បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នេះ ដោយបាន​ជាប់​ជា​និស្សិត​ឆ្នើម (First-Class Honors) ហើយក៏ ទទួលបាន​សញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ នៅ​សាលា​ដដែល​នេះ​ទៀតផង​។​


(លោក លី សៀនឡុង កាលពេលបញ្ចប់ការសិក្សា នៅសាលា Cambridge)

៤​ឆ្នាំក្រោយ ពោលគឺ​នៅ​ឆ្នាំ​១៩៧៨ លោក លី បាន​ចូល​ហ្វឹកហ្វឺន​ជា​និស្សិត​នាយទាហាន​នៅ​សាលា​បញ្ជាការ​និង​សេនាធិការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក Fort Leavenworth ។ ក្រោយ​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​រយៈពេល​១​ឆ្នាំ​មក លោក លី ទទួលបាន​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ ពី​សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​១៩៨០ ។​

​មុននឹង​ឈាន​ជើង​ចូល​ឆាកនយោបាយ លោក លី សៀន​ឡុង បាន​ចូល​បម្រើ​យោធា​សិង្ហ​បុរី​អស់​រយៈពេល​ជាង​១០​ឆ្នាំ និង​ចុងក្រោយ បានសម្រេច​ចូលនិវត្តន៍​ក្នុងឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​មួយ​)​។ អំឡុងពេល​បម្រើ​យោធា លោក លី សៀន​ឡុង បាន​កាន់តំណែង​គ្រាក់ៗ​ចំនួន​ពីរ ដែល​ក្នុងនោះ​មាន ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​រៀបចំ​ផែនការ និង​ប្រតិបត្តិការ​ចម្រុះ និង​មួយទៀត​គឺ សេនាធិការ​កងទ័ពជើងគោក​សិង្ហ​បុរី​។​

​និយាយ​ពី​ការចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ លោក លី សៀន​ឡុង ត្រូវបាន​ជ្រើសតាំង​ជា​សមាជិកសភា​សិង្ហ​បុរី​ជា​លើកដំបូង ក្នុង​ចុងឆ្នាំ​១៩៨៤ ក្នុងនាម​ជា​សមាជិក​ម្នាក់​មកពី​គណបក្ស​សកម្មភាព​ប្រជាជន (PAP) ។ ប៉ុន្មាន​ខែក្រោយ​មក ពោលគឺ​នៅ​ដើមឆ្នាំ​១៩៨៥ លោក លី ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្នុង​ក្រសួង​សំខាន់​ចំនួន​២ រួមមាន ក្រសួងការពារជាតិ និង​ក្រសួង​ឧស្សាហកម្ម និង​ពា​ណិ​ជ្ចក​ម្ម​របស់​សិង្ហ​បុរី​។ ក្រៅពីនេះ​តំណែង​ទាំងនេះ លោក លី ក៏​ធ្លាប់​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ទី​២​នៃ​ក្រសួងការពារជាតិ​, រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ផងដែរ​។ លោក លី ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី ក្នុង​ឆ្នាំ​១៩៩០ ។​

​បច្ចុប្បន្ននេះ លោក លី សៀន​ឡុង គឺជា​នាយករដ្ឋមន្ត្រី​ទី​បី​របស់​សិង្ហ​បុរី ដែល​បាន​ចូលកាន់​តំណែង​កំពូល​នេះ ចាប់តាំងពី​ឆ្នាំ​២០០៤​មក ពោល​គឺមាន​រយៈពេល​ជាង​១៥​ឆ្នាំ​មកហើយ​។ ក្នុង​ឆ្នាំ​២០០៤ លោក លី បាន​ក្លាយជា​អគ្គលេខាធិការ​បក្ស​សក​ម្ម​ភាព​ប្រជាជន (PAP) ក្រោយពី​អតីត​នាយករដ្ឋមន្ត្រី លោក Goh Chok Tong បានសម្រេច​ចុះចេញ​ពី​តំណែង ដើម្បី​ក្លាយជា​ទេសរដ្ឋមន្ត្រី​។ ជា​ប្រមុខ​រដ្ឋាភិបាល​ដ៏​វាងវៃ លោក លី បាន​ដឹកនាំ​បក្ស​លោក​យកជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​ទូទៅ​ចំនួន​៣​លើក​ផ្ទួនៗ​គ្នា រួមមាន ២០០៦, ២០១១ និង​២០១៥​។ លោក លី បានចាប់ផ្តើម​អាណត្តិ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក កាលពី​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០១៦ និង​គ្រោង​បញ្ចប់​នា​ឆ្នាំ​២០២០​ខាងមុខ​។​

​យោងតាម​វេ​ប​សាយ​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ចាប់តាំងពី​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី លោក លី សៀន​ឡុង បាន​បង្កើត​ស្នាដៃ​ជាច្រើន​សម្រាប់​សុខា​មាល​ភាព​ប្រជាជន និង​ប្រជាជាតិ​សិង្ហ​បុរី​។ លោក បានដាក់​ដំណើរការ​កម្មវិធី SkillsFuture ក្នុង​គោលដៅ​គាំទ្រ​ប្រជាជន​សិង្ហ​បុរី​ដើម្បី​ប្រកាន់ខ្ជាប់​នូវ​ជំនាញ និង​ការសិក្សា​រយៈ​វែង ។ លើសពីនេះ លោក ក៏បាន​បង្កើត​គំនិត​ផ្តួចផ្តើម Smart Nation ដែលមាន​គោលដៅ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​បង្កើត​អនាគត​នៃ​ការរស់នៅ​កាន់តែ​ប្រសើរឡើង កាលានុវត្តភាព​ច្រើន​បន្ថែម និង​សហគមន៍​កាន់​រឹងមាំ​ជាង​មុន​៕


© រក្សាសិទ្ធិដោយ thmeythmey.com