អន្តរជាតិ
អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​អង់គ្លេស​ជា​គោលដៅ​រស់នៅ​ឈានមុខ​គេ​សម្រាប់​ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង​
29, Sep 2019 , 12:59 pm        
រូបភាព
ដោយ: ធីតា
ជនជាតិ​អាហ្វ្រិក​ខាងត្បូង កាន់តែ​ច្រើនឡើង បានជ្រើសរើស​យក​ការរស់នៅ​ក្រៅប្រទេស ដើម្បី​ធ្វើ​ការងារ និង​សាង​សុភមង្គល​គ្រួសារ​។ លោក Bernhard Smuts តាមរយៈ​គេហទំព័រ wheredidwego.com របស់ខ្លួន បានបង្ហាញ​តួលេខ​ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង ដែល​បាន​ចេញទៅ​ក្រៅប្រទេស​នា​រយៈពេល​១២​ខែ​ចុង​ក្រោយនេះ​។​



​ក្នុងចំណោម​ពលរដ្ឋ​អាមេរិក​ខាងត្បូង​ជាង​៣០០០​នាក់ ដែល​បាន​ចាក​ចេញពី​ប្រទេស​នា​អំឡុងពេល​១​ឆ្នាំ​ចុងក្រោយ តួលេខ​នៅ​អូស្ត្រាលី មាន​ចំនួន​ច្រើនជាងគេ ពោលគឺ​ជិត​៥៥០​នាក់ បន្ទាប់មក​មាន​នូ​វែ​ល​សេ​ឡង់ និង​ចក្រភព​អង់គ្លេស ដែលមាន​ជាង​៥០០​នាក់​រៀងៗ​ខ្លួន​ផងដែរ​។​

​ប្រទេស​ផ្សេងទៀត​ដែល​ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង​ទៅ​រស់នៅ​រួមមាន កាណាដា សហរដ្ឋអាមេរិក ហូ​ឡង់ អៀរ​ឡង់ អាល្លឺម៉ង់ និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។ កាតា ព័រ​ទុយ​ហ្គា​ល់ តៃវ៉ាន់ កូរ៉េខាងត្បូង បារាំង ស្វី​ស ម៉ូ​រី​ស ស៊ុយអែត ចិន ន័​រវេ​ស ប៉ា​ណា​ម៉ា ហុងកុង អ៊ីស្រាអែល អា​រ៉ា​ប៊ី​សា​អូឌីត បែ​ល​ហ្សិ​ក ម៉ា​ល​តិ៍ វៀតណាម ដា​ណឺ​ម៉ាក និង​ណា​មី​ប៊ី ក៏មាន​ជនជាតិ​អាហ្វ្រិក​ខាងត្បូង ជ្រើសរើស​ជាទី​តាំង​រស់នៅ​ចិញ្ចឹមជីវិត​ច្រើន​ផងដែរ​។​

​ក្រៅពី​សិង្ហ​បុរី និង​ថៃ តំបន់​អាស៊ី​អាគេ្នយ៍​ផ្សេងទៀត រួមមាន ឥណ្ឌូណេស៊ី ព្រុយ​ណេ កម្ពុជា ម៉ាឡេស៊ី និង​ហ្វីលីពីន ក៏មាន​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ផងដែរ ដោយ​គ្រាន់តែ​ឱកាស​ការងារ និង​ការរស់នៅ​មិនសូវ​អំណោយផល​សម្រាប់​ពួកគេ​។​

​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​ចក្រភព​អង់គ្លេស ត្រូវបាន​ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង ចាត់ទុកជា​ឋានសួគ៌ ដោយសារ​ពួកគេ មានឱកាស​ច្រើន​ប្រកបការងារ​ទាំងប្រុស​ទាំង​ស្រី និង​ជា​ទឹកដី ដែល​កូនៗ​របស់​ពួកគេ​អាច​ទទួលបាន​ការអប់រំ​កម្រិត​ខ្ពស់​។

​តួលេខ​បានបង្ហាញ​ផងដែរ​ថា ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង មួយចំនួនធំៗ ធ្វើការ​នៅក្រៅ​ប្រទេស ដោយ​ប្រើប្រាស់​មុខជំនាញ​ព័ត៌មានវិទ្យា (IT)៕


Tag:
 អាហ្វ្រិក​ខាងត្បូង​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com