អន្តរជាតិ
មហាធៀ៖ ពិភពលោកមិនអាចជំរុញឲ្យឥណ្ឌូណេស៊ីពន្លត់ភ្លើងឆេះព្រៃបានទេ
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅថ្ងៃទី២៥ ខែកញ្ញាបានគូសបញ្ជាក់ថា ប្រព័ន្ធពិភពលោកបច្ចុប្បន្ន មិនមានឥទ្ធិពលអ្វីទាល់តែសោះ ក្នុងការជំរុញឲ្យឥណ្ឌូណេស៊ី ដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ដែលបង្កផលប៉ះពាល់នៅក្នុងតំបន់ ។
«អ្នកអាចបន្ទោសឥណ្ឌូណេស៊ី អ្នកអាចរិះគន់ពួកគេ ប៉ុន្តែពួកគេនៅតែបន្តឲ្យមានវត្តមានភ្លើងឆេះព្រៃ»។ នេះជាសម្តីរបស់លោកមហាធៀ មហាម៉ាត់ នៅក្នុងវេទិកាអ្នកដឹកនាំពិភពលោកនៅប្រទេសកូឡុំប៊ី។
បន្ថែមពីលើនេះទៅទៀត លោកនាយករដ្ឋមន្ត្រីត្រូវបានគេសួរថា តើមានវិធានការ ឬទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាសម្ពាធពីសហគមន៍អន្តរជាតិអ្វី ទើបអាចជំរុញឲ្យឥណ្ឌូណេស៊ីគិតគូរពីបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសបាន? ជាចម្លើយ លោកមហាធៀ បានទាញករណីភ្លើងឆេះព្រៃនៅប្រទេសប្រេស៊ីលជាឧទាហរណ៍ជំនួសឲ្យប្រទេសឥណ្ឌូណេស៊ី។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ៩៤ឆ្នាំ បានលើកឡើងថា ប្រធានាធិបតីប្រេស៊ីលជឿថា ការដុតព្រៃអាចទទួលផលកសិកម្មកាន់តែច្រើន ហើយមកដល់ពេលនេះ មិនទៀតមានប្រទេសណាបញ្ឈប់គាត់ទេ។ ដូចនេះវាជាចម្លើយបង្ហាញថា ប្រព័ន្ធពិភពលោកបច្ចុប្បន្នមិនអនុញ្ញាតឲ្យប្រទេសផ្សេងចេះដឹងរឿងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅតែជឿថា វានឹងមានពេលវេលាជាក់លាក់ណាមួយសម្រាប់ឲ្យពិភពលោក ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។ ពោលគឺ វាជាពេល ដែលអង្គការសហប្រជាជាតិគិតថា វាមិនមែនជាបញ្ហាជាតិ ឬបញ្ហាក្នុងស្រុកនោះទេ តែជាបញ្ហាពិភពលោក ដែលអង្គការអន្តរជាតិមួយនេះត្រូវតែប្រើសិទ្ធិ ដើម្បីចាប់បង្ខំប្រទេសណាមួយ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន អង្គការមួយនេះ មិនមានឥទ្ធិពលអ្វីទេ ដូច្នោះប្រទេសទាំងអស់មានតែវិធីតែមួយគត់ គឺបញ្ចុះបញ្ជូលឲ្យឥណ្ឌូណេស៊ីចាត់វិធានការការការពារភ្លើងឆេះព្រៃ។
សូមបញ្ជាក់ថាផ្សែង ដែលកើតពីភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានហុយទៅដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺសិង្ហបុរី និងម៉ាឡេស៊ី។ ប្រទេសទាំងពីរនេះ បានស្នើសុំឥណ្ឌូណេស៊ីក្នុងការជួយពន្លត់ភ្លើងឆេះព្រៃ ប៉ុន្តែសំណើមួយនេះត្រូវបានឥណ្ឌូណេស៊ីបដិសេធ៕
Tag:
ម៉ាឡេស៊ី
ឥណ្ឌូណេស៊ី
មហាធៀ
© រក្សាសិទ្ធិដោយ thmeythmey.com