អន្តរជាតិ
សកម្មជនបរិស្ថាន Greta Thunberg ឈ្នះពានរង្វាន់ Right Livelihood សកម្មជនបរិស្ថានស៊ុយអែត Greta Thunberg
×
សកម្មភាពបរិស្ថានស៊ុយអែត Greta Thunberg ជាប់ឈ្មោះជាអ្នកឈ្នះពានរង្វាន់ Right Livelihood សម្រាប់ឆ្នាំ២០១៩ ដែលស្រដៀងគ្នានឹង «រង្វាន់ណូបែល» ។ យុវតីរូបនេះ ជាបុគ្គលម្នាក់ក្នុងចំណោមបួននាក់ ដែលបានឈ្នះពានរង្វាន់នេះ។
ក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃពុធ ទី២៥ កញ្ញា មូលនិធិ Right Livelihood បានបញ្ជាក់ថា យុវតី Thunberg បានឈ្នះពានរង្វាន់នេះសម្រាប់បំផុសគំនិត និងជំរុញការទាមទារនយោបាយ ដើម្បីសកម្មភាពអាកាសធាតុបន្ទាន់ ដែលឆ្លុះបញ្ចាំងពីអង្គហេតុវិទ្យាសាស្ត្រ។
តាមការចុះផ្សាយរបស់របស់ទីភ្នាក់ងារព័ត៌មាន Reuters មូលនិធិខាងលើ គូសបញ្ជាក់ថា៖«ជាមួយពានរង្វាន់ Right Livelihood ប្រចាំឆ្នាំ២០១៩ យើងផ្តល់កិត្តិយសដល់មនុស្សមានចក្ខុវិស័យ៤នាក់ដែលភាពជាអ្នកដឹកនាំពួកគេជំរុញមនុស្សរាប់លាននាក់ចេញការពារសិទ្ធិ និងតស៊ូសម្រាប់អនាគតសម្រាប់មនុស្សទាំងអស់ដែលកំពុងរស់នៅលើផែនដី»។ យុវតី Thunberg និង៣នាក់ផ្សេងទៀត នឹងទទួលប្រាក់រង្វាន់ម្នាក់ ១០៣ ០០០ដុល្លារ។
សូមបញ្ជាក់ថា អាយុត្រឹម ១៦ឆ្នាំ សកម្មជនបរិស្ថាន Thunberg កាលពីថ្ងៃដើមសប្តាហ៍នេះ បានរិះគន់មេដឹកនាំយ៉ាងចាស់ដៃសម្រាប់ភាពអសកម្មរបស់ពួកគេក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ក្នុងសុន្ទរកថា នៅដើមជំនួបកំពូលUNស្តីពីអាកាសធាតុ នាក្រុង ញូវយ៉ក។
Right Livelihood Award ត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ១៩៨០ ក្រោមគំនិតផ្តួចផ្តើមរបស់លោក Jakob von Uexkull អតីតអ្នកនយោបាយ និងជាសកម្មជនបរិស្ថានអាល្លឺម៉ង់ដើមកំណើតស៊ុយអែត។ ពានរង្វាន់នេះ មានគោលបំណងលើកទឹកចិត្តដល់ក្រុមមនុស្សដែលប្រឹងប្រែងរាល់ការប្រឈមក្នុងសង្គមដើម្បីឲ្យមានការផ្លាស់ប្តូរ៕
Tag:
ស៊ុយអែត
Greta Thunberg
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com