អន្តរជាតិ
បើមនុស្សវិវត្តពីស្វា ហេតុអ្វីបានជានៅតែមានស្វា?
× ឃ្លាខាងលើនេះជាសំណួរមួយដែលមនុស្សមួយចំនួនបានសួរ ហើយក៏ជាសំណួរមួយពិបាកក្នុងការរកចម្លើយឲ្យបានពិតប្រាកដល្អប្រសើរដែរ។ សៀវភៅចំណេះដឹងទូទៅជាច្រើនបានរៀបរាប់អំពីការវិវត្តន៍របស់មនុស្ស ហើយលោកអ្នកអានភាគច្រើនក៏បានដឹងដែរថា មនុស្សបានធ្វើការវិវត្តមកពីអម្បូរសត្វស្វា។ ដោយហេតុនេះទើបមានសំណួរមួយចោទថា បើមនុស្សវិវត្តពីស្វា ហេតុអ្វីបានជានៅតែមានស្វា?
ដំបូងលោកអ្នកគួរតែយល់ថា តើពាក្យថា«ស្វា»ត្រូវបានគ្របដណ្តប់លើក្រុមពូជសត្វស្វាណាខ្លះ។ មិនមែនសត្វស្វាទាំងអស់សុទ្ធសឹងតែដូចគ្នានោះទេ។ «ស្វា»វាគ្រាន់តែជាពាក្យសាមញ្ញប្រើប្រាស់ក្នុងស្ថានភាពជីវភាពធម្មតា ដើម្បីងាយស្រួលយល់ប៉ុណ្ណោះ។ បន្ទាប់មកលោកអ្នកក៏គួរយល់អំពីទ្រឹស្តីវិវត្តន៍របស់ជីវវិទូអង់គ្លេស លោក Charles Darwin ដែរ។ បើតាមការដកស្រង់ពីគេហទំព័រfriendsofdarwin.com អត្ថបទជាភាសាខ្មែរមួយនេះសុំប្រើប្រាស់ពាក្យ«ស្វា»ទៅចុះដើម្បីងាយស្រួយក្នុងការពន្យល់។
មនុស្សសម័យថ្មី និងសត្វស្វាដែលយើងឃើញសព្វថ្ងៃគឺជាពូជភាវៈរស់ពីរប្រភេទដែលបានវិវត្តពីភាវៈរស់ជំនាន់ដើមមួយទៀតជាមួយគ្នា។ បើតាមន័យជីវវិទ្យា មនុស្សសម័យថ្មី និងសត្វស្វាសព្វថ្ងៃមានលក្ខណៈជីវសាស្ត្រស្រដៀងគ្នាខ្លាំងណាស់។ បើយើងយកសំណួរខាងលើមកធ្វើជាឧទាហរណ៍មួយដោយនិយាយថា៖«ជីតារបស់ខ្ញុំបានទទួលមរណភាពយូរមកហើយ ហើយគាត់បានបន្សល់ទុកអ្នកជំនាន់ក្រោយដូចជាខ្ញុំ និងបងប្អូនជីដូនមួយខ្ញុំ។ ចុះបើខ្ញុំជាអ្នកជំនាន់ក្រោយរបស់ជីតាខ្ញុំ ហេតុអ្វីបានជាខ្ញុំនៅតែមានបងប្អូនជីដូនមួយរបស់ខ្ញុំ?»។
យើងអាចប្រៀបធៀបឧទាហរណ៍នេះជាមួយនឹងសំណួរខាងលើបាន៖«បើមនុស្សវិវត្តពីស្វា ហេតុអ្វីបានជានៅតែមានស្វា?»។ ក្នុងន័យនេះ ពាក្យថា«ខ្ញុំ»ប្រៀបបានដូចជាពាក្យ«មនុស្ស» ចំណែកឯពាក្យ«បងប្អូនជីដូនមួយ»ប្រៀបបានដូចជាពាក្យ«សត្វស្វាសព្វថ្ងៃ»។ នេះបានន័យថា បើអ្នកជាមនុស្សជំនាន់ក្រោយរបស់ជីតាអ្នក មិនមែនបានន័យថា អ្នកជាមនុស្សជំនាន់ក្រោយតែមួយគត់ម្នាក់ឯងនោះទេ។ អ្នកដទៃខ្លះទៀតក៏អាចជាមនុស្សជំនាន់ក្រោយដែរ។
ពេលខ្លះការវិវត្តដាច់ដោយឡែកពីគ្នា កើតឡើងដោយសាររបៀបនៃការរស់នៅមានភាពដាច់ដោយឡែកពីគ្នា។ ពេលខ្លះទៀត វាកើតឡើងដោយសារបាតុភូត«បន្លាស់ប្តូរហ្សែន»ម្យ៉ាងដែលជាភាសាអង់គ្លេសហៅថា Genetic Mutation ។ នេះបានន័យថា តាមធម្មជាតិ ហ្សែនអាចផ្លាស់ប្តូរបន្តិចម្តងៗ ពីជំនាន់មួយទៅជំនាន់មួយទៀតតាមរយៈការបន្តពូជ។ ច្រើនជំនាន់ក្រោយមក បន្លាស់ប្តូរហ្សែន អាចធ្វើឲ្យភាវរស់ណាមួយមានលក្ខណៈកាន់តែខុសគ្នាទៅៗ បើប្រៀបធៀបជាមួយនឹងភាវរស់មួយទៀត ទោះបីជាភាវរស់ទាំងពីរប្រភេទនេះ កាលពីមុនមានលក្ខណៈស្រដៀងគ្នាក៏ដោយ។
បើការផ្លាស់ប្តូរនេះប្រព្រឹត្តទៅកាន់តែយូរ នោះភាវរស់ទាំងពីរនឹងក្លាយជាប្រភេទផ្សេងគ្នា ហើយមិនអាចធ្វើការបង្កកំណើតជាមួយគ្នាទៀតបាននោះទេ។ ប៉ុន្តែការផ្លាស់ប្តូរនេះត្រូវការរយៈពេលរាប់លានឆ្នាំ ទើបឃើញសភាពខុសច្រើន។ ពេលខ្លះពាក្យថា«ស្វា»មួយមាត់អាចធ្វើឲ្យមនុស្សមានការយល់ច្រលំ ពីព្រោះថាបើពួកគេមានរូបរាងខុសគ្នាខ្លះមែន តែលក្ខណៈជីវសាស្ត្រហ្សែនេទិច មានលក្ខណៈស្រដៀងគ្នាទៅវិញទេ។
ម្យ៉ាងវិញទៀត បើលោកអ្នកឲ្យឈ្មោះស្វាសព្វថ្ងៃថាជា«ស្វា» ហើយស្វាជំនាន់មុនៗដែលមនុស្សបានវិវត្តមកថាជា«ស្វា»ដែរនោះ នោះមនុស្សសព្វថ្ងៃនេះក៏ត្រូវតែជា«ស្វា»ដែរ។ សរុបឲ្យខ្លីមក ការប្រើប្រាស់ន័យ ឬពាក្យប្រចាំថ្ងៃ ជាមួយនឹងន័យ ឬពាក្យវិទ្យាសាស្ត្របែបបច្ចេកទេស អាចបង្កើតឲ្យមានការយល់ច្រឡំមួយចំនួនដែរ។ ការវិវត្តន៍មិនមែនបង្កើតប្រភេទភាវរស់តែមួយប្រភេទនោះទេ ប៉ុន្តែបរិស្ថាន និងរបៀបនៃការរស់នៅ ហូបចុក គឺជាកត្តាដែលជំរុញឲ្យមានការខុសប្លែកពីគ្នារវាងប្រភេទនិមួយៗ។ ឧទាហរណ៍ចុងក្រោយដូចជា មនុស្សសម័យថ្មី និងសត្វស្វាសព្វថ្ងៃ នេះជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com