អន្តរជាតិ
ចិនចាប់ដៃជាមួយមីយ៉ាន់ម៉ានិងបង់ក្លាដែស រៀបចំមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឲ្យបានសម្រេចនាពេលខាងមុខដ៏ខ្លី
× រដ្ឋាភិបាលចិន មីយ៉ាន់ម៉ា និងបង់ក្លាដែស បានព្រមព្រៀងគ្នាក្នុងការៀបចំការបញ្ជូនជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាងកន្លះលាននាក់ ដែលកំពុងតែស្នាក់នៅបណ្តោះអាសន្នក្នុងជំរំរបស់បង់ក្លាដែសឲ្យទៅមីយ៉ាន់ម៉ាវិញប្រកបដោយជោគជ័យ។ ការព្រមព្រៀងគ្នានេះ បន្ទាប់ពី ផែនការបញ្ជូនជនភៀសខ្លួនត្រលប់ទៅស្រុកដើមវិញ បានបរាជ័យជាបន្តបន្ទាប់។
នាជំនួបក្រៅផ្លូវការនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ តំណាងរដ្ឋាភិបាលទាំងបី ដែលមានចូលរួមដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស AK Abdul Momen និងរដ្ឋមន្ត្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា Kyaw Tint Swe បានឯកភាពគ្នាក្នុងការធ្វើការរួមគ្នាដំណើរការផែនការមាតុភូមិនិវត្តន៍របស់ជនជាតិរ៉ូហ៊ីងយ៉ាឲ្យកើតឡើងឆាប់រហ័ស។
តាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា Myanmar Times ដើម្បីបង្កទំនុកដល់ជនភៀសខ្លួន ភាគីទាំងបី បានយល់ស្របគ្នាក្នុងការអនុវត្តជំហានបន្តបន្ទាប់ធានាឲ្យបានស្ថិរភាព និងការអភិវឌ្ឍនៅតំបន់ព្រំដែន ហើយបង្កើតការងារឲ្យបានច្រើន ដើម្បីធ្វើឲ្យសុខមាលភាពរបស់ប្រជាជនជាពិសេសជនភៀសខ្លួន ដែលវិលត្រលប់ទៅស្រុកវិញ រស់នៅបានសុខស្រួល។
ក្នុងជំនួបដដែលនោះ លោករដ្ឋមន្ត្រី Wang Yi បានទទូចឲ្យគ្រប់ភាគីទាំងអស់ពង្រឹងការប្រាស្រ័យទាក់ទងគ្នា និងពិគ្រោះយោបល់គ្នា ក៏ដូចជាជំរុញឲ្យដំណើរការលើបញ្ហានេះសម្រេចបានឲ្យបានឆាប់រហ័ស។ លោករដ្ឋមន្ត្រី ក៏បានអះអាងផងដែរថា លក្ខខណ្ឌសម្រាប់ដំណោះស្រាយាមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន នឹងត្រូវធ្វើឲ្យល្អប្រសើរជាងមុន។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ កិច្ចព្រមព្រៀងរវាងភាគីទាំងបី ធ្វើឡើងបន្ទាប់ពីផែនការរៀបបញ្ជូនជនភៀសខ្លួន ដែលធ្វើឡើងដោយ មីយ៉ាន់ម៉ា និងបង់ក្លាដែស និងមីយ៉ាន់ម៉ាជាមួយនឹងភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ ត្រូវបានបរាជ័យ ដោយសារតែជនភៀសខ្លួន មិនព្រមវិលត្រលប់។ ពួកគេ នៅមិនទាន់មានអារម្មណ៍សុវត្ថិភាព ខណៈដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏មិនទាន់ហ៊ានផ្តល់ភាពជាប្រជាជនស្របច្បាប់សម្រាប់ពួកគេផងដែរ។
គួរជម្រាបជាថ្មីថា វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានផ្ទុះឡើងតាំងពីចុងឆ្នាំ២០១៧ មកនោះ នៅមិនទាន់មានដំណោះស្រាយ ដែលអាចទទួលបានទាំងរវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងជនភៀសខ្លួនរ៉ួហ៊ីងយ៉ាជាង៧០ម៉ឺននាក់នៅឡើយនោះទេ។ ជនភៀសខ្លួនដែលរស់នៅក្រោមការគាំពារដោយជំនួយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលបង់ក្លាដែស ជួបនឹងលំបាកច្រើន ខណៈរដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏ត្រូវរងសម្ពាធកាន់តែច្រើនដូចគ្នាដោយសារតែបញ្ហានៅតែអូសបន្លាយ៕
Tag:
មីយ៉ាន់ម៉ា
បង់ក្លាដែស
© រក្សាសិទ្ធិដោយ thmeythmey.com