ជាតិ
បុណ្យភ្ជុំបិណ្ឌ
២៥ខេត្ត/រាជធានី
ហេតុអ្វី​ចាស់​បុរាណ ប្រៀប​មនុស្ស​ចិត្តអាក្រក់ ទៅនឹង​ទេវទត្ត​? ​
15, Oct 2023 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
«​ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា​» ជា​សុភាសិត​ខ្មែរ​តាំងពី​យូរណាស់​មកហើយ​។ ប្រជាពលរដ្ឋ​ខ្មែរ​តែង​ពោល​សុភាសិត​នេះ ដើម្បី​សំដៅ​ដល់​បុគ្គល​ណា​ម្នាក់ ដែល​ចូលចិត្ត​និយាយ​ល្អ ប្រើពាក្យ​ពីរោះ ផ្អែមល្ហែម តែ​ចិត្តអាក្រក់​។ ចិត្តអាក្រក់​សំដៅ​ដល់​ចិត្ត​ដូចជា​ទេវទត្ត និយាយ​ល្អ សំដៅ​ដល់​ពាក្យពេចន៍​ដូចជា​ទេវតា​។



តើ​ទេវទត្ត​ជា​អ្នកណា បានជា​ចាស់​បុរាណ​លោក​ចាត់ទុកថា​ជា​បុគ្គល​មានចិត្ត​អាក្រក់​យ៉ាងនេះ​?


​តាមពិត ទេវទត្ត គឺជា​សាច់ញាតិ​របស់​ព្រះពុទ្ធ និង​ជា​ព្រះ​ភិក្ខុ​មួយអង្គ ក្នុងសម័យ​ពុទ្ធកាល ដែល​បាន​សាង​ផ្នួស​ក្នុង​ព្រះពុទ្ធសាសនា ដូច​ភិក្ខុ​ដទៃទៀត​ដែរ​។ ភិក្ខុ​ទេវទត្ត គឺ​ជីដូនមួយ​របស់​ព្រះពុទ្ធ​។ ព្រះបាទ​សុទ្ធោទនៈ ដែលជា​ព្រះបិតា​របស់​ព្រះពុទ្ធ គឺជា​បងប្រុស​បង្កើតរ​បស់​នាង​ប​មិ​ត្តា ដែលជា​ព្រះ​មាតា​របស់​ភិក្ខុ​ទេវទត្ត​និង​ព្រះ​នាង​ពិម្ពា​។ ភិក្ខុ​ទេវ​ត្ត ក៏​ត្រូវជា​បងថ្លៃ​របស់​ព្រះពុទ្ធ​ដែរ ព្រោះ​ព្រះពុទ្ធ កាល​នៅ​ជា​គ្រហស្ថ ទ្រង់​រៀប​ពិ​សេក​ជាមួយ​នាង​ពិ​ម្ភា ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ភិក្ខុ​ទេវទត្ត​។

​ភិក្ខុ​ទេវទត្ត គឺជា​បុគ្គល​ដែលមាន​សេចក្តី​លោភលន់​ហួសប្រមាណ និង​មាន​សេចក្តី​ច្រណែន​យ៉ាង​ពន់ពេក​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​។ ដោយសារតែ​សេចក្តី​ច្រណែន​នេះ ទើប​ទេវទត្ត​បាន​យក​ព្រះសម្មាសម្ពុទ្ធ​ជាស​ត្រូវ និង​តាម​ឈ្នានីស​ព្រះអង្គ​ជាប់​ជានិច្ច តែ​ព្រះអង្គ​មិនបាន​ចាត់ទុក ទេវទត្ត​ជាស​ត្រូវ​ឡើយ​។

​មិន​ត្រឹមតែ​សេចក្តី​ច្រណែន​នោះទេ ភិក្ខុ​អង្គ​នេះ ក៏មាន​មហិច្ឆតា​ក្នុង​ចិត្ត ចង់​ក្លាយខ្លួនជា​ព្រះពុទ្ធ​ទៀតផង​។ ព្រោះតែ​សេចក្តីប្រាថ្នា​ចង់​តាំងខ្លួន​ជា​ព្រះពុទ្ធ ទើប​ភិក្ខុ​ទេវទត្ត ព្យាយាម​ស្វែងរក​មធ្យោបាយ​គ្រប់យ៉ាង​ដើម្បី​ធ្វើ​គុត​ព្រះសម្មាសម្ពុទ្ធ​។
 
​សម័យ​ថ្ងៃមួយ ភិក្ខុ​ទេវទត្ត​បាន​ឡើងទៅ​កាន់​កំពូលភ្នំ​មួយ​ឈ្មោះថា​ភ្នំ​គិ​ជ្ឍ​កូដ ហើយ​បាន​ប្រមៀល​ដុំថ្ម​ដ៏​ធំ មកលើ​ព្រះពុទ្ធ ដែល​កំពុងតែ​យាង​តាម​ជ្រលង​ភ្នំ​គិ​ជ្ឈ​កូដ​នោះ​។ ភិក្ខុ​ទេវទត្ត​បានធ្វើ​ទុក​ក្នុង​ចិត្ត​ថា​៖«​អាត្មាអញ​នឹង​សម្លាប់​ព្រះសមណគោតម​ដោយ​ដុំថ្ម​នេះ​»​។

​គ្រានោះ បំណែក​ថ្ម ក៏​ខ្ទាត​ឡើង ហើយ​ទង្គិច​ត្រូវ​ព្រះបាទ (​ម្រាមជើង​) ធ្វើ​ឲ្យ​ព្រះ​លោហិត​ពុរពង​ឡើង​។ លំដាប់​នោះ ព្រះពុទ្ធ ទ្រង់​ទត​ទៅ​ខាងលើ ហើយ​មាន​ព្រះពុទ្ធដីកា​ទៅកាន់​ទេវទត្ត​ថា​៖«​នែ​មោឃបុរស​! អ្នកឯង​មានចិត្ត​ប្រទូស្ត មានចិត្ត​ចង់​សម្លាប់ ហើយ​ធ្វើ​លោហិត​របស់​តថាគត​ឲ្យ​ពុរពង​ឡើង ដោយ​អំពើ​ណា អំពើ​នោះ អ្នក​នឹងរង​អកុសលកម្ម​ច្រើន​»​។​
 
​ដោយសារតែ​អំពើ​ឈ្នានីស និង​ការធ្វើ​ឲ្យ​ព្រះពុទ្ធ​ចេញ​លោហិត ព្រមទាំង​អំពើ​បាប​ដទៃទៀត ដូចជា​ការបង្កើត​បក្ស​ពួក​ផ្សេងៗ​ក្នុង​គណៈសង្ឃ ធ្វើ​ឲ្យ​សង្ឃ​បែកបាក់​សាមគ្គី ទី​ផុត​ភិក្ខុ​ទេវ​ត្ត​បាន​ធ្លាក់​ទៅ​ស្ថាន​នរក ដោយ​ព្រះធរណី​ស្រូប​ទាំង​រស់​។ រហូតមកដល់​ពេលនេះ ភិក្ខុ ទេវទត្ត កំពុងតែ​ទទួលរង​កម្ម​នៅ​ស្ថាន​នរក​នៅឡើយ​ទេ​។​
 
​ដោយសារតែ​ចិត្តខ្មៅ ចិត្ត​ឈ្នានីស ព្យាបាទ ច្រណែន​ឫស្យា របស់​ទេវទត្ត​យ៉ាង​ដូច្នេះហើយ ទើប​បុ​រា​ណា​ចា​រ្យ​ពោលថា ចិត្តជា​ទេវទត្ត គឺ​មានន័យថា ចិត្តអាក្រក់​ដូចជា​ភិក្ខុ​ទេវទត្ត នេះឯង​៕


© រក្សាសិទ្ធិដោយ thmeythmey.com