រថយន្ត
អន្តរជាតិ
រថយន្ត​ប្រធានាធិបតី​៖ ត្រាំ ជិះ The Beast, ពូ​ទីន ជិះ Senat , ស៊ី ជិះ Red Flag
30, Sep 2019 , 7:39 pm        
រូបភាព
​ធ្វើដំណើរ​ទៅណា​មក​ណា មេដឹកនាំ​លើ​ពិភពលោក​តែងមាន​រថយន្ត​ពិសេស​សម្រាប់​ប្រើប្រាស់​។ និយាយ​ពី​រថយន្ត​ពិសេស​នេះ មេដឹកនាំ​មហាអំណាច​ធំៗ​ទាំងបី គឺ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​, ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន សុទ្ធ​តែមាន​រថយន្ត​ផ្ទាល់ខ្លួន ដែល​ការពារ​សុវត្ថិភាព​មាំមួន និង​មាន​លក្ខណៈពិសេស​ច្រើនជាង​រថយន្ត​ធម្មតា​។​



The Beast ជា​រហស្សនាម​របស់រ​ថ​យន្ត​ផ្លូវការ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​មុនៗ​។ ជា​ផលិតផល​របស់​ក្រុមហ៊ុន Cadillac The Beast មានតម្លៃ​មួយ​លាន​ដុល្លារ​កន្លះ ផលិត​ដោយ​យ៉ាង​ពិសេស​ដោយ​បំពាក់​បច្ចេកវិទ្យា​ទំនើប ពាស​ដែក​ដែល​អាច​ទប់ស្កាត់​ការវាយប្រហារ​គ្រាប់កាំភ្លើង និង​គ្រាប់បែក​មួយចំនួន​ផង ព្រមទាំង​ការវាយប្រហារ​អាវុធ​គីមី និង​ជីវសាស្ត្រ​ដែរ​។ កញ្ចក់​រថយន្ត​នេះ មាន​កម្រាស់​ជិត​៧​សង់ទីម៉ែត្រ ឯ​តួខ្លួន​វិញ​មាន​បន្ទះ​ការពារ​កម្រាស់​២០​សង់ទីម៉ែត្រ​ឯណោះ​។​



​នៅ​ខាងក្នុង The Beast  ក៏មាន​បំពាក់​ប្រព័ន្ធ​ទំនាក់ទំនង​ល្អ​ពិសេស ប្រព័ន្ធ​អុកស៊ីសែន និង​ការផ្គត់ផ្គង់​ឈាម​សម្រាប់​ប្រធានាធិបតី​។ និយាយ​ពី​ទម្ងន់​វិញ រថយន្ត​នេះ មាន​ទម្ងន់​ដល់​ទៅ​៩​ពាន់​គីឡូក្រាម ហើយ​អាច​ផ្ទុក​មនុស្ស​បាន​៧​នាក់​ផងដែរ​។ ក្នុង​លក្ខខណ្ឌ​សន្តិសុខ គេ​តែង​ឃើញ The Beast ចំនួន​ពីរ​បើក​បន្តបន្ទាប់​គ្នា ដោយ​មួយ​ដឹក​ប្រធានាធិបតី​អាមេរិក​។​

​លោក ត្រាំ មាន The Beast មែន លោក វ៉ា្ល​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​វិញ ក៏​មិន​ណ​យ​ដែរ​។ សព្វថ្ងៃ លោក ពូ​ទីន ជិះ Aurus Senat ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ផ្ទាល់​។ Senat បង្ហាញ​វត្តមាន​លើក​ដំ​បូ​នៅ​ឆ្នាំ​២០១៨ មាន​ទម្ងន់ ៦,៥០០​គីឡូក្រាម និង​ប្រវែង​៦​ម៉ែត្រ​កន្លះ​។ ខុសពី The Beast ឡើយ Senat នេះ ក៏​ជា​រថយន្ត​ពាស​ដែក​ការពារ​គ្រាប់កាំភ្លើង និង​គ្រាប់បែក​ដែរ​។ គេ​មិនមាន​ព័ត៌មាន​ច្រើន​ពី​រថយន្ត​នេះឡើយ តែ​តម្លៃ​ធម្មតា​គឺ​១៦០,០០០​ដុល្លារ ខណៈ​រថយន្ត​លោក ពូ​ទីន វិញ មានតម្លៃ​ថ្លៃ​ជាង​នេះ​។​



​មេដឹកនាំ​មហាអំណាច​ពិភពលោក​មួយទៀត ក៏មាន​រថយន្ត​ពិសេស​ប្រចាំ​ខ្លួន​ដែរនោះ គឺ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ ដោយ​ផ្លាស់ប្ដូរ​ទម្លាប់​ជិះ​រថយន្ត​ម្ចាស់ផ្ទះ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស លោក ស៊ី បាន​ជិះ​រថយន្ត Hongqi ដែលមាន​ន័យ​ទង់​ក្រហម (Red Flag) ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​។ រថយន្ត Hongqi L5 លេចមុខ​នៅក្រៅ​ប្រទេស​ដំបូង​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ អំឡុងពេល​លោក ស៊ី ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍ និង​តំបន់​ប៉ាស៊ីហ្វិក​។​



Hongqi ជា​ម៉ា​កឡាន​ស៊េរី​ទំនើប​របស់​ចិន ដែល​ចាប់ផ្ដើម​ផលិត​នៅ​ឆ្នាំ​១៩៥៨ ហើយ​ប្រើប្រាស់សម្រាប់​ថ្នាក់​នាំ​ចិន និង​មេដឹកនាំ​បរទេស​តរៀងមក​។ ប៉ុន្តែ​ទស្សវត្សរ៍​ឆ្នាំ​១៩៩០ រថយន្ត​ក្នុងស្រុក បែរជា​មិនសូវ​ពេញនិយម​ដូច​រថយន្ត​ទំនើប​នាំចូល​ពី​បរទេស​ទៅវិញ​។ មិនមាន​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​រថយន្ត​ដែល​លោក ស៊ី ប្រើប្រាស់​ឡើយ​៕
  



Tag:
 ​ចិន​
  អាមេរិក​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com