ជាតិ
រថយន្ត
ដឹកលើសចំនួន បើកលើសល្បឿន ធ្វេសប្រហែស... ជាមូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រូបថតឯកសារ AFP
× គ្រោះថ្នាក់ចរាចរណ៍ តែងកើតឡើងជាញឹកញាប់ ក្នុងរដូវបុណ្យផ្សេង ដូចជា បុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំ ជាដើម។ ដូច្នេះ ដើម្បីការពារជីវិតខ្លួនឯង និងជីវិតអ្នកដទៃ ម្ចាស់រថយន្តឈ្នួលគ្រប់រូប ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបើកបរ។
ប្រជាពលរដ្ឋ ដែលធ្វើការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា តែងត្រឡប់ទៅស្រុកកំណើត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបជុំគ្រួសារ ហើយធ្វើបុណ្យទានរួមគ្នា និងដើរលេងតាមវត្តអារាម ឬក៏កន្លែងកម្សាន្តផ្សេងៗ។ អ្នកខ្លះ ធ្វើដំណើរទៅស្រុកកំណើត ដោយឡាន ឬម៉ូតូផ្ទាល់ខ្លួន។ ប៉ុន្តែភាគីច្រើននៃប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី តែងធ្វើដំណើរតាមរថយន្តក្រុង និងរថយន្តឈ្នួល។
ឆ្នាំមុនៗ រថយន្តមួយចំនួន ដែលដឹកអ្នកដំណើរ ទៅស្រុកកំណើត បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ។ វា ជារឿងគួរឲ្យសង្វេគ ដែលពួកគេ មិនទាន់បានសប្បាយជាមួយបងប្អូន ក្នុងរដូវបុណ្យទានផង ស្រាប់តែជួបឧបទ្ទវហេតុយ៉ាងដូច្នេះ។
មូលហេតុ ដែលរថយន្តដឹកអ្នកដំណើរ ជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់បែបនេះ គឺគ្មានអ្វីផ្សេងក្រៅពីអ្នកបើកបរ ចង់បានប្រាក់ហួសហេតុ និងខ្វះការប្រុងប្រយ័ត្ននោះទេ។
អ្នកបើកបរខ្លះ យល់ថា រដូវបុណ្យទាន គឺជាឱកាសដ៏ល្អ ដើម្បីរកចំណូល ព្រោះប្រជាពលរដ្ឋជាច្រើន បានសម្រុកជិះរថយន្តរបស់ពួកគេ ទៅស្រុកកំណើត។ ដូច្នេះ ដើម្បីទទួលបានចំណូលច្រើន ពួកគេក៏បានដាក់ភ្ញៀវលើសចំនួនកំណត់ ដោយពេលខ្លះ ពួកគេបានដាក់ភ្ញៀវឲ្យជិះបញ្ជ្រៀតគ្នាក្នុងកាប៊ីនឡាន រហូតដល់ទៅបី-បួននាក់ក៏មាន។ ទោះជាក្នុងកាប៊ីនឡានចង្អៀតដោយសារមានអ្នកជិះច្រើន ហើយទើសដៃពួកគេ ស្ទើរតែកាន់ចង្កូតឡានមិនចង់កើតក៏ដោយ ក៏ពួកគេ មិនសូវបារម្ភដែរ។
អ្វីដែលរឹតតែគួរឲ្យព្រួយបារម្ភនោះ គឺការបើកបរលើសល្បឿនកំណត់។ ពួកគេ ចង់ដឹកភ្ញៀវ ឲ្យបានច្រើនត្រឡប់ ក្នុងមួយថ្ងៃ ដើម្បីទទួលចំណូលកាន់តែច្រើន ដូច្នេះក៏ប្រឹងបើកបរឲ្យលឿន រហូតដល់លើសល្បឿនកំណត់។
អ្នកបើកបរខ្លះទៀត ធ្វេសប្រហែលណាស់ ដោយបើកបរបណ្តើរ ហើយនិយាយទូរសព្ទបណ្តើរក៏មាន។ អ្នកបើកបរខ្លះ ក៏ឆ្លៀតជក់បារីថែមទៀត ពេលកំពុងបើកបរ។ ហើយពេលខ្លះ ពួកគេ ប្រើដៃតែម្ខាងប៉ុណ្ណោះ សម្រាប់កាន់ចង្កូតឡាន ដោយដៃម្ខាងទៀត កាន់អាហារបរិភោគ។
ចំណុចអវិជ្ជមានទាំងអស់នេះហើយ ដែលជាមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍ ងាយនឹងកើតឡើង។
អ្នកបើកបរគ្រប់រូប ត្រូវបោះបង់ទម្លាប់អាក្រក់ និងការគិតអវិជ្ជមានទាំងអស់នេះចោល បើពុំដូច្នេះទេ មិនអាចធានាសុវត្ថិភាពក្នុងការបើកបរបានឡើយ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ ក៏គួរតែកត់សម្គាល់ដោយខ្លួនឯងដែរថា អ្នកបើកបរណា ដែលមានស្មារតីប្រុងប្រយ័ត្ន ហើយអ្នកបើកបរណា ដែលធ្វេសប្រហែល។ បើចំណាំបានថា អ្នកបើកបរណា មានការធ្វេសប្រហែល ឬក៏មានទម្លាប់អាក្រក់ដូចខាងលើ គួរតែកុំជិះឲ្យសោះ ដើម្បីធានាអាយុជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com