ជាតិ
បោះឆ្នោត
សង្គមជាតិ
គណៈប្រតិភូ​អាមេរិក នឹង​ជួប​ប្រធាន​គ​.​ជ​.​ប ដើម្បី​ពិភាក្សា​ពី​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា​
30, Sep 2019 , 12:30 pm        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (ពាក់វែនតា)
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (ពាក់វែនតា)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អ្នកដឹកនាំ​វ័យក្មេង​មកពី​អាមេរិក នឹង​ជួប​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​(​គ​.​ជ​.​ប​) នា​ថ្ងៃទី​១ តុលា ដើម្បី​ពិភាក្សា​ពី​រឿង​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា​។


​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងជំនួប​ពិភាក្សា​នោះ គឹ​ខាង​ភាគី​អាមេរិក​ចង់​សិក្សា​ស្វែងយល់​ពី​ដំណើរការ​នីតិវិធី និង​ការគ្រប់គ្រង​ស្ថានការណ៍​បោះឆ្នោត​នៅ​កម្ពុជា​កន្លងមក​។
 
«​ក្នុង​សំណើសុំ​ជួប គឺ​គាត់​(​ក្រុមប្រឹក្សា​អ្នកដឹកនាំ​វ័យក្មេង​មកពី​អាមេរិក​) គ្រាន់តែ​សុំ​ស្វែងយល់​ពី​ការបោះឆ្នោត​ប៉ុណ្ណោះ ចំណែក​រឿង​បញ្ហានយោបាយ​វិញ គាត់​មិនបាន​បញ្ជាក់​ក្នុង​លិខិត​ស្នើសុំ​ជួប​នោះទេ​។ ប៉ុន្តែ​យ៉ាងណា រឿង​នយោបាយ​នេះ វា​ទំនង​អាចមាន​និយាយ​ខ្លះ នៅក្នុង​ជំនួប​ជាក់ស្ដែង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា ដែល​បាន​បន្ថែមថា គ​.​ជ​.​ប នឹងធ្វើ​សន្និសីទកាសែត ក្រោយ​ជំនួប​ពិភាក្សាគ្នា​នោះ​ទៀតផង​។
​គណៈប្រតិភូ​ក្រុមប្រឹក្សា​អ្នកដឹកនាំ​វ័យក្មេង​មកពី​អាមេរិក (ACYPL) ដឹកនាំ​ដោយ​លោក ប៊ិន ស្ត្រា​មែន អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច កិច្ចការ​ប្រតិបត្តិការ​ធនធានធម្មជាតិ ការដឹកជញ្ជូន និង​ការអប់រំ​។ គណៈប្រតិភូ​អាមេរិក​ទាំង​៧​រូបនេះ មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​របស់​អាមេរិក​។
​ក្រុមប្រឹក្សា​អ្នកដឹកនាំ​វ័យក្មេង ACYPL នេះ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រៀបចំ​កម្មវិធី​ផ្លាស់ប្ដូរ សម្រាប់​អ្នកដឹកនាំ​វ័យ​នយោបាយ ដែលមាន​អាយុ​ក្រោម​៤០​ឆ្នាំ ឱ្យ​ទទួលបាន​បទពិសោធ​ន៍​ទាក់ទង​នឹង​បរិយាកាស​នយោបាយ នៃ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​។ ACYPL មាន​សមាសភាព​ដែលជា​សមាជិកសភា​អាមេរិក​ចំនួន​៣៨​រូប និង​មាន​បណ្ដាញ​អតីត​និស្សិត​ជុំវិញ​ពិភពលោក​ជាង​៨៥០០​នាក់ មកពី​១២៨​ប្រទេស ។ អង្គការ​នេះ បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៦៦៕

Tag:
 ស៊ិ​ក ប៊ុន​ហុក​
  បោះឆ្នោត​
  គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com