F1៖ Ferrari បាត់​សាមគ្គីភាព ជួយ Hamilton ដែល​បើក​ឲ្យ Mercedes ឈ្នះ​ការប្រណាំង​នៅ​រុស្ស៊ី​
កីឡាអន្តរជាតិ
អន្តរជាតិ
F1៖ Ferrari បាត់​សាមគ្គីភាព ជួយ Hamilton ដែល​បើក​ឲ្យ Mercedes ឈ្នះ​ការប្រណាំង​នៅ​រុស្ស៊ី​
30, Sep 2019 , 6:29 pm        
រូបភាព
Lewis Hamilton ទទួល​ជ័យជម្នះ​ក្នុងការ​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក Formula One ឬ​កាំជ្រួច​លើ​ផ្ទៃរាប នៅឯ​ទីលាន Russian Grand Prix ក្នុងប្រទេស​រុស្ស៊ី នា​ថ្ងៃទី​២៩ ខែកញ្ញា​។ នេះ​ជាការ​ឈ្នះ​លើក​ទី​៩ ក្នុងចំណោម​ការប្រណាំង​១៦​ទីលាន​របស់​ម្ចាស់​ជើងឯក​ចាស់ សម្រាប់​រដូវ​កាល​២០១៩​នេះ​។​



​ក្នុងការ​ប្រកួតប្រជែង​លើ​ចម្ងាយ​ផ្លូវ​ចំនួន​៥៣​ជុំ ក្នុង​ក្រុង Sochi អ្នក​ប្រណាំង​ស​ញ្ញាតិ​អង់គ្លេស​ដែល​បើកបរ​ឲ្យ​ក្រុម Mercedes បាន​ប្រើ​ថេរវេលា ១​ម៉ោង ៣៣​នាទី និង​៣៨.៩៩២​វិនាទី ដើម្បី​ឈ្នះ​ការប្រណាំង​នៅ​ទីលាន​ទី​១៦​នេះ​។​

​អ្វីដែល​គួរ​ចាប់អារម្មណ៍ ជ័យជម្នះ​របស់ Hamilton លើក​នេះ​កើតឡើង​បន្ទាប់ពី​កូនក្រុម​ប្រណាំង​របស់ Ferrari គឺ Charles Leclerc និង Sebastian Vettel មាន​ភាពចម្រូងចម្រាស​គ្នា ខណៈដែល​អ្នក​ទាំងពីរ​ស្ទើរតែ​ឈ្នះ​ការប្រណាំង​នេះ​ទៅហើយ​។​

Vettel អ្នក​ប្រណាំង​សញ្ជាតិ​អាល្លឺម៉ង់​ដែល​មិន​គោរព​បទបញ្ជា​របស់​ក្រុម​បាន​បោះបង់​ការប្រណាំង​នេះ​ត្រឹម​ជុំ​ទី​១៥ បើ​ទោះ​ខ្លួន​កំពុង​នាំមុខគេ​ក៏ដោយ​។ មិត្ត​រួម​ក្រុម Leclerc បាន​ធ្លាក់​ពី​លេខ​២​ទៅ​លេខ​៣ ហើយ Valtteri Bottas ដៃគូ Hamilton ដែល​បើក​ឲ្យ​ក្រុម Mercedes បាន​លេខ​២​ពី​ការប្រណាំង​នៅ​រុស្ស៊ី​នេះ​។​



​ការបែកបាក់​សាមគ្គី​ក្រុម Ferrari នេះ បាន​ផ្តល់ឱកាស​ខ្ពស់បំផុត​សម្រាប់​ម្ចាស់​ជើងឯក​៥​សម័យ Hamilton ដើម្បី​រក្សា​តំណែង​ជើងឯក​របស់ខ្លួន​នៅ​រដូវ​កាល​២០១៩​នេះ ដ្បិត​មាន​ពិន្ទុ​នាំមុខ​ដាច់​។​
​ឆ្លងកាត់​ការប្រកួត​១៦​ទីលាន​ចុងក្រោយ Hamilton ឈរ​នៅ​កំពូល​តារាង​មាន​៣២២​ពិន្ទុ តាម​ពីក្រោយ​ដោយ​មិត្ត​រួម​ក្រុម Bottas មាន​២៤៩​ពិន្ទុ និង​លេខ​៣ Charles Leclerc របស់ Ferrari មាន​២១៥​ពិន្ទុ​។ ព្រឹត្តិការណ៍ F1 រដូវ​កាល​នេះ​នៅសល់​៦​ទីលាន​ទៀត​ប៉ុណ្ណោះ ហើយ​ការប្រណាំង​បន្ទាប់ពី​ប្រទេស​រុស្ស៊ី នឹង​បន្ត​ទៅកាន់​ទឹកដី​ជប៉ុន Japan Grand Prix ចាប់ពី​ថ្ងៃទី​១១-១៣ ខែតុលា​។​

​ដោយឡែក​សម្រាប់​ផ្នែក​គ្រឿង​ម៉ាស៊ីន​វិញ Hamilton និង Bottas បាន​ជួយ​ក្រុម Mercedes បន្ត​ការ​នាំមុខ​កាន់តែ​ឆ្ងាយ​ពី​គូប្រជែង Ferrari រហូតដល់​១៦២​ពិន្ទុ​ឯណោះ​។  Mercedes រកបាន ៥៧១​ពិន្ទុ និង​Ferrari មាន​៤០៩​ពិន្ទុ​។ Red Bull Racing Honda នៅ​លេខ​៣ មាន​៣១១​ពិន្ទុ​៕



Tag:
 Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com