ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ស្វាយ សរ បង្រៀនភ្លេងដល់សិស្សជំនាន់ក្រោយ តាមបណ្ដាំគ្រូ
01, Oct 2019 ,
8:19 am
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ ទោះបីមានវ័យ៨៤ឆ្នាំទៅហើយក្ដី ក៏លោក ស្វាយ សរ នៅតែបង្រៀនភ្លេងសម័យដល់ក្មេងជំនាន់ក្រោយតាមបណ្ដាំរបស់គ្រូ។ លោកចាត់ទុកថា ការបង្រៀនសិស្សដែលធ្វើតាមបណ្ដាំគ្រូ គឺជាការតបគុណគ្រូមួយផ្នែកដែរ។ ទោះបង្រៀនឯកទេសភ្លេងសម័យក្ដី ក៏លោក ស្វាយ សរ តែងតែឱ្យសិស្សរៀននិងស្គាល់ពីដំណើរភ្លេងបុរាណខ្មែរដែរ។
តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
«ខ្ញុំបើកថ្នាក់បង្រៀនភ្លេងនេះតាំងពីសង្គមចាស់។ ឥឡូវនេះខ្ញុំធ្វើការផងនិងបង្រៀនភ្លេងផង។ ខ្ញុំធ្វើតាមបណ្ដាំគ្រូរបស់ខ្ញុំ គាត់ថាចេះហើយកុំលាក់ទុកតែខ្លួនឯង។ ថ្វីដ្បិតតែខ្ញុំចាស់អស់កម្លាំងកាយមែន តែនៅសល់កម្លាំងចិត្ត ដែលខំបណ្ដុះបណ្ដាលក្មេងដើម្បីឱ្យបន្តវេន។ ខ្ញុំបង្រៀននេះតាមរបៀបអន្តរជាតិ»។ នេះគឺជាការប្រាប់ពីជំហរក្នុងការបង្រៀនសិស្សរបស់លោក ស្វាយ សរ ដែលមានវ័យ៨៤ឆ្នាំទៅហើយនោះ។
កំពុងបង្រៀនសិស្សនៅខាងមុខផ្ទះដែលមានឧបករណ៍ភ្លេងបរទេសដូចជាព្យាណូ និងអ័កជាដើមនោះលោក ស្វាយ សរ ដែលពាក់អាវពណ៌កាកអំពៅឆ្នូតខ្មៅ និងពាក់ម៉ាស់ដើម្បីការពារជំងឺផ្ដាសាយផងនោះ បានប្រាប់ពីរបៀបដែលលោកបង្រៀនភ្លេងដល់សិស្ស។
«យើងបង្រៀនពីអក្សរភ្លេងត្រឹមត្រូវ។ យើងចុចឧបករណ៍ភ្លេងហើយ យើងច្រៀងតាមខ្ទង់តាមសំឡេងរបស់ភ្លេងកុំឱ្យខុសកុំឱ្យភ្លាវ ទើបយើងដឹងថាលេងខុស។ កាលណាចុចភ្លេងខុស ហើយនៅតែច្រៀងខុស នោះខ្ញុំឱ្យរៀនទៀត គឺរៀនទាល់តែចេះ។ តាំងពីចេញពីប៉ុលពតមក ខ្ញុំបានបង្កើតក្រុមភ្លេងប្រហែលជា៩ក្រុមហើយ។ ក្រុមទី១គេបានចេញទៅប្រកបរបររកស៊ី ដោយជោគជ័យអ្នកខ្លះបានទិញឡាននិងម៉ូតូខ្លះហើយ»។ នេះជាការបន្ថែមរបស់លោក ស្វាយ សរ។
ទើបតែមានអាយុ១១ឆ្នាំ កុមារា ផល ធារី ដែលមានឪពុកធ្លាប់មករៀនភ្លេងពីសាលាតូរ្យតន្ត្រីសម័យ ស្វាយ សរ ដែរនោះ បានមករៀនភ្លេងសម័យតាមបង្គាត់របស់ឪពុក។ មានសម្បុរស្រអែម ពាក់អាវពណ៌ក្រហមដៃវែង បច្ចុប្បន្ន ធារី អាចលេងភ្លេងបានប្រមាណ៣០បទ។ ទោះជាយ៉ាងណាកុមារាដែលមានឪពុងជាតន្ត្រីករនោះ មានការលំបាកខ្លះដែរកាលរៀនភ្លេងដំបូង៖«ពិបាកពេលដែលខ្ញុំមិនទាន់ចេះវៃចង្វាក់ ខ្ញុំដេញទៅចេះតែខុសរហូត»។
ការមករៀនភ្លេងធ្វើឱ្យ ធារី មានការលំបាកពេលទៅរៀនចំណេះដឹងទូទៅនៅសាលារដ្ឋ។ តាមគម្រោង កុមារាដែលមានកំណើតនៅស្រុកល្វាឯមខេត្តកណ្ដាលរូបនេះ ទំនងអាចបន្តការសិក្សាបានត្រឹមតែថ្នាក់ទី១០តែប៉ុណ្ណោះ៖«ជាប់រៀនភ្លេងនៅទីនេះ ពេលទៅផ្ទះវិញខកជើងស្រឡាង ខ្ញុំទៅរៀនអក្សរមិនទាន់។ ប៉ាឱ្យខ្ញុំរៀនត្រឹមថ្នាក់ទី១០។ គាត់ថាបើខ្ញុំរៀនអក្សរត្រូវរៀនច្រើនឆ្នាំ ទម្រាំបានធ្វើការ។ ខ្ញុំរៀនភ្លេង២ទៅ៣ឆ្នាំទៀត គាត់ឱ្យខ្ញុំចេញលេងតាមរោងហើយ។ ទាល់តែរៀនភ្លេងចេះទើបខ្ញុំរៀនអក្សរច្រើនវិញ។ រៀនភ្លេងអារម្មណ៍របស់ខ្ញុំដូចជាចូលក្នុងភ្លេងនេះណាស់»។
ចំណែកសិស្សភ្លេងមួយរូបទៀតគឺយុវសិស្ស កែវ គឹមសៀ។ គឹម សៀ ត្រូវរវល់ច្រើនព្រោះតែការរៀនច្រើនមុខ៖«ខ្ញុំត្រូវរៀនចំណេះដឹងទូទៅ អង់គ្លេស និងរៀនភ្លេងទៀត ពេលខ្លះស្មុគពេកខ្ញុំអង្គុយតែឯង។ តែពេលខ្លះហាត់ភ្លេងជុំគ្នាសប្បាយ។ ខ្ញុំរៀនភ្លេងព្រឹក ខ្មែរថ្ងៃ និងអង់គ្លេសយប់»។
រៀនចំណេះដឹងទូទៅនៅសាលាឯកជនថ្នាក់ទី៨ និងរៀនភ្លេងបានរយៈពេល២ បុរសដែលមានម្ដាយនិងឪពុកទៅធ្វើការនៅប្រទេសកូរ៉េរូបនេះ ថាទោះបីរស់នៅតែជាមួយជីដូននិងបងស្រីក្ដី ក៏គេត្រូវប្រឹងប្រែងរៀនសូត្រដើម្បីអនាគត និងតបស្នងដល់អ្នកមានគុណ៖«មិនមានប៉ាម៉ាក់នៅក្បែរខ្ញុំមានអារម្មណ៍ដូចជាបាត់ភាពកក់ក្ដៅ។ ទោះបីមិនមានពួកគាត់នៅក្បែរក៏ខ្ញុំនៅតែខំរៀន ដើម្បីអនាគតរបស់ខ្ញុំ។ នៅផ្ទះខ្ញុំកេះហ្គីតាលេង និងអានសៀវភៅឱ្យប៉ាម៉ាក់ស្ដាប់»។
កាន់ឧបករណ៍ព្យាណូលោក សរ ស៊ីនួន ដែលមានអាយុ២២ឆ្នាំ ត្រូវជាចៅបង្កើតរបស់លោក ស្វាយ សរ ផ្ទាល់តែម្ដង។ រៀនភ្លេងអស់រយៈពេល៤ឆ្នាំ ស៊ីនួន ចេះបានប្រមាណជាង១០០បទ ហើយពេលនេះលោកក៏ក្លាយជាគ្រូភ្លេងនៅសាលាឯកជនមួយផងដែរ។ របរភ្លេងបានជួយឱ្យបុរសសម្បុរស្រអែមរូបនេះ រកចំណូលបានគួរសម។ ស៊ីនួន បានប្រាប់ពីការលំបាកពេលរៀនភ្លេងដំបូង៖«សម្រាប់ខ្ញុំលំហាត់ដៃលំបាកជាងគេ ប៉ុន្តែពេលហ្វឹកហាត់រាល់ថ្ងៃ វាងាយស្រួលវិញ»។
អាចនិយាយថាបានតម្រង់ទិសសម្រាប់អនាគតរួចជាស្រេចទាំងវ័យក្មេងយុវជន ស៊ីនួន បានចែករំលែកដល់យុវជនដទៃដូច្នេះ៖«ពីអាយុ២០ឆ្នាំឡើងលើគឺជាពេលវេលាមាស់ប្រាក់ ដូច្នេះការចាប់យកជំនាញអ្វីមួយ ឬរៀនភាសាអ្វីមួយឱ្យច្បាស់ គឺមានតម្លៃសម្រាប់យើង។ ការជ្រើសរើសនោះគឺបានកំណត់គោលដៅជីវិតរបស់យើង»។
វិលមកគ្រូបង្រៀនភ្លេងវិញម្ដង។ ដ្បិតបង្រៀនភ្លេងសម័យ តែគ្រូដែលបើកសាលាបង្រៀននៅក្នុងផ្ទះរបស់ខ្លួនរូបនេះ តែងតែបង្រៀនសិស្សឱ្យចេះពីដំណើរភ្លេងបុរាណខ្មែរផងដែរ៖«ថ្វីបើឧបករណ៍ទាំងអស់នេះជារបស់បរទេសមែន ប៉ុន្តែយើងកុំភ្លេចភ្លេងបុរាណរបស់យើង។ សិស្សរបស់ខ្ញុំពេលរៀនបាន២ខែ ខ្ញុំឱ្យវារៀនមើលណោតភ្លេងខ្មែរ ដូចជាទឹកហូរកាត់ខ្សាច់ ក្រមុំឡាវ និងបទផ្សេងទៀត។ ខ្ញុំតែងតែអប់រំគាត់មិនឱ្យភ្លេចអ្វីដែលជាខ្មែរទេ»។
មានផ្ទះជិតវត្តវាលស្បូវសង្កាត់ច្បារអំពៅ គ្រូបង្ហាត់ភ្លេងតាំងពីសម័យសង្គមរាស្ត្រនិយម ស្វាយ សរ ថាជំនាញភ្លេងនេះហើយ ដែលបានជួយឱ្យលោកអាចចិញ្ចឹមម្ដាយនិងឪពុកបាន៖«នៅឆ្នាំ១៩៥១ទៅ៥២និង៥៣ខ្ញុំគឺជាកូនអ្នកក្រទេ ប៉ុន្តែពេលខ្ញុំចេះភ្លេង ខ្ញុំបានយករបរនេះទៅចិញ្ចឹមម្ដាយឪពុករបស់ខ្ញុំ និងយកទៅទិញដីនិងទិញផ្ទះ។ ពីដើមខ្ញុំធ្វើការនៅក្នុងវាំងបម្រើអតីតព្រះមហាក្សត្រតាំងពីទ្រង់ដាក់រាជ្យ។ ខ្ញុំជាអ្នករឹតព្យាណូថ្វាយព្រះអង្គ ហើយជាអ្នកសរសេរណោតថ្វាយព្រះអង្គ»។
លោក ស្វាយ សរ ដែលនៅលេងភ្លេងក្នុងស្ថានីយ៍ទូរទស្សន៍មួយ និងនៅតែបង្រៀនភ្លេងផងនោះ បានផ្ដាំផ្ញើដល់យុវជនដូច្នេះ៖«យើងមានតម្រិះយើងកុំលាក់។ នៅពេលដែលយើងចាស់ កុំឱ្យគេនិយាយថា ចាស់ហើយរស់ចង្អៀតផែនដី។ ខ្ញុំគេចពាក្យនេះឱ្យបាន លុះត្រាណាតែខ្ញុំដេកដើរមិនរួចតែម្ដង ទើបខ្ញុំឈប់បង្រៀន»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្វាយ សរ
ភ្លេង
សិស្ស
តន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម