អន្តរជាតិ
លោក ស៊ី ជិន​ភីង ប្តេជ្ញា​ប្រកាន់ខ្ជាប់​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» នៅ​ហុងកុង​
01, Oct 2019 , 9:55 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជីនពីង នៅវិមានសភាប្រជាជនចិន នាក្រុងប៉េកាំង ថ្ងៃ ៣០ កញ្ញាឆ្នាំ២០១៩ (AFP)
ប្រធានាធិបតីចិន ស៊ី ជីនពីង នៅវិមានសភាប្រជាជនចិន នាក្រុងប៉េកាំង ថ្ងៃ ៣០ កញ្ញាឆ្នាំ២០១៩ (AFP)
ដោយ:
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​៣០ ខែកញ្ញា បាន​ប្តេជ្ញា​គាំទ្រ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» (One country, two systems) ក្នុង​ទីក្រុង​ហុងកុង ។ ការបញ្ជាក់​របស់​មេដឹកនាំ​ចិន​រូបនេះ ធ្វើឡើង​ក្រោយ​ផ្ទុះ​បាតុកម្ម​ជាច្រើន​ខែ​ក្នុង​ទីក្រុង​នេះ ជុំវិញ​អ្វីដែល​ក្រុមអ្នកតវ៉ា​អះអាងថា​បំផ្លាញ​សិទ្ធិសេរីភាព​ពួកគេ​។


 
​ថ្លែង​នៅ​ពិធី​លាង​សាយភោជន៍​ក្នុង​រដ្ឋធានី ប៉េកាំង មុន​ការ​ប្រារព្ធ​ខួប​៧០​ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ស៊ី ជិន​ភីង បញ្ជាក់ថា ប្រទេស​ចិន នឹង​បន្ត​អនុវត្ត​យ៉ាង​ពេញលេញ និង​ស្មោះស្ម័គ្រ​ចំពោះ​គោលការណ៍​នៃ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ក្នុង​ទីក្រុង​ហុងកុង និង​ម៉ា​កាវ​។ គោលការណ៍​ស្នូល​នេះហើយ អនុញ្ញាត​ឲ្យ​ក្រុង​ទាំងពីរ​ដឹកនាំ​ជាមួយ​ស្វ័យភាព​កម្រិត​ខ្ពស់​។ 

​ប្រមុខ​ដឹកនាំ​ចិន​ដ៏​មាន​ឥទ្ធិពល​រូបនេះ លើកឡើង​ទៀតថា​៖«​យើង​មាន​ទំនុកចិត្ត​ថា ជាមួយ​ការគាំទ្រ​ពេញលេញ​ចំពោះ​ដែន​មាតុប្រទេស និង​កិច្ចប្រឹងប្រែង​របស់​ពល​រដ្ឋ​ចិន​ក្នុង​ទីក្រុង​ហុងកុង និង​ម៉ា​កាវ ដែល​ស្រឡាញ់​មាតុប្រទេស​ខ្លួន […] ហុងកុង នឹង​ដំណើរការ​ទៅមុខ និង​មានការ​រីកចម្រើន ជាមួយគ្នា​នឹង​ចិនដីគោក​»​។

«​ការរួបរួម គឺជា​ដែក និង​ដែកថែប​។ ការរួបរួម គឺជា​ប្រភព​នៃ​កម្លាំង​»​។ លោក ស៊ី និយាយ​បែបនេះ​នៅក្នុង​សុន្ទរកថា​របស់លោក​។ ដោយ​សំដៅលើ​កោះ​តៃវ៉ាន់ ដែល​ក្រុង​ប៉េកាំង​ចាត់ទុកជា​ផ្នែក​មួយ​នៃ​ដែន​អធិបតេយ្យ​ដែល​រង់ចាំ​ការបង្រួបបង្រួម លោក លើកឡើងថា​៖«​ការបង្រួបបង្រួម​ទាំងស្រុង​នៃ​មាតុប្រទេស គឺជា​និន្នាការ​ដែល​មិនអាច​ចៀសផុត​ឡើយ […] គ្មាន​នរណាម្នាក់ និង​កម្លាំង​ណាមួយ បញ្ឈប់​វា​បាន​នោះឡើយ​» ។​

​សូមបញ្ជាក់ថា ខណៈ​នេះ ចិន​កំពុង​រៀបចំ​ខួប​ទី​៧០​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី ១ តុលា ដែល​រួមមាន ការធ្វើ​ព្យុហយាត្រា​យោធា​ដ៏​ធំ​សម្បើម​របស់ខ្លួន​។ ចំណែកឯ បាតុករ​ក្នុង​ក្រុង​ហុងកុង​ក៏​សង្ឃឹម​រៀបចំ​ធ្វើបាតុកម្ម​មួយ​ផ្សេងទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​រំខាន​ដល់​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ចិន​នេះ ក្រោយ​មានការ​ប៉ះទង្គិច​ហិង្សា​នា​ចុង​សប្តាហ៍​មុន​ជាមួយ​ប៉ូលិស​៕

Tag:
 ចិន​
  ហុងកុង​
  ស៊ី​ជីន​ពីង​
  ប្រទេសមួយ​ប្រព័ន្ធ​ពីរ
© រក្សាសិទ្ធិដោយ thmeythmey.com