ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ភ្ជុំបិណ្ឌ៖ភ្ញៀវជាតិទៅលេងខេត្តព្រះសីហនុថយចុះ តែភ្ញៀវអន្តរជាតិកើនឡើងជាង៥០០ភាគរយ
× ភ្នំពេញ៖ គិតត្រឹមរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៧-២៩ខែកញ្ញា ឆ្នាំ២០១៩ មានភ្ញៀវទេសចរសរុបជាង៨ម៉ឺននាក់ បានធ្វើដំណើរមកកម្សាន្តខេត្តព្រះសីហនុ។ នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ។
លោកស្រី អ៊ឹម ចន្ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បាននិយាយថា ចំនួនភ្ញៀវទេសចរ៨២,៩៥៨នាក់នេះ កើនឡើងជាង៤ភាគរយ បើធៀបនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨។ បើតាមលោកស្រី ចន្ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ មានភ្ញៀវអន្តរជាតិជាង៤ម៉ឺននាក់ កើនឡើង៥៧៥.២៤ភាគរយ ខណៈភ្ញៀវជាតិជិត៤ម៉ឺននាក់ ថយចុះ៤៥.៧៥ ភាគរយ។ អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរូបនេះ ពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុដែលទេសចរអន្តរជាតិកើនឡើងដោយសារឆ្នាំនេះ មានជនជាតិចិនមកកម្សាន្តច្រើនជាងឆ្នាំមុន។
បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ភ្ញៀវដែលទៅកម្សាន្តលេងក្នុងខេត្តភាគច្រើន ដើរលំហែតាមឆ្នេរ និងកោះនានា រួមទាំងសម្រាកលំហែកាយនៅពិកនិកជាដើម។
សូមបញ្ជាក់ថា រយៈពេល៩ខែឆ្នាំ២០១៩នេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុសរុបចំនួន១,៧៩៥,៣៨២នាក់ ក្នុងនោះទេចរអន្តរជាតិមានចំនួន៦៤៩,៥៧១នាក់ និងទេសចរជាតិចំនួន១,១៤៥,៨១១នាក់៕
Tag:
ភ្ជុំបិណ្ឌ
ទេសចរណ៍
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com