ជាតិ
​​​ន​យោ​បាយ​ជាតិ​
សកម្មជន​ខាង​ប្រឆាំង ត្រូវ​ចោទ​ពីបទ «​រួមគំនិត​ក្បត់ជាតិ​» ជា​បន្តបន្ទាប់
01, Oct 2019 , 11:59 am        
រូបភាព
លោក ម៉ោញ សារ៉ាត់ មន្រ្តីម្នាក់នៃអតីតគណបក្សប្រឆាំង ដែលត្រូវចោទពីបទរួមគំនិតក្បត់
លោក ម៉ោញ សារ៉ាត់ មន្រ្តីម្នាក់នៃអតីតគណបក្សប្រឆាំង ដែលត្រូវចោទពីបទរួមគំនិតក្បត់
ដោយ: ថ្មីៗ
​សកម្មជន​៦​នាក់​បន្ថែមទៀត នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ ដែល​សំដៅលើ​ការរួម​គំនិត​ក្បត់ជាតិ​។ តុលាការ លើក​អង្គហេតុ​ស្រដៀង​គ្នា ថា ដោយសារតែ​ពួកគេ បាន​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​និង​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​ត្រៀម​ទទួល​ការវិលត្រឡប់​របស់លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ទើប​ពួកគេ រង​ពីបទ​ចោទ​រួមគំនិត​ក្បត់​នេះ​។

​សកម្មជន​ទាំង​៦​នាក់​នោះ គឺ លោក ងិន សុផាត លោក ធឿន ប៊ុនធន (​នៅ​រតនគិរី​) លោក  ម៉ោញ សារ៉ាត់ (​នៅ​ឧ​ត្ត​រ​មានជ័យ ) លោក ម៉ៅ វិបុល (​នៅ​ស្វាយរៀង​) លោក ស្រឿ​ន ស្រ៊ាង (​នៅ​កំពង់ចាម​) និង កញ្ញា សៅ ឧសភា (​នៅ​ព្រះសីហនុ​)​។

​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​ខ្លះ​ក្នុងចំណោម​សកម្មជន​ទាំង​៦​នាក់​ខាងលើ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ ថា ពួកគេ មិនទាន់​ត្រូវបាន​ឃុំខ្លួន​នោះទេ​។ លោក បញ្ជាក់ថា​៖«​ពួកគាត់ រក​កន្លែង​មាន​សុ​វត្តិភាព​សិន ហើយ​ទុក​ឲ្យ​មេធាវី ធ្វើការ​ខាង​នីតិវិធី​»​។ យ៉ាងណា លោក ពុំបាន​ទទួលបានព័ត៌​មាន​ឡើយថា កូនក្តី​ទាំងនោះ គេច​ទៅ​ក្រៅប្រទេស ឬក៏​លាក់ខ្លួន​នៅ​កន្លែង​ណាមួយ នៅក្នុង​ស្រុក​។  

​ស្ថាប័ន​អយ្យការ​អម​តុលាការ​រាជធានី​-​ខេត្ត ដែល​ចោទប្រកាន់​សកម្មជន​ទាំងនោះ បាន​ព្រមាន​ពី​ផ្លូវច្បាប់​ដូចគ្នា​ថា​៖«​អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ​ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល នឹងត្រូវ​ប្រឈម​ការចោទប្រកាន់​បញ្ជូនទៅ​តុលាការ​កាត់ទោស​តាមច្បាប់ ពីបទ​រួមគំនិត​ក្បត់ ដែល​ត្រូវ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ តាម​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ លើកលែងតែ​អ្នកពាក់ព័ន្ធ​ទាំងនោះ ចូលមក​សារភាព​ទាន់ពេលវេលា ដែល​អាច​នឹងត្រូវ​លើកលែង​ឲ្យ​រួច​ផុតពី​ទោស តាម​បញ្ញត្តិ​ពិសេស​នៃ​មាត្រា​៤៥៤​នៃ​ក្រមព្រហ្មទណ្ឌ​»​។​

​មកដល់ពេលនេះ យ៉ាងហោចណាស់ មាន​សកម្មជន​និង​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង​ដល់​ទៅ​១៣​នាក់​ហើយ ដែល​ត្រូវ​ចោទ​ពីបទ​រួមគំនិត​ក្បត់​។ អ្នក​ទាំង​៧​នាក់ ដែល​រង​ការ​ចោទនា​ពេលកន្លងមក គឺ កញ្ញា យូ ចាន់​ធានី លោក ទុំ ប៊ុនថន (​នៅ​ភ្នំពេញ​) លោក លី ម៉េង​ឃាង លោក លី លីន លោក ឈុន ថៃ​យុទ្ធ (​នៅ​ខេត្តកណ្តាល​) លោក ហ៊ុន សុ​គង់ (​នៅ​កំពង់ចាម​) និង លោក យ៉ា​ត ភារ​ម្យ (​នៅ​ខេត្តបន្ទាយមានជ័យ​)​។ អ្នក​ទាំង​៧​នាក់​នេះ កំពុង​ជាប់ឃុំ​៕

អត្ថបទទាក់ទង



Tag:
 សកម្មជន
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com