កីឡាអន្តរជាតិ
អន្តរជាតិ
Honda បង្ហើបតាម Twitter ថា ត្រៀមខ្លួនជានិច្ច បើ Man Utd ឬ AC Milan ត្រូវការ
× អ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបង្ហាញពីបំណងចង់ទៅលេងឲ្យក្រុម Manchester United និង AC Milan ដែលកំពុងត្រដាបត្រដួសដោយមិនយកប្រាក់ឈ្នួលឡើយ។ អតីតកីឡាករ Melbourne Victory រូបនេះអះអាងនៅលើបណ្តាញសង្គម Twitter ផ្ទាល់របស់លោកដូច្នេះ។
សព្វថ្ងៃ Honda ក្រៅពីការងារដឹកនាំក្រុមកម្ពុជា លោកមិនទាន់មានក្លិបលេងឲ្យនោះទេចាប់តាំងពីបញ្ចប់កិច្ចសន្យាជាមួយ Melbourne ក្រុមនៃលីគកីឡាបាល់ទាត់អូស្ត្រាលី A-League នៅចុងបញ្ចប់រដូវកាលមុន។
អតីតសមាជិកក្រុមជម្រើជាតិជប៉ុន វ័យ៣៣ឆ្នាំ នៅថ្ងៃទី២៧ ខែកញ្ញា បានប្រើប្រាស់បណ្តាញសង្គម Twitter ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមយក្សអង់គ្លេស Man Utd ដោយសរសេរថា៖«សូមផ្តល់ឲ្យខ្ញុំ។ ខ្ញុំមិនត្រូវការប្រាក់ទេ ប៉ុន្តែខ្ញុំត្រូវការលេងជាមួយក្រុមនិងមិត្តរួមក្រុមដ៏អស្ចារ្យ! @ManUtd»។
ការបង្ហាញបំណងរបស់ Honda ដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រុមបិសាចក្រហមកំពុងមានវិបត្តិខ្វះកីឡាករដោយសាបញ្ហារបួសដូចជា Anthony Martial, Marcus Rashford និង Paul Pogba ជាដើម និងព្រមទាំងបង្ហាញខ្លួនមិនបានល្អសោះនៅដើមរដូវកាលថ្មី ២០១៩-២០ នេះ។ Man Utd រកបានតែ៩ពិន្ទុប៉ុណ្ណោះពីការប្រកួត៧លើក ឈរនៅលេខរៀងទី១០ក្នុងតារាង Premier League ពោលគឺតាមពីក្រោយ Liverpool ដល់ទៅ១២ពិន្ទុ។
ប្រសិនបើក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Ole Gunnar Solskjær ពិតជាផ្តល់សំណើរដល់ Honda មែននោះ ពួកគេត្រូវធ្វើយ៉ាងណាឲ្យបានមុខ AC Milan ដ្បិត Honda ក៏បានផ្តល់ភ្លើងខៀវសម្រាប់អតីតក្រុមចាស់របស់ខ្លួនដែលកំពុងជួបការលំបាកដូចគ្នា។
Honda បានសរសេរលើ Twitter នៅថ្ងៃទី៣០ ខែកញ្ញា ថា៖«ខ្ញុំពិតជាចង់ជួយអ្នក។ ប្រាប់ខ្ញុំ នៅពេលអ្នកត្រូវការខ្ញុំ! @acmilan»។
AC Milan ក៏ជាក្រុមកំពុងត្រដាបត្រដួសផងដែរ នាការចាប់ផ្តើមរដូវកាលដ៏អាក្រក់ក្នុងក្របខណ្ឌ Serie A រដូវកាលនេះ ដោយរកបានតែ៦ពិន្ទុប៉ុណ្ណោះពីការប្រកួត៦លើក ក្នុងនោះឈ្នះ២ និងចាញ់ដល់ទៅ៤លើក ឈរចំណាត់ថ្នាក់ទី១៦៕
Tag:
Manchester United
Keisuke Honda
ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com