អន្តរជាតិ
ប្រឈមមុខ​ទណ្ឌកម្ម​អាមេរិក​, ឥណ្ឌា​ថា ទិញ​អាវុធ​ពី​រុស្ស៊ី ជា​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន​
01, Oct 2019 , 7:19 pm        
រូបភាព
ប្រមុខការទូតឥណ្ឌា ចៃសានកា និងប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ ។ រូបថត AFP
ប្រមុខការទូតឥណ្ឌា ចៃសានកា និងប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ ។ រូបថត AFP
​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ចៃ​សាន​កា (S. Jaishankar) នៅ​ថ្ងៃទី​៣០ ខែកញ្ញា បាន​និយាយ​ការពារ​គម្រោង​អាវុធ​ពី​រុស្ស៊ី​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក ស្រប​ពេលដែល​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចង់​ដាក់ទណ្ឌកម្ម​នោះ​។ ប្រមុខ​ការទូត​ឥណ្ឌា​រូបនេះ ចាត់ទុក​ការ​ទុក​អាវុធ​ពី​រុស្ស៊ី ជា​សិទ្ធិ​អធិបតេយ្យ​របស​ឥណ្ឌា ហើយ​ឥណ្ឌា​មាន​សិទ្ធិ​ទិញ​អាវុធ​ទុក​ការពារ​ខ្លួន​ពី​ប្រទេស​ណា​ក៏បាន ដោយ​មិនចាំបាច់​ស្ដាប់​យោបល់​ប្រទេស​ណាមួយ​ឡើយ​។



​គម្រោង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី​ដោយ​ឥណ្ឌា គឺជា​បញ្ហាសំខាន់​មួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោក ចៃ​សាន​កា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​គំរាម​ដាក់ទណ្ឌកម្ម​លើ​ឥណ្ឌា បើសិន​បន្ត​ទិញ​សព្វាវុធ​ពី​រុស្សុីនោះ​។ ប៉ុន្តែ​ទី​ក្រុ​ងញូវដែលី ហាក់​មិន​អើពើ​នឹង​ការ​គំរាម​នេះឡើយ​។

​ប្រាប់​អ្នកសារព័ត៌មាន​មុន​ជំនួប​ជាមួយ​សម​ភាគី​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ លោក ចៃ​សាន​កា និយាយថា គ្រឿង​បរិក្ខា​យោធា​ដែល​ឥណ្ឌា​ទិញ ជា​សិទ្ធិ​អធិប​តេ​យ្យេ​របស់​ឥណ្ឌា​។ ក្នុងន័យ​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​អាមេរិក​នោះ ប្រមុខ​ការទូត​ឥណ្ឌា​ដែល​ទើប​កាន់តំណែង​ថ្មីៗ​រូបនេះ​បញ្ជាក់ថា ឥណ្ឌា​មិន​ចង់​ឲ្យ​ប្រទេស​ណា​ប្រាប់ថា ត្រូវ​ទិញ​អ្វី ឬ​មិនត្រូវ​ទិញ​អ្វី​ពី​រុស្ស៊ី ហើយក៏​មិន​ចង់​ឲ្យ​ប្រទេស​ណា​ប្រាប់ថា ត្រូវ​ទិញ​អ្វី ឬ​មិនត្រូវ​ទិញ​អ្វី​ពី​អាមេរិក​ដែរ​។​

«​សេរីភាព​នៃ​ការជ្រើសរើស​ជា​របស់​យើង ហើយ​យើង​គិតថា វា​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងអស់​ដែល​ទទួលស្គាល់​ចំណុច​នេះ​។​» នេះ​ជាការ​សង្កត់ធ្ងន់​របស់​លោក ចៃ​សាន​កា ជុំវិញ​សិទ្ធិ​ទិញ​អាវុធ​ពី​បរទេស​របស់​ឥណ្ឌា​។ កាលពី​ឆ្នាំមុន ឥណ្ឌា បញ្ជា​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី​ដែលជា​អតីត​សម្ព័ន្ធមិត្ត​សម័យ​សង្គ្រាមត្រជាក់​ចំនួន​៥​គ្រឿងក្នុង​តម្លៃ​៥,២​ពាន់​លាន​ដុល្លារ​។ ទីក្រុង​មូ​ស្គូ​អះអាងថា ការដឹកជញ្ជូន​កំពុង​ធ្វើឡើង​ហើយ​។

​ការទិញ​សព្វាវុធ​ពី​រុស្ស៊ី​នេះ រង​ការជំទាស់​ខ្លាំង​ពី​ទីក្រុង​វ៉ាស៊ីនតោន​។ ក្រោម​ច្បាប់​របស់ខ្លួន អាមេរិក​អាចដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ទី​បី​ណា​ដែល​ហ៊ាន​ទិញ​អាវុធ​ពី​រុស្ស៊ី ព្រោះ​រុស្ស៊ី​ជាប់ទាក់ទង​វិបត្តិ​នៅ​ស៊ី​រី អ៊ុយ​ក្រែ​ន និង​ការជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​អាមេរិក​។ ចិន ដែល​ទិញ​យន្តហោះ Su-35 ពី​រុស្ស៊ី ក៏បាន​រង​ទណ្ឌកម្ម​អាម​រិ​ក​រួចហើយ​ដែរ​។ តួ​ក​គី​ជា​ប្រទេសមួយ​ដែល​ធ្វើ​ឲ្យ​អាមេរិក​ខឹងសម្បារ​ដោយសារ​ការទិញ S-400 ពី​រុស្ស៊ី​ដែរ​។​

​ទោះជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អាមេរិក​ក្ដី ឥណ្ឌា ក៏​បន្ត​ស្វែងរក​ទីផ្សារ​អាវុធ​នៅតាម​ប្រទេស​ផលិត​អាវុធ​ឯទៀត ពិសេស​រុស្ស៊ី​ដែលជា​គូប្រជែង​របស់​អាមេរិក ព្រោះ​ឥណ្ឌា​នៅតែ​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​ផងដែរ​។ ដ្បិត​ទំនាក់ទំនង​ជារួម​ល្អប្រសើរ​ក្ដី ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ញូវដែលី នៅមាន​បញ្ហា​ថ្នាំងថ្នាក់​មួយទៀត គឺ​បញ្ហា​អ៊ីរ៉ង់​។ ឥណ្ឌា នៅតែ​បន្ត​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ទោះ​អាមេរិក បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ក៏ដោយចុះ​៕

Tag:
 ឥណ្ឌា​
  អាមេរិក​
  រុស្ស៊ី​
  S. Jaishankar
  S-400
© រក្សាសិទ្ធិដោយ thmeythmey.com