ជាតិ
សង្គមជាតិ
អំឡុងពេលកាន់បិណ្ឌ អគ្គិភ័យកើតឡើង៣០លើកក្នុងនោះភ្នំពេញ១០លើក បាត់ដំបង៥លើក រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ រយៈពេល១៥ថ្ងៃនៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែកញ្ញា អគ្គិភ័យកើតឡើងចំនួន៣០លើក ទូទាំងរាជធានី-ខេត្ត។ តួលេខនេះ មានការកើនឡើងចំនួន១២លើក បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាល បង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា។
របាយការណ៍របស់នាយកដ្ឋាននគរបាល បង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា អគ្គិភ័យទាំង៣០លើកនោះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ និងរងរបួស០៨នាក់ ហើយឆេះផ្ទះចំនួន២៩ខ្នង, ឆេះបន្ទប់០១ខ្នង, ឆេះបឹងហ្គាឡូ០២ខ្នង, ឆេះតូបលក់គ្រឿងទេស០២តូប និងឆេះរោងសិប្បកម្មបាយក្តាំង០១ខ្នង។
ទីតាំងដែលបង្កហេតុជាអគ្គិភ័យកើតឡើងច្រើនជាងគេ គឺរាជធានីភ្នំពេញចំនួន១០លើក បន្ទាប់មកខេត្តបាត់ដំបង៥លើក ព្រះសីហនុ, កំពង់ធំ ៣លើកដូចគ្នា, សៀមរាប, កំពង់ស្ពឺ ២លើកដូចគ្នា, ខេត្តស្ទឹងត្រែង,ត្បូងឃ្មុំ,កំពង់ចាម១លើកដូចគ្នា។ នេះបើតាមរបាយការណ៍ដដែល។
បើតាមរបាយការណ៍ដដែល មូលហេតុដែលនាំឲ្យអគ្គិភ័យកើតឡើងគឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនីចំនួន១៥លើក, ភ្លើងទៀនធូប១លើក, ផ្ទុះហ្គាស៣លើក, ក្មេងលេងភ្លើង២លើក, ដុតផ្ទះខ្លួនឯង៤លើក, ឆាបសាំង១លើក, បាក់បំពង់បឺតផ្សែង១លើក,រថយន្តបុកម៉ូតូ០១លើក និងក្តាប់មិនបានចំនួន០២លើក។
របាយការណ៍បង្ហាញថា នៅពាក់កណ្តាលឆ្នាំ២០១៩នេះ មានអគ្គិភ័យកើតឡើង៤២៩លើក បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និង៤៦នាក់របួស ហើយឆេះផ្ទះអស់៤១៨ខ្នង។ បើតាមរបាយការណ៍ រាជធានីភ្នំពេញ មានអគ្គិភ័យច្រើនជាងគេ គឺមាន៥៤លើក ហើយបន្ទាប់មក គឺខេត្តសៀមរាប ដែលមាន៤២លើក៕
Tag:
ភ្ជុំបិណ្ឌ
អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com