ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​រីករាយ​ក្នុងការ​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ដែល​លាក់ខ្លួន​ក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ​
01, Oct 2019 , 8:39 pm        
រូបភាព
​សៀមរាប​៖ ជាឃ្លាំង​រក្សាទុក​វត្ថុ​បុរាណ​ដែល​ប្រមូល​ពី​តាម​ប្រាសាទ​នានា​ទុក​អភិរក្ស​និង​ជួសជុល អភិរក្ស​ដ្ឋា​ន​អង្គរ​ដែលមាន​ប្រវត្តិ​ចំណាស់​មួយ កម្រ​បើកទ្វារ​ទូលាយ​ឱ្យចូល​ទស្សនា​ណាស់​។ ជា​ផ្នែក​មួយ​ដើម្បី​ផ្សព្វផ្សាយ​និង​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូល​ទស្សនា​វត្ថុ​បុរាណ​នានា​ដែល​រក្សាទុក​ក្នុង​ឃ្លាំង​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បើក​ឱ្យមាន​ការចូល​ទស្សនា​មួយថ្ងៃ​ក្នុង​ថ្ងៃ​ទិវា​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃទី​២១ កញ្ញា​។ ក្រុមយុវជន​ដែល​បាន​ចូល​ទស្សនា​នៅពេលនោះ មាន​អារម្មណ៍​ប្លែក​និង​រីករាយ​ជាខ្លាំង ដ្បិត​បានឃើញ​វត្ថុ​សិល្បៈ​ជាច្រើន​ក្នុងនោះ​ដែល​មិន​ធ្លាប់មាន​តាំង​បង្ហាញ​នៅ​ខាងក្រៅ​ឡើយ​។ ពួកគេ​ស្ងប់​ស្ងែ​ង​ទៅនឹង​វត្ថុ​សិល្បៈ​នានា​និង​សរសើរ​ចំពោះ​ការអភិរក្ស​។​



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ៖​




​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទិវា​បេតិកភណ្ឌ​ពិភពលោក អភិរក្ស​ដ្ឋា​ន​អង្គ​រតែង​ជូនដំណឹង​អំពី​ការបើកទ្វារ​ឱ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​រយៈពេល​មួយថ្ងៃ​។ នៅ​ឆ្នាំនេះ ទិវា​នេះ​ចំ​ថ្ងៃទី​២១ កញ្ញា ដោយមាន​សាធារណជន​ជាច្រើន​ទម្រង់​គោលដៅ​មក​អភិរក្ស​ដ្ឋា​ន​អង្គរ​។ ខ្លះ​នាំ​ឪពុកម្ដាយ​មកពី​ខេត្ត​ជិត​ឆ្ងាយ​ពេល​មកលេង​សៀមរាប​និង​ឆៀង​ចូល​អភិរក្ស​ដ្ឋា​ន​អង្គរ​ទាន់ពេល​ដែល​គេ​បើក​ឱ្យចូល​ស្រាប់​។ ខ្លះ​នាំ​កូន​តូចធំ ដោយបាន​ចង្អុលបង្ហាញ​ពី​វត្ថុ​សិល្បៈ​នានា​ដែលមាន​តាំង​បង្ហាញ​ទាំង​បរិវេណ​ខាងក្រៅ និង​ក្នុង​ឃ្លាំង​។​



​យុវជន ប៊ុន ហួត កំពុង​ទស្សនា​ផ្ទាំង​រូបភាព​ដែល​រៀបរាប់​ពី​សកម្មភាព​នានា​របស់​ថ្នាក់ដឹកនាំ​អភិរក្ស​ដ្ឋា​ន​អង្គរ ក្រោយពី​ចូល​ទស្សនា​រូប​សិល្បៈ​ក្នុង​ឃ្លាំង និង​តម្រៀប​ផ្នែក​ខាងក្រៅ​នៃ​ឃ្លាំង​នានា​ក្នុង​បរិវេណ​អភិរក្ស​ដ្ឋា​ន​អង្គរ​។ ហួត ហាក់​សប្បាយរីករាយ​ជាខ្លាំង ដោយសារ​នេះ​ជា​លើកទីមួយ​របស់ខ្លួន​ប​ន្ទា​ប់​ពី​មានការ​ណែនាំ​ពី​មិត្តភក្ដិ​ដែល​កំពុងធ្វើការ​ក្នុងនោះ​ស្រាប់​។ ហួត ប្រាប់ថា ពិតជា​អស្ចារ្យ និង​កោតសរសើរ​ពី​ការថែរក្សា​និង​អភិរក្ស​មរតក​ដូនតា​ខ្មែរ​។​

​ពាក់​ឯកសណ្ឋាន​ក្រុមយុវជន​បេតិកភណ្ឌ​នៃ​មជ្ឈមណ្ឌល​យុវជន​កម្ពុជា​ខេត្តសៀមរាប ផាន កុ​ថា​ណុ ក៏​ចាប់អារម្មណ៍​ពី​ទិដ្ឋភាព​ជុំវិញ​ក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ​នេះដែរ​។ ថា​ណុ ប្រាប់ថា ក្ដី​ស្រមៃ​ដែល​ប៉ង​ចូល​អភិរក្ស​ដ្ឋា​ន​អង្គរ​បានសម្រេច ហើយ​យុវជន​រូបនេះ​បានឃើញ​ការតម្កល់​រូប​វត្ថុ​បុរាណ​ជាច្រើន​និង​សិលាចារឹក​ដែល​មិន​ធ្លាប់​បានឃើញ​ពីមុនមក​។​



​នៅជាប់​នោះ គឺ​យុវ​សិស្ស សួន សុគន្ធ​កេសរ​។ កេសរ ក៏​កំពុង​ចូលរៀន​ផ្នែក​បេតិកភណ្ឌ​ដែរ​។ គោលបំណង​របស់ កេសរ គឺ​ចង់​ក្លាយជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នាពេល​អនាគត​។ កេសរ ប្រាប់ថា​ស្រឡាញ់​និង​ចូលចិត្ត​វត្ថុ​បុរាណៗ ហើយ​ពេល​ចូលមកក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ​នេះ ធ្វើឱ្យ​ខ្លួន​បាន​មើលឃើញ​វត្ថុ​សិល្បៈ​ជាច្រើន​ដែល​មិន​ធ្លាប់​ប្រទះ​ភ្នែក​កន្លងមក ដូចជា​ផ្ដែរ​និង​ប្រភេទ​សិលាចារឹក​ដែល​បញ្ឈរ​តម្រៀប​ក្នុង​ឃ្លាំង​ជាដើម​។​

​ប្រធានការិយាល័យ​អភិរក្ស​អង្គរ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ អ្នកស្រី ហង់ ចាន់​សោភា បាន​ឆ្លៀត​មក​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ពេល​កំពុង​មមាញឹក​ជាមួយ​ភ្ញៀវ​ដែល​កំពុង​ចូល​ទស្សនា​នៅពេលនោះ​ថា ការបើកទ្វារ​អភិរក្ស​ដ្ឋា​ន​អង្គរ​នេះ​គឺជា​សំណើរ​របស់​ស្ថានទូត​បារាំង​ដើម្បី​អបអរ​ទិវា​បេតិកភណ្ឌ​ពិភពលោក ក៏ដូចជា​បង្ហាញ​ពី​ស្ថា​ដៃ​នានា​ដែល​បារាំង​បាន​ជួយ​លើ​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ខ្មែរ​។



​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តាម​របាយការណ៍​រប​ស់​អ្នកស្រី ចាន់​សោភា សន្ទុះ​នៃ​អ្នក​ចូល​ទស្សនា​ដែល​បើក​ឱ្យចូល​ទស្សនា​មួយឆ្នាំ​ម្ដងនេះ មាន​ចំនួន​កាន់តែច្រើន ដោយ​ឆ្នាំទៅ​ចំនួន​អ្នកទស្សនា​ទាំង​ជាតិ​និង​អន្ដរជាតិ​មាន​ជាង​មួយ​ពាន់​នាក់​។ ប្រធានការិយាល័យ​អភិរក្ស​អង្គរ​រូបនេះ​យល់ថា រូបភាព​នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញថា​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន​ចាប់អារម្មណ៍​ចង់​ស្វែងយល់​ពី​បេតិកភណ្ឌ​របស់ខ្លួន​។​

​ជាមួយគ្នានេះដែរ តាមរយៈ​ការសាកសួរ​ពី​ភ្ញៀវ​ចូលរួម អ្នកស្រី ចាន់​សោភា បានទទួល​ព័ត៌មាន​ល្អៗ​ពី​ពួកគេ ក្នុងនោះ​គឺ​ពួកគេ​រីករាយ និង​មានការ​ភ្ញាក់ផ្អើល​ទៅនឹង​វត្ថុ​សិល្បៈ​បុរាណៗ​ជាច្រើន​ដែលមាន​ការថែរក្សា​និង​អភិរក្ស​ទុក​បានល្អ ខុសពី​មតិ​ខ្លះ​ដែលថា​រូប​ទាំងនោះ​ត្រូវបាន​គេ​លួច​ជួញដូរ​ជាដើម​។ ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ភ្ញៀវ ក្នុងនោះ​អភិរក្ស​ដ្ឋា​ន​អង្គរ​ក៏​គ្រោង​នឹង​បើកទ្វារ​ឱ្យ​សាធារណជន​ចូល​ទស្សនា​មួយថ្ងៃ​ទៀត​នា​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​។​



​ក្រៅពី​បង្ហាញ​ពី​អារម្មណ៍​ស្រឡាញ់​បេតិកភណ្ឌ​ហើយ​នោះ​ក្រុមយុវជន​ក៏​យល់ថា ខ្លួន​មាន​តួនាទី​សំខាន់​សម្រាប់​ការអភិរក្ស​លើ​កិច្ចការ​ទាំងនេះ​ទៀតផង​។ យុវជន ហួត យល់​យ៉ាង​ដូច្នេះ​ថា​៖« ក្នុងនាម​យើង​ជា​ខ្មែរ យើង​កុំ​បំផ្លាញ តែ​គួរ​ផ្តល់ព័ត៌មាន​ឱ្យ​អាជ្ញាធរ ដើម្បី​យកទៅ​ថែរក្សា​...»​។ រីឯ យុវជន កុ​ថា​ណុ ក៏​យល់ថា យុវជន​គួរ​ចូលរួម​ឱ្យបាន​ច្រើន​ដើម្បី​ស្វែងយល់​ពី​បេតិកភណ្ឌ​ជាតិ​ដែរ​។ កុ​ថា​ណុ ថា​៖« ចង់ឱ្យ​យុវជន​ផ្សេងទៀត​មានកម្ម​វិធី​ទាក់ទង​នឹង​បេតិកភណ្ឌ គួរតែ​ចូល​ទស្សនា​ស្វែងយល់ សិក្សា​ពី​វា​ឱ្យ​ច្បាស់​ស៊ីជម្រៅ សុំឱ្យ​ថា​ជា​ជាតិ​សាសន៍​មួយ កើត​នៅលើ​ទឹកដី​មួយ​មិនដឹង​ពីអ្វី​ដែលមាន​ក្នុង​អាណាចក្រ​ខ្លួនឯង​»​។ ចំណែកឯ កេសរ​៖« ចង់ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ខិតខំ​ត្រូវ​ដឹង​ពី​ប្រវត្តិ​បុរាណ​ខ្មែរ​ឱ្យបាន​ច្រើន ព្រោះ​គ្មាន​ពួកយើង​ក៏​គ្មាន​អ្នកណា​គេ​សិក្សា​ពី​យើង​ដែរ យល់​ច្រើន​រុងរឿង​ទៅមុខ​»៕

Tag:
 អភិរក្ស​ដ្ឋា​ន​អង្គរ​
  បេតិកភណ្ឌ​
  ហង់ ចាន់​សោភា​
© រក្សាសិទ្ធិដោយ thmeythmey.com