អន្តរជាតិ
ចិនបង្ហាញមីស៊ីលដែលបាញ់ដល់អាមេរិក ត្រឹម៣០នាទី នៅខួប៧០ឆ្នាំ មីស៊ីល Dongfeng-41 ធ្វើដំណើរជាក្បួន នៅព្យុហយាត្រាសាទរខួប៧០ឆ្នាំនៃការបង្កើតប្រទេសចិន ថ្ងៃ ១ តុលាឆ្នាំ២០១៩ (Xinhua)
× មហាអំណាច ចិន បានដាក់បង្ហាញអាវុធប្រល័យលោកទំនើបបំផុតរបស់ខ្លួន ហៅថា Dongfeng-41 ជាលើកដំបូងបង្អស់ ក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើម នៅថ្ងៃ១ តុលា នាកណ្តាលរដ្ឋធានីប៉េកាំង ។ ក្បួននេះ ធ្វើឡើងគឺដើម្បីសាទរគម្រប់ខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
មីស៊ីល DongFeng-41 គឺជាមីស៊ីលបាលីស្ទិកអន្តរទ្វីបដែលជឿថា អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរចម្ងាយចន្លោះពី ១២០០០-១៥០០០ គីឡូម៉ែត្រ។ សម្រាប់ចម្ងាយនេះ មីស៊ីលកំណាចនេះ នឹងក្លាយជាមីស៊ីលចម្ងាយវែងបំផុតក្នុងពិភពលោក ដែលផ្តួលមីស៊ីលអាមេរិក LGM-30 Minuteman ដែលរាយការណ៍ថា បាញ់បានចម្ងា្យ ១៣០០០គីឡូម៉ែត្រ។
លក្ខណៈសម្បត្តិផ្សេងទៀតរបស់មីស៊ីល DongFeng-41 គឺថា វាមានអង្កត់ផ្ចិត២,២៥ម៉ែត្រ, ទម្ងន់ខ្លួន ៨០តោន និងអាចផ្ទុកដល់ទម្ងន់ ២៥០០គីឡូក្រាមឯណោះ។ វាអាចហោះហើរលឿនជាង ល្បឿននៃសំឡេង ២៥ដង (Mach 25) ឬស្មើនឹង៣០៨៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
អ្នកជំនាញសន្តិសុខ អះអាងថា មីស៊ីល DF-41 របស់ចិននេះ អាចមានសមត្ថភាពបាញ់ដល់គ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិកត្រឹម៣០នាទី និងអាចផ្ទុកក្បាលគ្រាប់ដល់ទៅ ១០គ្រាប់ សម្រាប់គោលដៅខុសៗគ្នា។ បច្ចុប្បន្ន ចិន ក៏មានមីស៊ីល DongFeng-31 ដែលមានរយៈចម្ងាយជាង ១១២០០ គីឡូម៉ែត្រ ដែលអាចបាញ់ដល់ស្ទើរគ្រប់ទីកន្លែងទាំងអស់របស់សហរដ្ឋអាមេរិក។
ក្រៅពីមីស៊ីលនេះ ចិន ក៏បានបង្ហាញសព្វាវុធទំនើបផុតលេខមួយចំនួនផងដែរ ហើយក្នុងនោះរួមមាន មីស៊ីលបាលីស្ទិកលឿនជាងសំឡេង Dongfeng-17 និងដ្រូនប្រយុទ្ធលឿនជាងសំឡេង ជាដើម។ ទន្ទឹមនេះ យន្តហោះបំបាំងកាយ J-20 ក៏មានវត្តមានក្នុងក្បួនព្យុហយាត្រាដ៏ធំរបស់ចិននេះ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិសុខ Stockholm ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ២៨០គ្រាប់ ដែលជាចំនួនតិចតួចណាស់ បើធៀបនឹងអាមេរិក ៦៤៥០ គ្រាប់ និងរុស្ស៊ី ៦៨៥០គ្រាប់។ ទោះជាបែបនេះក្តី ការចំណាយលុយលើវិស័យការពារចិន បានកើនឡើង ៥ភាគរយទៅដល់ ២៥០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨ ឬប្រមាណ ១០ដង បើធៀបនឹងឆ្នាំ ១៩៩៤។ ចំណែកអាមេរិកវិញ បានចាយដល់ ៦៥០ពាន់លានដុល្លារក្នុងឆ្នាំ២០១៨៕
សូមបញ្ជាក់ថា ការធ្វើព្យុហយាត្រាយោធាដ៏ធំសម្បើមនាថ្ងៃទី ០១ តុលា នេះ គឺរួមមាន កងទ័ព ១៥០០០នាក់, យន្តហោះចម្បាំង ១៦០គ្រឿង និងសម្ភារយោធាជាច្រើនថែមទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិឧត្តមសេនីយ៍ Cai Zhijun៕
© រក្សាសិទ្ធិដោយ thmeythmey.com