អន្តរជាតិ
ប្រធានាធិបតីចិន ស៊ី ជិនភីង៖ គ្មានកម្លាំងណាអាចធ្វើឲ្យប្រទេសចិនរង្គោះរង្គើឡើយ លោក ស៊ី ជិនពីង ថ្លែងសុន្ទរកថា ដើម្បីសាទរខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជានាមិតចិន ថ្ងៃ ១ តុលា ២០១៩ នាទីក្រុង ប៉េកាំង (AFP)
× «គ្មានកម្លាំងណា អាចធ្វើឲ្យឋានៈនៃប្រទេសដ៏អស្ចារ្យរបស់យើងរង្គោះរង្គើបានឡើយ»។ លោកប្រធានាធិបតីចិន ស៊ី ជិនភីង លើកឡើងបែបនេះ ដោយបន្ថែមថា ហើយក៏គ្មានកម្លាំងណា អាចបញ្ឈប់ប្រជាជនចិន និងប្រជាជាតិចិនពីការដើរឆ្ពោះទៅមុខបានផងដែរ។
ក្នុងសុន្ទរកថារយៈពេល៧នាទីដើម្បីសាទរការប្រារព្ធខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១ ខែតុលា ប្រមុខរដ្ឋចិន ស៊ី ជិនភីង គូសបញ្ជាក់ទៀតថា៖ «កងកម្លាំងរំដោះប្រជាជនចិន នឹងបម្រើគោលដៅរបស់ខ្លួនក្នុងការការពារអធិបតេយ្យភាព, សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នៃប្រទេស រួមទាំងពិភពលោក ចំពេលដែលក្រុងប៉េកាំង បានពង្រីកឥទ្ធិពលយោធាជាសកល ហើយនោះគឺរួមមាន ការបង្កើតមូលដ្ឋានទ័ពបរទេសទីមួយក្នុងប្រទេសជីប៊ូទី»។
ទន្ទឹមនេះ លោកប្រធានាធិបតី ស៊ី ជិនពីង បានទទូចឲ្យបក្សកុម្មុយនីស្តចិន និងប្រទេសចិនទាំងមូលរួបរួមគ្នា និងបន្តប្រឹងប្រែងប្រែក្លាយ «ក្តីសុបិនចិន» ដែលជាយុវកម្មដ៏អស្ចារ្យនៃប្រជាជាតិចិន ឲ្យទៅជាការពិត។ លោកបានស្រែកថា៖«ជយោសាធារណរដ្ឋប្រជាមានិតចិនដ៏អស្ចារ្យ, ជយោបក្សកុម្មុយនីស្តចិនដ៏អស្ចារ្យ, ជយោប្រជាជនចិនដ៏អស្ចារ្យ»។
ដោយនិយាយត្រាប់តាមសុន្ទរកថារបស់អតីតប្រធានាធិបតីចិន ហូ ជីនតៅ (Hu Jintao) កាលពី១០ឆ្នាំមុន លោក ស៊ី ជិនពីង សង្កាត់ធ្ងន់ពីភាពចាំបាច់នៃការបង្រួបបង្រួមឡើងវិញដោយសន្តិភាព។ តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post មេដឹកនាំចិនវ័យ៦៦ឆ្នាំរូបនេះ ក៏បានបញ្ជាក់ថា រដ្ឋាភិបាលកណ្តាល នឹងប្រឹងប្រែងខ្លាំងបន្ថែមទៀតដើម្បីរក្សាស្ថិរភាព និងវឌ្ឍនភាពយូរអង្វែងក្នុងទីក្រុងហុងកុង និងម៉ាកាវ ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com