ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ​៖ ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ជាង​១,៤​លាន​នាក់ កើន​ជាង​៣៧​ភាគរយ​
02, Oct 2019 , 8:29 am        
រូបភាព
​ទឹក​ធ្លាក់​ច្រក​ល្អៀងនៅខេត្តពោធិ៍សាត់។ រូបថត ញឹក ស្រីល័ក្ខ
​ទឹក​ធ្លាក់​ច្រក​ល្អៀងនៅខេត្តពោធិ៍សាត់។ រូបថត ញឹក ស្រីល័ក្ខ
​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដើរ​កម្សាន្ត​នៅ​អំឡុង​ភ្ជុំបិណ្ឌ រយៈពេល​បី​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​២៩​កញ្ញា ឆ្នាំ​២០១៩​នេះ មាន​ជាង​១​លាន​៤​សែន​នាក់ ដែល​កើនឡើង​ជាង​៣៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។ ខេត្តសៀមរាប មាន​ភ្ញៀវ​ជាតិ​ទៅ​ទស្សនា​ច្រើនជាងគេ ដែលមាន​ភ្ញៀវ​ជាង​២​សែន​នាក់​។ នេះ​បើតាម​របាយការណ៍​ក្រសួងទេសចរណ៍​។​



​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ក្នុងចំណោម​ភ្ញៀវ​ជាង​១,៤​លាន​នាក់​នេះ គឺ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង​១​លាន​៣​សែន​នាក់ ដែល​កើនឡើង​ជាង​៣៤​ភាគរយ​។ ចំណែកឯ​ភ្ញៀវ​អន្តរជាតិ​មាន​ជាង​៧​ម៉ឺន​នាក់ កើនឡើង​ជាង​៩៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។

​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញថា ភ្ញៀវទេសចរ​ភាគច្រើន​ទៅ​ទស្សនា​តាម​កន្លែង​ដែលមាន​សក្តានុពល​ទេសចរណ៍​ដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និង​រមណីយដ្ឋាន​កែច្នៃ​ខ្នាតតូច​នានា​។

​ចំណែក​ការរៀបចំ​រមណីយដ្ឋាន​និង​គោលដៅ​ទេសចរណ៍​មានការ​រីកចម្រើន​កាន់តែ​ប្រសើរ ដែល​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវទេសចរ​មានការ​កើនឡើង បើទោះបីជា​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​។ សម្រាប់​តម្លៃ​នៃ​ម្ហូបអាហារ​និង​សេវាកម្ម​ទេសចរណ៍ មានការ​បិត​តម្លៃ​សម្រាប់​ភ្ញៀវ​បាន​ត្រឹមត្រូវ ស្របតាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ ពោលគឺ​ពុំមាន​ការដំឡើងថ្លៃ​ហួសហេតុ​នោះទេ​។ ចំពោះ​បញ្ហា​បរិស្ថាន​អនាម័យ មាន​ភាពល្អប្រសើរ​ជាង​មុន ដោយសារ​ភ្ញៀវទេសចរ​និង​ប្រជាពលរដ្ឋ​មានការ​យល់ដឹង និង​មាន​ការចុះ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​។ ទន្ទឹមនេះ សន្តិសុខ​សុវត្ថិភាព មាន​ភាពល្អប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហ​ការណ៍​យ៉ាង​ជិតស្និត​ជាមួយ​កម្លាំង​សមត្ថកិច្ច មាន​ក្រុង​ប្រចាំការ​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​និង​រៀបចំ​ដាក់​ស្លាក​សញ្ញា​គ្រោះថ្នាក់ នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ​នានា​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។​

​សូមបញ្ជាក់ថា បើតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៨-១០​តុលា ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន ១,២៦១,៦៩១​នាក់  បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន និង​តំបន់​ទេសចរ​នានា​ក្នុងប្រទេស​កម្ពុជា​។ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន ១,២១៣,៦៨៧​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ មាន​ចំនួន ៤៨,០០៤​នាក់​៕

Tag:
 ភ្ញៀវទេសចរ​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com