ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ៖ ភ្ញៀវទេសចរដើរកម្សាន្តជាង១,៤លាននាក់ កើនជាង៣៧ភាគរយ ទឹកធ្លាក់ច្រកល្អៀងនៅខេត្តពោធិ៍សាត់។ រូបថត ញឹក ស្រីល័ក្ខ
× ភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរកម្សាន្តនៅអំឡុងភ្ជុំបិណ្ឌ រយៈពេលបី៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩កញ្ញា ឆ្នាំ២០១៩នេះ មានជាង១លាន៤សែននាក់ ដែលកើនឡើងជាង៣៧ភាគរយ បើធៀបនឹងឆ្នាំមុន។ ខេត្តសៀមរាប មានភ្ញៀវជាតិទៅទស្សនាច្រើនជាងគេ ដែលមានភ្ញៀវជាង២សែននាក់។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវជាង១,៤លាននាក់នេះ គឺភ្ញៀវជាតិមានចំនួនជាង១លាន៣សែននាក់ ដែលកើនឡើងជាង៣៤ភាគរយ។ ចំណែកឯភ្ញៀវអន្តរជាតិមានជាង៧ម៉ឺននាក់ កើនឡើងជាង៩៨ភាគរយ បើធៀបនឹងឆ្នាំមុន។
របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ភ្ញៀវទេសចរភាគច្រើនទៅទស្សនាតាមកន្លែងដែលមានសក្តានុពលទេសចរណ៍ដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា។
ចំណែកការរៀបចំរមណីយដ្ឋាននិងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមានការកើនឡើង បើទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។ សម្រាប់តម្លៃនៃម្ហូបអាហារនិងសេវាកម្មទេសចរណ៍ មានការបិតតម្លៃសម្រាប់ភ្ញៀវបានត្រឹមត្រូវ ស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ ពោលគឺពុំមានការដំឡើងថ្លៃហួសហេតុនោះទេ។ ចំពោះបញ្ហាបរិស្ថានអនាម័យ មានភាពល្អប្រសើរជាងមុន ដោយសារភ្ញៀវទេសចរនិងប្រជាពលរដ្ឋមានការយល់ដឹង និងមានការចុះអប់រំណែនាំពីមន្ត្រីជំនាញ រួមទាំងអាជ្ញាធរពាក់ព័ន្ធ។ ទន្ទឹមនេះ សន្តិសុខសុវត្ថិភាព មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និតជាមួយកម្លាំងសមត្ថកិច្ច មានក្រុងប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗនិងរៀបចំដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះនានា។ នេះបើតាមក្រសួងទេសចរណ៍។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ៨-១០តុលា ឆ្នាំ២០១៨ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ១,២៦១,៦៩១នាក់ បានធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរនានាក្នុងប្រទេសកម្ពុជា។ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,២១៣,៦៨៧នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៨,០០៤នាក់៕
Tag:
ភ្ញៀវទេសចរ
ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com