អន្តរជាតិ
អ្នកជំនាញ UN បន្ទោស​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​រឿង​ឃាតកម្ម​លើ​អ្នកកាសែត Khashoggi
02, Oct 2019 , 8:59 am        
រូបភាព
​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី Agnes Callamard នៅ​ថ្ងៃទី​៣០ ខែកញ្ញា បាន​រិះគន់​ចំៗ​លើ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ថា ព្យាយាម​ការពារ​ខ្លួន​ឲ្យ​នៅ​ឆ្ងាយ​ពី​ករណី​សម្លាប់​អ្នកកាសែត Jamal Khashoggi​។



​អ្នករាយការណ៍​ពិសេស​លើ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​របស់​អង្គការសហប្រជាជាតិ លោកស្រី Agnes Callamard បាន​ប្រតិកម្ម​ទៅនឹង​ចម្លើយ​របស់​ព្រះអង្គម្ចាស់ Mohammed bin Salman នៅក្នុង​កិច្ច​ស​ម្ពា​ស​មួយ​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​អាមេរិក​។​

​មានបន្ទូល​នៅក្នុង​កម្មវិធី​ទូរទស្សន៍ CBS ព្រះអង្គម្ចាស់ Mohammed bin Salman បាន​បដិសេធ​លើ​ការបញ្ជា​ឲ្យ​សម្លាប់​អ្នកសារព័ត៌មាន Jamal Khashoggi នៅក្នុង​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត នាទី​ក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​។ ដើម្បី​ឆ្លើយតប​ទៅនឹង​ភាពចម្រូងចម្រាស​លើ​បញ្ហា​នេះ រជ្ជទាយាទ​រូបនេះ បាន​អះអាងថា ព្រះអង្គ​មាន​ទំនួល​ខុសត្រូវ​ពេញលេញ ក្នុងនាម​ជា​អ្នកដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​ជាមួយ​ការរកឃើញ​ភស្តុតាង​ដ៏​គួរ​ឲ្យ​ទុកចិត្ត លោកស្រី Callamard បាន​បង្ហាញថា ឃាតកម្ម​លើ​អ្នកការ​សែត ក្នុង​ស្ថាន​កុងស៊ុល គឺមាន​ការពាក់ព័ន្ធ​ទៅនឹង​រជ្ជទាយាទ​អង្គ​នេះ ដែល​ទ្រង់​គឺជា​អ្នកទទួលខុសត្រូវ​លើ​បញ្ហា​ឧក្រិដ្ឋកម្ម​មួយ​នេះ​។ ប៉ុន្តែ​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត មិនបាន​ទទួលខុសត្រូវ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ បាន​លើកឡើងថា​៖ «​ទ្រង់​Salman បាន​បង្កើត​ចម្ងាយ​យ៉ាង​ឆ្ងាយ​រវាង​ទ្រង់ និង​បទល្មើស​»​។ ក្នុងន័យនេះ លោកស្រី​ចង់​សំដៅ​ដល់​ការបង្កើត​នូវ​ពាក្យ​កុហក​ម្តង​ហើយ​ម្តងទៀត​របស់​ព្រះអង្គម្ចាស់ Salman ថា បើទោះបី​ជាថ្មីៗ​នេះ ទ្រង់​មានបន្ទូល​ទាក់ទង​នឹង​បញ្ហា​ឃាតកម្ម​នេះ​ក៏ដោយ​។​

​ជាការ​ពិត លោកស្រី Callamard ពីមុនមក​ធ្លាប់​ស្នើ​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ម្តង​ហើយ​លើ​បទឧក្រិដ្ឋ​មួយ​នេះ ប៉ុន្តែ​វា​មិនអាច​ទៅរួច​ឡើយ ព្រោះ​គ្មាន​រដ្ឋ​សមាជិក​ណាមួយ​ស្នើសុំ​។

​សូមបញ្ជាក់ថា តាមរយៈ​របាយការណ៍​ស៊ើបអង្កេត​របស់​CIA ក៏បាន​រកឃើញថា​ព្រះអង្គម្ចាស់ Salman ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ​ដែរ​។ ប៉ុន្តែ​ព្រះរាជអាជ្ញា​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ច្រានចោល​នូវ​ការពាក់ព័ន្ធ​របស់​រាជ​ទាយាទ និង​បាន​ចោទ​មនុស្ស​មួយក្រុម​ថា​ប្រព្រឹត្ត​នូវ​រឿង​ឃាតកម្ម​មួយ​នេះ​វិញ​៕


Tag:
 UN
  អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com