ភ្ជុំបិណ្ឌ​៖ ពលរដ្ឋ​ជាង​២​ម៉ឺន​នាក់​ធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​
ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ភ្ជុំបិណ្ឌ​៖ ពលរដ្ឋ​ជាង​២​ម៉ឺន​នាក់​ធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​
01, Oct 2019 , 10:39 pm        
រូបភាព
ពលរដ្ឋ​​ដែលធ្វើ​ដំណើរ​ទៅ​តាម​​បណ្តាខេត្ត​ ដោយ​រថយន្តក្រុង​សាធារណៈ នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៩ រូ​បភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ​រថយន្តក្រុង
ពលរដ្ឋ​​ដែលធ្វើ​ដំណើរ​ទៅ​តាម​​បណ្តាខេត្ត​ ដោយ​រថយន្តក្រុង​សាធារណៈ នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៩ រូ​បភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ​រថយន្តក្រុង
​ភ្នំពេញ​៖ គិត​ចាប់ពី​ថ្ងៃទី​២៦-២៩ ខែកញ្ញា មាន​ពលរដ្ឋ​ជាង​២​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​ទៅតាម​រាជធានី​ខេត្ត​ក្រុង ដោយ​រថយន្តក្រុង​សាធារណៈ​ចំនួន​១២០​គ្រឿង របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក អ៊ា​ន សុខ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​។



​លោក អ៊ា​ន សុខ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ចំនួន​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ដោយ​រថយន្តក្រុង​សាធារណៈ ទៅតាម​បណ្តា​ខេត្ត និង​ត្រឡប់មក​ភ្នំពេញ​វិញ​ក្នុង​រយៈពេល​៤​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​សរុប​ចំនួន​២៣៦៣៥​នាក់​។ ចំណែក​អ្នកធ្វើដំណើរ​តាម​កាណូត​មាន​ចំនួន​៦៣៤​នាក់​។ 

​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រូបនេះ​បាន​អះអាងថា ចំនួន​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ដោយ​រថយន្តក្រុង​សាធារណៈ​ច្រើនជាងគេ​គឺ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ ជាក់ស្តែង​នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ រដ្ឋាករ​ស្វយ័ត​បាន​បន្ថែម​រថយន្ត​ក្រុង​ចំនួន​៥៤​គ្រឿង សម្រាប់​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ដោយ​ថយ​ន្ត​ក្រុង​កំណត់​មាន​ត្រឹមតែ​៤៥​គ្រឿង​។

​បើតាម​លោក អ៊ា​ន សុខ​ឃីម បុគ្គលិក​ដែល​បម្រើ​ការងារ​ជា​អ្នកបើកបរ​រថយន្តក្រុង​សាធារណៈ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​មាន​សរុប​ចំនួន​២៣៤​នាក់​។ រូបលោក​បាន​បញ្ជាក់ថា ក្នុង​មួយគ្រឿង​មាន​បុគ្គលិក​ចំនួន​២​នាក់ ម្នាក់​ជា​អ្នកបើកបរ និង​ម្នាក់ទៀត​ជា​ប្រូ​ឡាន​។

​សូមបញ្ជាក់ថា  ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​រថយន្តក្រុង​សាធារណៈ​ចំនួន ១២០​គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ត​នានា ដោយ​ឥតគិតថ្លៃ រយៈពេល​៥​ថ្ងៃ ពីថ្ងៃ​ទី​២៦-៣០ ខែកញ្ញា​៕

Tag:
 ​ពលរដ្ឋ​
 ​រថយន្តក្រុង​
 ​ភ្ជុំបិណ្ឌ​
  អ៊ា​ន សុខ​ឃីម
© រក្សាសិទ្ធិដោយ thmeythmey.com