ជាតិ
នយោបាយជាតិ
អ្នកនាំពាក្យ CPP៖ បើមិនចង់ឲ្យមានការចាប់ខ្លួន កុំគាំទ្រក្រុមប្រឆាំងក្រៅច្បាប់
× លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ផ្តាំទៅសកម្មជននិងមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្នុងស្រុក កុំឲ្យគាំទ្រមេដឹកនាំរបស់ពួកគេ នៅក្រៅប្រទេស ដែលប៉ងចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បើពុំដូច្នេះទេ ពួកគេ នឹងប្រឈមនឹងការចាប់ខ្លួន។
តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ លោក សុខ ឥសាន បានសរសេរសារសំដៅទៅសកម្មជនខាងប្រឆាំង យ៉ាងដូច្នេះថា៖«បើមិនចង់ឲ្យមានការចាប់ខ្លួន មានតែកុំធ្វើសកម្មភាពនយោបាយគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់។ អត់បានប្រយោជន៍អីទេ បានតែទុក្ខដល់ខ្លួន។ ក្រុមឧទ្ទាមក្រៅច្បាប់មិនហ៊ាន...មកជួយទេ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច បានហៅឧបាយកលរបស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ថាជាការញុះញង់និងជាការបញ្ឆេះកំហឹងឲ្យប្រជាជនចូលរួមជាមួយពួកគេ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហើយបង្កើតសង្គ្រាមក្នុងប្រទេស។
ក្រសួងយុត្តិធម៌ ព្រមានរួចហើយថា ក្រុមមេដឹកនាំដែលរៀបចំផែនការធ្វើរដ្ឋប្រហារឬផ្តួលរំលំរដ្ឋាភិបាល នឹងត្រូវជាប់ទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ ហើយបើជនល្មើស ជាអ្នករាជការសាធារណៈ នឹងត្រូវជាប់ទោសអស់មួយជីវិត។ ចំពោះអ្នកដែលចូលរួមគាំទ្រក្នុងផែនការធ្វើរដ្ឋប្រហារ នឹងត្រូវជាប់ទោសពីបទរួមគំនិតក្បត់ ដោយត្រូវដាក់ទោសពី៥ឆ្នាំទៅ១០ឆ្នាំ ហើយបើអ្នកចូលរួមនោះ ជាអ្នករាជការសាធារណៈ នឹងត្រូវជាប់ទោសពី១០ឆ្នាំទៅ២០ឆ្នាំ។
ខណៈមេដឹកនាំក្រុមប្រឆាំង ប្រឹងប្រកាសជាដដែលៗ ពីគម្រោងវិលមកកម្ពុជា សកម្មជននិងមន្ត្រីរបស់ខ្លួននៅក្នុងស្រុក បានរងការចោទប្រកាន់និងការឃុំខ្លួនជាហូរហែ ដោយក្នុងនោះ មានដល់ទៅ១៤នាក់ហើយ ដែលត្រូវចោទពីបទរួមគំនិតក្បត់ជាតិ។ ពួកគេ ត្រូវសង្ស័យថាបានចូលរួមក្នុងគម្រោងធ្វើរដ្ឋប្រហារ ក្រោយប្រមូលផ្តុំប្រជាពលរដ្ឋនិងព្យាយាមបញ្ចុះបញ្ចូលពលរដ្ឋ ឲ្យត្រៀមទទួលលោក សម រង្ស៊ី។
អ្នកទាំង១៤នាក់គឺ លោក ងិន សុផាត លោក ធឿន ប៊ុនធន (នៅរតនគិរី) លោក ម៉ោញ សារ៉ាត់ (នៅឧត្តរមានជ័យ ) លោក ម៉ៅ វិបុល (នៅស្វាយរៀង) លោក ស្រឿន ស្រ៊ាង លោក ដុង សុវណ្ណារិទ្ធ លោក ហ៊ុន សុគង់ (នៅកំពង់ចាម) កញ្ញា សៅ ឧសភា (នៅព្រះសីហនុ) កញ្ញា យូ ចាន់ធានី លោក ទុំ ប៊ុនថន (នៅភ្នំពេញ) លោក លី ម៉េងឃាង លោក លី លីន លោក ឈុន ថៃយុទ្ធ (នៅខេត្តកណ្តាល) និង លោក យ៉ាត ភារម្យ (នៅបន្ទាយមានជ័យ)។ ក្នុងចំណោមពួកគេ មានអ្នកខ្លះ កំពុងជាប់ឃុំ ហើយអ្នកខ្លះ បានរត់គេចខ្លួន៕
Tag:
សុខ ឥសាន
សកម្មជន CNRP
© រក្សាសិទ្ធិដោយ thmeythmey.com