ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ភ្ជុំបិណ្ឌ​៖ ខេត្តស្ទឹងត្រែង គ្មាន​ភ្ញៀវ​អន្តរជាតិ​ទៅលេង ដោយសារ​បញ្ហា​ទឹក​លិច​
02, Oct 2019 , 9:19 am        
រូបភាព
រូបពីវេបសាយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង (រូបតំណាង)
រូបពីវេបសាយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង (រូបតំណាង)
ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ចាប់ពី​ថ្ងៃទី​២៧-២៩​ខែកញ្ញា​នេះ មាន​ភ្ញៀវទេសចរ សរុប​ចំនួន​ជាង​៧​ពាន់​នាក់ បាន​ទៅ​កម្សាន្ត​ខេត្តស្ទឹងត្រែង​។ នេះ​បើតាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​។​

 
​លោក អ៊ុន ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​និយាយថា ចំនួន​ភ្ញៀវទេសចរ ៧,៦៩៤​នាក់ កើនឡើង​ជិត​៦​ភាគរយ បើ​ធៀប​នឹង​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៨​។ បើតាម​លោក អ៊ុន ប៉ោ​សឿន រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ខេត្តស្ទឹងត្រែង​មិន​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ទេ ។​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​រូបនេះ​បាន​ពន្យល់ថា មូល​ហេតុដែល​មិនមាន​ភ្ញៀវទេសចរ​អន្តរជាតិ ដោយសារ​ខេត្តស្ទឹងត្រែង​ជា​កន្លែង​ទេសចរណ៍​ឆ្លងកាត់ និង​តំបន់​ទេសចរណ៍​មួយចំនួន​ត្រូវបាន​ទឹក​លិច​។​
 
​ដ្បិត​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ គ្មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ទៅលេង​ខេត្តស្ទឹងត្រែង​ក្តី ប៉ុន្តែ​ក្នុង​ចន្លោះ​កញ្ញា​មកនេះ ខេត្ត​ភាគ​ឦសាន​មួយ​នេះ ក៏​ទទួលបាន​ភ្ញៀវ​អន្តរជាតិ ៥៥៨​នាក់​ទៅលេង​កម្សាន្ត​ដែរ​។ នេះ​បើតាម​លោក ប៉ោ​សឿន​។​
 
​គួរ​បញ្ជាក់ថា រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្តស្ទឹងត្រែង​សរុប​ចំនួន​២៦១,៩៩៦​នាក់ ក្នុងនោះ​ទេសចរ​អន្តរ​ជាតិ​មាន​ចំនួន​១១,៧៣៨​នាក់ ទេសចរ​ជាតិ​ស្នាក់នៅ​ចំនួន​១៥២,១៨០​នាក់​និង​ទេសចរណ៍​តាម​រមណី​ដ្ឋា​ន​ចំនួន​៩៨,០៧៨ ៕ 

Tag:
 ភ្ជុំបិណ្ឌ​
  ទេ​សចរណ៍​
 ​ស្ទឹងត្រែង​
© រក្សាសិទ្ធិដោយ thmeythmey.com