ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
កសិករ ម៉ែន វី ដាំ​ននោង​បាន​ប្រវែង​ដល់​ទៅ​១.៥៧​ម៉ែត្រ លក់បាន​២​ពាន់​រៀល​ក្នុង​មួយ​ផ្លែ​
02, Oct 2019 , 10:19 am        
រូបភាព
រូបភាពផ្តល់សិទ្ធិដោយ កញ្ញា អឿន សាវាត កូនស្រីម្ចាស់ចម្ការននោងវែង
រូបភាពផ្តល់សិទ្ធិដោយ កញ្ញា អឿន សាវាត កូនស្រីម្ចាស់ចម្ការននោងវែង
​ភ្នំពេញ​៖ អ្នកស្រី ម៉ែន វី ជា​កសិករ​រស់នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​តា​លាស់ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង អាច​ដាំ​ននោង បាន​ប្រវែង​រហូតដល់ ១.៥៧​ម៉ែត្រ និង​មាន​ទម្ងន់​ជាង ១​គីឡូ​។ បើតាម​កសិករ ម៉ែន វី ផ្លែ​ននោង​វែង​ប្លែក​នេះ អាច​លក់បាន​តម្លៃ​ពី​១៥០០​ទៅ​២០០០​រៀល ក្នុង ១​ផ្លែ ខណៈ​ននោង​ធម្មតា លក់​ត្រឹម​៥០០​រៀល​ប៉ុណ្ណោះ​។

 
 
​មានតែ​២​គ្រួសារ​ប៉ុណ្ណោះ​នៃ​ភូមិ​ស្ទឹង​ថ្មី ឃុំ​តា​លាស់ ដែល​អាច​ដាំ​ននោង បាន​ប្រវែង​រហូតដល់ ១.៥៧​ម៉ែត្រ ក្នុង​មួយ​ផ្លែ​។ បើតាម​អ្នកស្រី ម៉ែន វី ពូជ​ននោង​វែង​ខុសធម្មតា​នេះ ត្រូវបាន​អ្នកស្រី សុំ​បន្ត​ពី​អ្នកជិតខាង​។ កសិករ​វ័យ ៥៥​ឆ្នាំ​រូបនេះ បន្តថា ននោង​មួយ​ទ្រើង អាចមាន​ផ្លែ​ដល់​ទៅ ៥០​ផ្លែ និង​មាន​ប្រវែង វែងៗ​ដូចគ្នា​។ អ្នកស្រី ម៉ែន វី បញ្ជាក់ប្រាប់ ThmeyThmey 25 តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ពូជ​ននោង​នេះ ខ្ញុំ​សុំ​គេ​បាន ៣​គ្រាប់ ហើយ​យកមក​ដាំ ស្រាប់តែ​បាន​វែង​ចឹ​ង​ទៅ​។ ននោង​នេះ ផ្លែ​វា​វែង​គ្រប់ៗ​ផ្លែ​តែម្ដង ហើយ​១​រណ្ដៅ វា​ផ្លែ​បាន​ជាង ៥០​ផ្លែ​»​។ 


(រូបភាពផ្តល់សិទ្ធិដោយ កញ្ញា អឿន សាវាត កូនស្រីម្ចាស់ចម្ការននោងវែង)

​បើ​និយាយ​រឿង​ថែទាំ​វិញ អ្នកស្រី ម៉ែន វី ថែទាំ​តាម​ធម្មតា ដោយ​ស្រោច​ទឹក និង​ដាក់​ជីលា​មក​គោ នៅតាម​គល់​ននោង​។ កសិករ ម៉ែន វី អះអាងថា មិនបាន​ប្រើប្រាស់​ជីគីមី​អ្វី​ឡើយ ព្រោះ​អ្នកស្រី​ដាំ​សម្រាប់​បរិភោគ​ប៉ុណ្ណោះ​។ កសិករ​ម្ចាស់​ផ្លែ​ននោង​វែង​រូបនេះ រៀបរាប់​ពី​ការវិវត្ត​របស់​ននោង​ថា​៖«​ពីមួយថ្ងៃ​ទៅមួយថ្ងៃ វា​ចេះតែ​វែង​ទៅៗ​។ ពេល​វា​ក្ដឹប វា​លូត​ខ្លី​នៅឡើយ​ទេ ប៉ុន្តែ​រៀង​ធំ​បន្តិច ស្រាប់តែ​លូត​វែង​ខ្លាំង​តែម្ដង​»​។​


 (រូបភាពផ្តល់សិទ្ធិដោយ កញ្ញា អឿន សាវាត កូនស្រីម្ចាស់ចម្ការននោងវែង)

​នៅពេល​ដាំ​ននោង​បាន​ផល​ល្អ​បែបនេះ អ្នកស្រុក​ភូមិ បាននាំគ្នា​មក​ថត និង​សុំ​ពូជ​ននោង​ពី​អ្នកស្រី ម៉ែន វី ផងដែរ​។ ននោង​ដែលមាន​ប្រវែង​ដល់​ទៅ ១.៥៧​ម៉ែត្រ​នេះ មាន​ទម្ងន់​ជាង ១​គីឡូ ហើយ​ក្នុង​មួយ​ផ្លែ អ្នកស្រី​អាច​លក់បាន​ពី​១៥០០​ទៅ​២០០០​រៀល ខណៈ​ននោង​ធម្មតា លក់​ត្រឹម​៥០០​រៀល​ប៉ុណ្ណោះ​។ កសិករ​ដែលមាន​កូន ៤​នាក់​រូបនេះ ប្រកប​របរ​ធ្វើស្រែ និង​ដាំ​បន្លែ​បន្តិចបន្តួច​នៅ​ជុំវិញ​ផ្ទះ​សម្រាប់​បរិភោគ​ប៉ុណ្ណោះ ប៉ុន្តែ នៅពេល​បរិភោគ​មិន​អស់ អ្នកស្រី ក៏បាន​លក់​បន្លែ​ដល់​អ្នកភូមិ​បរិភោគ​ផងដែរ​។ ក្រៅពី​ដាំ​ននោង អ្នកស្រី ម៉ែន វី បាន​ដាំ​បន្លែ​ត្រសក់ ជី និង​បន្លែ​មួយចំនួនទៀត ដើម្បី​កាត់បន្ថយ​ការចំណាយ​នៅក្នុង​គ្រួសារ​៕


(រូបភាពផ្តល់សិទ្ធិដោយ កញ្ញា អឿន សាវាត កូនស្រីម្ចាស់ចម្ការននោងវែង)

Tag:
 កសិកម្ម​
  បាត់ដំបង​
  បន្លែ​
  ននោង​
 
© រក្សាសិទ្ធិដោយ thmeythmey.com