ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​អ្វី​ពិបាក​! ទប់​ទល់នឹង​បញ្ហា​ស្ត្រេ​ស ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំងនេះ​
02, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រឈមមុខ​នឹង​បញ្ហា​ស្ត្រេ​ស គឺ​មិនល្អ​សោះឡើយ​សម្រាប់​មនុស្ស​គ្រប់រូប​។ ក្រៅពី​ប៉ះពាល់​ដល់​អារម្មណ៍ ស្ត្រេ​ស​រ៉ាំរ៉ៃ​ក៏​ជះឥទ្ធិពល​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ បេះដូង​​ ​ឆ្អឹង សម្ពាធ​ឈាម និង​ប្រសិទ្ធភាព​ខួរក្បាល​ផងដែរ​។ វី​ធី​ដ៏​ល្អ​បំផុត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​តានតឹង​ក្នុង​អារម្មណ៍ គឺ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។ ទោះជា​យ៉ាងណា ក៏​នៅមាន​អារម្មណ៍​មួយចំនួន​ដែល​អាច​កាត់បន្ថយ​បំបាត់​ស្ត្រេ​សបាន​យ៉ាង​ប្រសើរ​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ជួយ​បំបាត់​ស្ត្រេ​ស​ឆាប់រហ័ស​?



​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ទប់ទល់​នឹង​ភាព​តានតឹង​ក្នុង​អារម្មណ៍ ៖

១. តែ​បៃតង​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ប្រយុទ្ធប្រឆាំង​ជំងឺ​អារម្មណ៍​។ វា​មាន​ឥទ្ធិពល​លើផ្លូវ​ចិត្ត និង​រាងកាយ ដោយ​ការ​ទទួលទាន​តែ​បៃតង​ជាប្រចាំ គឺអាច​ផ្ដល់នូវ​សុខភាព​ល្អ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​តែ​បៃតង អ្នក​អាច​ទទួលទាន​តែ​ខ្មៅ​ជំនួស​វិញ ដោយ​វា​មាន​ឥទ្ធិពល​ល្អ​ដូចគ្នា​។ តែ​បៃតង​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ប្រសើរ​បំផុត​សម្រាប់​អ្នក​ជក់បារី និង​ទទួលទាន​គ្រឿង​ស្រវឹង​។​

២. ត្រី​សម្បូរ​ខ្លាញ់​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ រួមទាំង​អារម្មណ៍​។ ត្រី​សម្បូរ​ខ្លាញ់​ក៏​អាច​បង្កើន​កម្រិត​អ័រម៉ូន​រីករាយ serotonin នៃ​ខួរក្បាល​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​ស្ត្រេ​ស​។​

៣. សូកូឡា​ខ្មៅ​

​សូកូឡា​ខ្មៅ គឺមាន​ឥទ្ធិពល​ល្អ​បំផុត​ក្នុងការ​បង្កើន​នូវ​សារធាតុ​គីមី​ផ្សេងៗ​ក្នុង​ខួរក្បាល​ដែល​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​។ គ្រាន់តែ​ប្រាកដថា អ្នក​បានជ្រើសរើស​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើ​អ្នក​ចង់​ចៀស​ឆ្ងាយ​ពី​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ និង​តានតឹង​ក្នុង​អារម្មណ៍​បាន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

៤. តែ​រុក្ខជាតិ​

​មានតែ​រុក្ខជាតិ​ច្រើន​ប្រភេទ​ណាស់​ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយក៏​អាច​ទប់ស្កាត់​ផលប៉ះពាល់​ផ្សេងៗ​ដែល​អាច​កើតមាន​លើ​សុខភាព​ផ្លូវចិត្ត​និង​រាងកាយ​ផងដែរ​។​ឧទាហរណ៍ តែ​ខ្ញី​និង​តែ​រមៀត​ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​បង្កឡើង​ដោយសារ​ស្ត្រេ​ស​។​

៥. ផ្លែ​ចេក​

​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ហើយ​នោះ ផ្លែ​ចេក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B រួមទាំង​សារធាតុ folate និង​វីតាមីន B6 ដែល​ជួយ​ក្នុង​ការផលិត​អ័រម៉ូន serotonin បង្កើន​អារម្មណ៍​ល្អប្រសើរ​កាត់បន្ថយ​ភាព​តានតឹង​។​

៦. គ្រាប់​ធញ្ញជាតិ​

​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន B ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយ​ថែមទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ រក្សា​សុខភាព​ខួរក្បាល ក៏ដូចជា​សរសៃប្រសាទ​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com