ជាតិ
ពិភពលោក​មិន​ស្ថិត​លើផ្លូវ​ត្រូវ​ឆ្ពោះទៅ​សម្រេច SDGs ខណ​:​ដែល​កម្ពុជា​បន្ត​ការប្រឹងប្រែង​
02, Oct 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ សិស្ស​​ជនជាតិ​ដើម​ភាគ​តិច​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា​ «សាលា​បឋម​សិក្សា​យឺនចាស់» ក្នុង​ភូមិយឺន​ ឃុំកក់​ ស្រុក​បរកែវ​ ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖ សិស្ស​​ជនជាតិ​ដើម​ភាគ​តិច​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា​ «សាលា​បឋម​សិក្សា​យឺនចាស់» ក្នុង​ភូមិយឺន​ ឃុំកក់​ ស្រុក​បរកែវ​ ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
ដោយ: VOA
 ​បុរី​ញូវយ៉ក ៖ នៅក្នុង​កិច្ចសន្ទនា​កម្រិត​ខ្ពស់​មួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ហិរញ្ញវត្ថុ  លោក​អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (António Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ព្រមាន​ចំៗ​នៅ​ចំពោះមុខ​តំណាង​ប្រទេស​ដែល​ចូលរួម​មហាសន្និបាត​លើក​ទី​៧៤​ថា ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កំពុង​ប្រឈម​នឹង​ផលវិបាក ដោយសារតែ​កង្វះ​ធនធាន​ខាង​ហិរញ្ញវត្ថុ​។​

 
​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​មាន​១៧​ចំណុច​រួមមាន ការលើកកម្ពស់​ការអប់រំ ការលុបបំបាត់​ភាពក្រីក្រ និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​សមភាព​យេនឌ័រ​។ មានការ​រៀបចំ​ជំនួប​កំពូល​ស្តីពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​កិច្ចប្រជុំ​ពី​ប្រធានបទ​នេះ ខាងក្រៅ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នា​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៩​នេះ​។​
 
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក António Guterres គូសបញ្ជាក់ថា កង្វះ​ការផ្គត់ផ្គង់​ហិរញ្ញវត្ថុ​បានក្លាយ​ជា​រនាំង​មិន​ឲ្យ​ប្រទេស​នានា​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដែល​គ្រោង​នឹងធ្វើ​ឲ្យ​បាន​នៅ​ឆ្នាំ​២០៣០​។​
 
​លោក​មានប្រសាសន៍​បញ្ជា​ក់​ក្នុងន័យ​ដើម​ថា​៖ «​បើ​គ្មាន​ធនធាន យើង​នឹង​មិនអាច​ផ្តល់​អ្វីៗ​ដល់​ប្រជាជន និង​ផែនដី​ទេ​»​។​
 
​លោក​បាន​បន្ថែមថា​៖ «​យើង​មិនបាន​ស្ថិត​លើផ្លូវ​ត្រូវ​មួយ​ដើម្បី​សម្រេច​គោលដៅ​ទាំងអស់នេះ​ទេ​»​។​
 
​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បានបញ្ជាក់​ទៀតថា ការធ្លាក់ចុះ​កម្រិត​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​និង​ការកើនឡើង​បំណុល​បានដាក់​សម្ពាធ​ការចំណាយ​លើ​គោលដៅ​ទាំងនេះ​។​
 
​ប្រទេស​កម្ពុជា​កំពុង​ចូលរួម​ក្នុងការ​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដល់់​ទៅ​១៨​ចំណុច រួមបញ្ចូល​ការដោះមីន​និង​យុទ្ធ​ភ​ណ្ធ​មិនទាន់​ផ្ទុះ​។​
 
​លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​រំលេច​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំងនេះ នៅក្នុងពេល​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំនេះ​។​
 
​ប្រមុខ​ការទូត​កម្ពុជា​រូបនេះ​កត់សម្គាល់ថា សម្ពាធ​បរិស្ថាន​ថ្មីៗ​បាន​បង្ក​ឲ្យ​មានការ​ប្រឈម​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការអនុវត្ត​របៀប​វារ​:​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០​។​
 
​នៅ​ខាងក្រៅ​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៧៤​របស់​អង្គការសហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក​មានការ​ពិភាក្សា​យ៉ាង​ផុសផុល​អំពី​ការ​ចម្រើន​ទៅមុខ​នៃ​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នេះ​។​
 
​គេ​ឃើញ​មានការ​តុបតែង​សសរ​ស្ត​ម​ចំនួន​១៧ មាន​លាយ​ពណ៌​ចម្រុះ​តំណាង​ចំណុច​សំខាន់ៗ​ទាំង​១៧​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅ​ចំ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការសហប្រជាជាតិ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ពិភាក្សាគ្នា​ទៅលើ​គោលដៅ​ទាំងនេះ ក្នុងការ​ជួបប្រជុំ​ដាច់ដោយឡែក ទៅតាម​ប្រធានបទ​នីមួយៗ​។​


សសរស្តម្ភចំនួន​១៧បង្ហាញពីខ្លឹម​សារ​សំខាន់ៗ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ត្រូវ​គេ​ដាក់​តាំងនៅ​ចំ​កណ្តាល​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នាបុរី​ញូវ​យ៉ក​ សហរដ្ឋអាមរិក​ នៅ​ពេល​មហាសន្និបាត​លើកទី​៧៤​របស់​អង្គការសហប្រជាជាតិ​ចាប់ផ្តើម​កាលពីថ្ងៃទី២៦ ​ខែកញ្ញា ឆ្នាំ២០១៩។
 
​លោ​កឡាច សា​វី នាយក​អង្គការ Aide et Action ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប្រទេស​ចិន ដែល​បាន​ចូលរួម​ពិភាក្សា​អំពី​កិច្ច​ការអប់រំ​នៅក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ប្រាប់ VOA ក្នុង​បទសម្ភាសន៍​មួយ​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ចូលរួម​ដោយ​សន្សឹមៗ​ក្នុងការ​សម្រេច​ឲ្យ​បាន​ចំណុច​ទី​៤ ដែល​ផ្តោត​ជា​ចម្បង​លើ​ការអប់រំ ពោលគឺ​ការធ្វើ​យ៉ាងណា​ឲ្យ​កុមារ​ទទួលបាន​ឱកាស​សិក្សា​ស្មើៗ​គ្នា និង​ពោរពេញ​ដោយ​គុណភាព​។​
 
«​ក្រសួង​អប់រំ​កំពុងតែធ្វើការ​ងារ​នេះ ដើម្បី​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល ហើយ​វា​ត្រៀម ត្រៀម​ធ្វើ​ដើម្បី​ថា តើ strategy goal [​គោលដៅ​យុទ្ធសាស្ត្រ​] របស់ SDG 4 យ៉ាងម៉េច ហើយ​ដែល​រដ្ឋាភិបាល​ត្រៀម implement goal [​អនុវត្ត​គោលដៅ​ហ្នឹង​]​យ៉ាងម៉េច​ដើម្បី​ក្នុងការ​អភិវឌ្ឍ​នេះ​របស់ខ្លួន​»​។​
 
​អ្នកធ្វើ​ការជំរុញ​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​រូបនេះ​គូសបញ្ជាក់ថា កម្ពុជា​កំពុង​ឃើញ​ភាពប្រសើរឡើង​របស់ខ្លួន​នៅក្នុង​វិស័យ​សិក្សាធិការ​។​
 
​តែ​ទោះជា​យ៉ាងណា លោ​កឡាច សា​វី និយាយថា ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​នៅមាន​កិច្ចការងារ​ជាច្រើន​ទៀត ដូចជា​ការបង្កើន​វិនិយោគទុន​លើ​ធនធាន​អប់រំ និង​បង្កើន​សមត្ថភាព​គ្រូបង្រៀន ដើម្បី​បំពេញ​ភាពខ្វះខាត​ក្នុង​ការផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព ដល់​ពលរដ្ឋ​គ្រប់រូប ជាពិសេស​គឺ​ក្មេង​នៅក្រៅ​សាលា​។​
 
 
​ក្នុងការ​ថ្លែង​នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ  លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា អះអាងថា ក្មេងប្រុស និង​ស្រី​នៅ​ប្រទេស​កម្ពុជា​ដែល​បានទទួល​ការអប់រំ​នៅ​កម្រិត​បឋមសិក្សា​មាន​ប្រមាណ​១០០​ភាគរយ​។​
 
​ដោយឡែក អ្នកស្រី​ស៊ិន ពុទ្ធា​រី ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​គណ​:​ក​ម្មា​ធិ​ការ​សហប្រតិបត្តិ​ការដើ​ម្បី​កម្ពុជា បាន​ចូលរួម​ពិភាក្សា​ជាច្រើន​រួមមាន​បញ្ហា​សមភាព​យេនឌ័រ និង​យុត្តិធម៌​នៃ​ចំណុច​ទី​៥​និង​ទី​១៦​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នេះ​។ អ្នកស្រី​ប្រាប់ VOA នៅ​ទីក្រុង​ញូវយ៉ក​កាលពី​សប្តាហ៍​មុន​ថា មាន​ការវិវត្ត​ទៅមុខ​ជា​វិជ្ជមាន ចំពោះ​ការយល់ដឹង​ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិ​ស្មើគ្នា​រវាង​បុរស និង​ស្ត្រី ដោយហេតុថា មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ជាង​មុន​អំពី​កិច្ចការងារ​នេះ​។​
 
«​បើសិនជា​យើង​ធ្វើការ​ប្រៀបធៀប យើង​ឃើញថា ការយល់ដឹង​ពី​សិទ្ធិ​ស្មើគ្នា ឬក៏​បញ្ជ្រាប​យេនឌ័រ​ហ្នឹង​មាន​ភាពទូលំទូលាយ​ជាង​ប៉ុន្មាន​ឆ្នាំកន្លងមក ដែល​យើង​ធ្វើ​កិច្ចការងារ​ហ្នឹង​»​។​
 
​មិនមាន​ការបញ្ជាក់​ច្បាស់​ណាមួយ​ថា ប្រទេស​កម្ពុជា ដែល​បាន​ងើប​ពី​សង្គ្រាម​ជាង​២០​ឆ្នាំ​មកនេះ នឹងមាន​លទ្ធភាព​សម្រេច​បាន​ទាំងស្រុង​នូវ​ចំណុច​ទាំង​១៧​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០​ទេ​។​
 
​ប៉ុន្តែ​អ្នកស្រី Armida Salsiah Alisjahbana លេខាធិការ​នាយក​ប្រតិបត្តិ​ប​ត្តិ​នៃ​គណ​:​កម្ម​ការ​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក កត់សម្គាល់​ក្នុង​អត្ថបទ​បញ្ចេញមតិ​មួយ​ថា ទាំង​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​ផ្លូវ​ឈានទៅ​សម្រេចបាន​ចំណុច​គោលដៅ​ទាំង​១៧​នេះ ប្រសិនបើ​មានការ​បង្កើន​ការវិនិយោគ និង​កំណែទម្រង់​នោះ​។​
 
​អ្នកស្រី​អះអាងថា កម្ពុជា​បាន​សម្រេចបាន​សមិទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ពាក់ព័ន្ធ​ទៅនឹង​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជាង​៧​ភាគរយ​ជាង​២​ទសវត្ស​រិ៍ម​ក​នេះ ហើយ​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន​។​
 
​យ៉ាងណាក្តី អ្នកស្រី Armida Salsiah Alisjahbana បញ្ជាក់ថា ប្រសិនបើ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ចង់​សម្រេចបាន​របៀប​វារ​:​នេះ​នៅ​ឆ្នាំ​២០៣០​នោះ ការបង្កើន​សកម្មភាព​វិនិយោគ​គឺជា​សេចក្តីត្រូវការ​ចាំបាច់​។​
 
​អ្នកស្រី​បាន​សរសេរ​ក្នុងន័យ​ដើម​ថា​៖ «​យើង​ប៉ាន់​ស្មានថា តម្រូវការ​វិនិយោគ​បន្ថែម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​គឺ​ប្រមាណ​១,៥​លាន​លាន​ដុល្លារ (​ឬ 1.5 trillion) ក្នុង​មួយឆ្នាំ​។ សេចក្តី​វិភាគ​របស់​ពួកយើង​បង្ហាញថា តំបន់​នេះ​មាន​លំហ​សារពើពន្ធ​ដើម្បី​ឧបត្ថម្ភ​សកម្មភាព​វិនិយោគ​នេះ​បាន​»​។​
 
​អ្នកស្រី​បញ្ជាក់ទៀតថា កំណែទម្រង់​ជាច្រើន​ដើម្បី​ប្រមូល​ពន្ធ និង​ការវិនិយោគ​ក្នុង​វិស័យ​ឯកជន​គឺមាន​ភាពចាំបាច់​នៅក្នុង​ប្រទេស​ជាច្រើន ខណ​:​ដែល​ជំនួយ​អភិវឌ្ឍន៍​ពី​ក្រៅប្រទេស​មានការ​ថយចុះ​។​
 
​អ្នកស្រី​បានសរសេរថា​៖ «​នៅ​ប្រទេស​កម្ពុជា ការវិនិយោគ​បន្ថែមចំនួន​៣​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃជា​តម្រូវការ​ដើម្បី​សម្រេច SDGs [​ឬ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​]​។ ហើយ​កំណើន​៥,៤​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មួយឆ្នាំ​អាច​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការ​បង្វិល​សាច់ប្រាក់ និង​ការផ្តល់​ការ​គាំពារ​សង្គម​ទូទៅ​»​។​


ការពិភាក្សា​អំពីគោលដៅ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​ នៅខាងក្រៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិលើក​ទី​៧៤ នៅបុរីញូវយ៉ក​ ថ្ងៃទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៩​។​ (ហ៊ុល រស្មី​/VOA)
 
​ដោយឡែក​លោក António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានលើកឡើង​ក្នុង​កិច្ចសន្ទនា​ខាង​ហិរញ្ញវត្ថុ​កម្រិត​ខ្ពស់​មួយ នៅ​ខាងក្រៅ​មហាសន្និបាត​ថា នៅ​ខែ​ក្រោយនេះ លោក​នឹង​កោះប្រជុំ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចំនួន​៣៩​រូប​ពី​គ្រប់​តំបន់​ដើម្បី​ដំណើរការ​សម្ព័ន្ធ​អ្នកវិនិយោគ​សាកល​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព (Global Investors for Sustainable Development Alliance) ដែល​សម្ព័ន្ធ​នេះ​នឹង​អាច​ប្រមូល​ធនធាន​រួមគ្នា​បាន​ជិត​១៦​លាន​លាន​ដុល្លារ (​ឬ​$16 trillion)​។​
 
​លោក​និយាយថា​៖ «​ខ្ញុំ​នឹង​ពឹងពាក់​លើ​ការគាំទ្រ​របស់​ពួកគេ ក្នុងការ​បង្វែ​ចំណុច​អាទិភាព​ទាំងឡាយ​ពី​ការ​ប្រាថ្នា​ចង់បាន ទៅជា​សកម្មភាព ហើយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ឲ្យ​ស្របទៅតាម​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​»​។​
 
​លោក​និយាយទៀតថា​៖ «​ការសន្ទនា​គ្នា​ថ្ងៃនេះ ទៅលើ​ចំណោទ​សំខាន់​នៃ​ការផ្តល់​ហិរញ្ញប្បទាន អាចជួយ​យើង​ឲ្យ​វិល​មក​គន្លង​ត្រឹមត្រូវ​សម្រាប់​សកម្មភាព​មួយ​ទសវត្ស​រិ៍​ទៅមុខទៀត​។ ចូរ​យើង​នាំគ្នា​បង្កើន​មហិច្ឆតា​ខាង​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​ហិរញ្ញវត្ថុ​សម្រាប់​អាកាសធាតុ និង​ហិរញ្ញវត្ថុ ដែល​នឹង​ជំរុញ​ឲ្យ​ទីផ្សារ​រីកលូតលាស់ ជំនួញ​បាន​ជោគជ័យ និង​ប្រជាជន​រស់នៅក្នុង​សេចក្តីថ្លៃថ្នូរ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com