ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេងឱ្យបាន ៨ ម៉ោងរាល់យប់ ហើយរាងកាយនឹងទទួលបានអត្ថប្រយោជន៍អស្ចារ្យទាំងនេះ
× ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យអ្នកបាក់សម្រស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលខ្លាំងក្លាចំពោះសុខភាពផងដែរ។ ទោះជាយ៉ាងណាប្រសិនបើអ្នកគេងបានគ្រប់ ៨ ម៉ោងរាល់យប់ អ្នកនឹងទទួលបានអត្ថប្រយោជន៍អស្ចារ្យជាច្រើន។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការគេងបានគ្រប់គ្រាន់ជាប្រចាំ ៖
១. ផ្ដោតអារម្មណ៍បានឆាប់រហ័ស
យោងតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថាកង្វះនៃការគេងអាចជះឥទ្ធិពលអវិជ្ជមានគួរឱ្យព្រួយបារម្ភចំពោះដំណើរមុខងារនៃខួរក្បាលដោយភាពហត់នឿយកាត់បន្ថយសមត្ថភាពក្នុងការផ្ដោតអារម្មណ៍និងចងចាំព័ត៌មានផ្សេងៗ។ ដូច្នេះប្រសិនបើអ្នកគេងបានគ្រប់គ្រាន់នោះសមត្ថភាពក្នុងការផ្ដោតអារម្មណ៍និងចងចាំប្រាកដជាមានលក្ខណៈប្រសើរឡើងជាមិនខាន។
២. ចៀសផុតពីហានិភ័យនៃជំងឺធាត់ជ្រុល
អត្ថប្រយោជន៍ដ៏ប្រសើរបំផុតមួយទៀតនៃការគេងបានគ្រប់ ៨ ម៉ោងរាល់យប់ គឺចៀសផុតពីជំងឺធាត់ជ្រុល។ កង្វះនៃការគេងអាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូននិងចំណង់អាហារ។ នៅពេលគេងមិនបានគ្រប់គ្រាន់រាងកាយនឹងមិនអាចផលិតអ័រម៉ូន ghrelin (ទទួលខុសត្រូវរំញោចការឃ្លាន) និងអ័រម៉ូន leptin (ទប់ស្កាត់ចំណង់អាហារ) ត្រឹមត្រូវដើម្បីអាចអោយខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។
៣. ចៀសផុតពីហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល
នោះក៏ព្រោះតែការគេងបានគ្រប់គ្រាន់ជួយឲ្យចរន្តឈាមរត់បានត្រឹមត្រូវដែលទប់ស្កាត់បញ្ហាឈាមកកកើតមានឡើង។ គួរបញ្ចាក់ផងដែរថា ប្រសិនបើឈាមកកចរាចរនោះវានឹងរាំងស្ទះដល់លំហូរនៃឈាមដឹកនាំអុកស៊ីសែនទៅកាន់សាច់ដុំបេះដូងដែលជាអ្វីមួយអាចនាំឱ្យគាំងបេះដូង។ ប្រសិនបើអ្នកផ្ដាច់ការផ្គត់ផ្គង់ឈាមដឹកនាំអុកស៊ីសែនទៅកាន់ផ្នែកមួយនៃខួរក្បាលនោះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនឹងឡើងខ្ពស់គួរឱ្យព្រួយបារម្ភជាក់ជាមិនខាន។
៤. ទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែម
នោះក៏ព្រោះតែការគេងបានគ្រប់គ្រាន់អាចរក្សាតុល្យភាពនៃអ័រម៉ូនដែលមានឥទ្ធិពលលើការផលិតអាំងស៊ុយលីន ហើយជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ដូច្នេះអ្នកប្រាកដជាអាចចៀសផុតពីហានិភ័យនៃជំងឺទឹកនោមផ្អែមមិនខាន។
៥. សុខភាពផ្លូវចិត្តល្អប្រសើរ
តើអ្នកធ្លាប់ដឹងទេថាការគេងមិនគ្រប់ក៏មានទំនាក់ទំនងផ្សារភ្ជាប់ជាមួយជំងឺធ្លាក់ទឹកចិត្តនិងថប់អារម្មណ៍គួរឲ្យកត់សម្គាល់? យោងតាមការសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក NCBI បានឱ្យដឹងថាអ្នកដែលគេងបានតិចជាង ៦ ម៉ោងរាល់យប់ គឺហាក់ដូចជាងាយនឹងវិវត្តទៅជាកើតជំងឺធ្លាក់ទឹកចិត្តច្រើនជាងអ្នកដែលបានគេងគ្រប់គ្រាន់ដល់ទៅ ៥ ដងឯណោះ។ ដូច្នេះដើម្បីរក្សាសុខភាពផ្លូវចិត្តល្អប្រសើរ ចូរព្យាយាមគេងឲ្យបានគ្រប់គ្រាន់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com