អន្តរជាតិ
អ្នកគ្រូ​អង់គ្លេស​ដែល​ជួប​ករណី​ផ្ទុះ​ហ្គាស​នៅ​សៀមរាប​ប្រាប់ថា​៖«​ស្អប់​មុខ​ខ្លួនឯង​»
02, Oct 2019 , 3:21 pm        
រូបភាព
កញ្ញា ELeftheriou មកពីទីក្រុង Rochester ក្រុង Kent នៃប្រទេសអង់គ្លេស អាយុ ២២ ឆ្នាំ មានអាជីពជាគ្រូបង្រៀន (BBC)
កញ្ញា ELeftheriou មកពីទីក្រុង Rochester ក្រុង Kent នៃប្រទេសអង់គ្លេស អាយុ ២២ ឆ្នាំ មានអាជីពជាគ្រូបង្រៀន (BBC)
ដោយ:
​គ្រូបង្រៀន​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​និយាយថា រូបនាង​ស្អប់​មុខ​ខ្លួនឯង ក្រោយពី​រង​ការឆេះ​ខ្លោច​ជាខ្លាំង ក្នុងករណី​ផ្ទុះ​ស្ថានីយ៍​ហ្គាស នា​ខេត្តសៀមរាប​។ កញ្ញា Zoe Eleftheriou កំពុង​ជិះ​ម៉ូតូ​ឆ្លងកាត់​ទីតាំង​ផ្ទុះ​នោះ នៅពេល​វា​បាន​ផ្ទុះ​ជា​អណ្តាតភ្លើង​ឡើង​។ គ្រូបង្រៀន​មាន​វ័យ​២២​ឆ្នាំ​រូបនេះ និង​មិត្ត​ម្នាក់ទៀត ឈ្មោះថា Abbey Alexander បាន​រងរបួស​ធ្ងន់ធ្ង​រ និង​បាន​សុំ​ឲ្យ​ប្រជាជន​នៅក្បែរ​ទីតាំង​កើតហេតុ​នោះ​ជួយ​។



អត្ថបទទាក់ទង

ការផ្ទុះ​ហ្គាស​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ១៤ សីហា ឆ្នាំ​២០១៩ ។ សមត្ថកិច្ច​កម្ពុជា បាន​រកឃើញថា ស្ថានីយ៍​បញ្ចូល​ហ្គាស​នេះ ពុំមាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​ឡើយ​។ ក្នុងករណី​ដ៏​រន្ធត់​មួយ​នេះ​មនុស្សម្នា​ក់បាន​ស្លាប់ និង​១៣​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ធ្ង​រ​។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC កញ្ញា ELeftheriou មកពី​ទីក្រុង Rochester ក្រុង Kent នៃ​ប្រទេស​អង់គ្លេស បាន​រៀបរាប់​ពី​ព្រឹត្តិការណ៍​ដែល​នាង​ជួបប្រទះ​នេះ​ថា​៖«​វា​បាន​ផ្ទុះឡើង​។ ខ្ញុំ​ឃើញ​អណ្តាតភ្លើង​នៅមុខ​យើង ហើយ​វា​រាលដាល​ដល់​ខ្នង​យើង​ផងដែរ​»​។ នាង បន្តថា​៖«​យើង​បាន​រត់ទៅរក​មនុស្សម្នា ហើយ​ប្រាប់​ពួកគេ​ថា យើង​ត្រូវការ​ជំនួយ​។ ជា​អកុសល អ្វីដែល​ពួកគេ​បានធ្វើ​នោះ​គឺ ដក​ទូរ​សព្ទ​ពួកគេ​ចេញមក​ដើម្បី​ថតរូប​ភាព​និង​វីដេអូ​ទុក​ប៉ុណ្ណោះ​»​។​

​នារី​រងគ្រោះ​ជនជាតិ​អង់គ្លេស​រូបនេះ បានទទួល​ការព្យាបាល​នៅ​គ្លីនិក​ដែល​នៅ​ជិត​នោះ មុននឹង​ត្រូវបញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ ក្នុងប្រទេស​ថៃ ។ ថ្លៃ​ព្យាបាល​របស់​នាង អស់​ដល់​ទៅ ២៤៥ ៥២៥​ដុល្លារ ប៉ុន្តែ​នាង​ទទួលបាន​លុយ​ត្រឹម ៤២៩​ដុល្លារ​ប៉ុណ្ណោះ ពី​ថ្លៃ​ធានារ៉ាប់រង​ដំណើរ​កម្សាន្ត​របស់​នាង​។ បច្ចុប្បន្ន នាង​តែង​មានការ​ណាត់ជួប​ជា​ទៀងទាត់​នៅ​មន្ទីរពេទ្យ     ​Queen Victoria ក្នុង​ក្រុង East Grinstead នៃ​ចក្រភព​អង់គ្លេស​។

​ប្រាប់ BBC កញ្ញា Zoe Eleftheriou និយាយថា​៖«​នៅពេល​ខ្ញុំ​បាន​ទៅដល់​ប្រទេស​ថៃ វា​ជា​លើកទីមួយ​ដែល​ខ្ញុំ​អាច​ឃើញ​មុខ​របស់ខ្ញុំ ហើយ​ខ្ញុំ​ស្អប់​វា​។ ខ្ញុំ​ស្អប់​វា​ខ្លាំងណាស់​។ ឥឡូវនេះ ខ្ញុំ​នៅតែ​ស្អប់​វា ។ ម្យ៉ាងវិញទៀត ខ្ញុំ​មិនអាច​ទៅ​ដើរ​ទិញ​ទំនិញ​ប្រចាំ​សប្តាហ៍ ហើយ​ខ្ញុំ​ក៏​មិនអាច​ទៅ​ចូល​ក្លឹប​រាត្រី​ដូច​មុន​ផងដែរ​»៕

​    ​



Tag:
 ចក្រភព​អង់គ្លេស​
  សៀមរាប​
  កម្ពុជា​
  ផ្ទុះ​ហ្គាស
© រក្សាសិទ្ធិដោយ thmeythmey.com