អន្តរជាតិ
មហាក្សត្រ​ថៃ យក​កងពល​យោធា​សំខាន់​ពីរ​មកកាន់​កាប់​ដោយផ្ទាល់​
02, Oct 2019 , 8:39 pm        
រូបភាព
រូបភាព (AFP)
រូបភាព (AFP)
​មហាក្សត្រ​ក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ (Maha Vajiralongkorn) បានចេញ​បញ្ជា​ឲ្យ​ផ្ទេរ​យោធា​ចំនួន​ពីរ​កងពល​មក​ដាក់​ក្រោម​ការដឹកនាំ​របស់​ព្រះរាជវាំង​ដោយផ្ទាល់​។ សម្រាប់​ការផ្លាស់ប្តូរ​នៅ​បរិបទ​ចុងក្រោយ​នេះ ត្រូវបាន​គេ​មើលឃើញថា គឺជា​ការពង្រឹង​អំណាច​របស់​មហាក្សត្រ​ឲ្យ​កាន់តែខ្លាំង​ជាង​មុន​។​



​បើតាម​ព្រះរាជក្រឹត្យ​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែតុលា វរ​សេនា​ធំ​លេខ​១ និង​លេខ​១១ ត្រូវ​ស្ថិតនៅក្រោម​បញ្ជា​របស់​ទីបញ្ជាការដ្ឋាន​សន្តិសុខ​រាជវាំង ដែល​ស្ថិតក្រោម​បញ្ជា​ផ្ទាល់​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ផ្ទាល់​។ រាជក្រឹត្យ​នេះ បាន​យោងតាម​រដ្ឋធម្មនុញ្ញ​ថៃ មាត្រា​១៧២ បានចែង​អំពី ការ​អនុ​ញ្ញា​ឲ្យ​យោធា​ស្ថិតនៅក្រោម​ការបញ្ជា​ដោយផ្ទាល់​របស់​ព្រះរាជវាំង​ក្នុង​កាលៈទេសៈ​បន្ទាន់ ដែលមាន​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​រាជានិយម​។​

​យ៉ាងណាមិញ រាជក្រឹត្យ​នេះ មិនបាន​បញ្ជាក់​ច្បាស់​ឡើយ​ថា កាលៈទេសៈ​បន្ទាន់​ជា​អ្វី​ឲ្យ​ច្បាស់​នៅឡើយ​ទេ​។ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏បាន​ចុះហត្ថលេខា​អម​លើ​រាជក្រឹត្យ​នេះដែរ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ហិរញ្ញវត្ថុ​សម្រាប់​ប្រតិបត្តិការ ក៏​ផ្ទេរ​មកក្រោម​ការកាន់កាប់​របស់​ស្ដេច​ដែរ​។​។ នៅ​ថៃ មហាក្សត្រ​គឺជា​អគ្គមេបញ្ជាការ​កងទ័ព ប៉ុន្តែ​ព្រះរាជក្រឹត្យ​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ មិនបាន​ឆ្លងកាត់​រចនាសម្ព័ន្ធ​បញ្ជា​របស់​យោធា​ថៃ​ឡើយ​។ 

​អង្គភាព​ទ័ព​សំខាន់​ទាំងពីរ​នេះ គឺជា​អតីត​យោធា​តំបន់​មួយ ដែល​ទទួលបន្ទុក​ការពារ​សន្តិសុខ​នៅក្នុង​ទីក្រុង​បាងកក និង​តំបន់​ជុំវិញ​។ ការទាញយក​អង្គ​ទ័ព​មក​គ្រប់គ្រង​ដោយផ្ទាល់​នេះ មិនមែនជា​រឿង​ថ្មី​ឡើយ​។ ក្រោយ​ការឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​២០១៦ មហាក្សត្រ​រាមា​ទី​១០ អង្គ​នេះ បាន​កែប្រែ​ច្បាប់​ជាច្រើន​ដែល​ផ្ដល់​អំណាច​ខ្លាំង​ដល់​រាជវាំង និង​ស្ដេច​។ កាលពី​ឆ្នាំ ២០១៧ ទ្រង់​បាន​ផ្ទេរ​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ស្តេច​ដែល​ពីមុន​គ្រប់គ្រង​ដោយ​ក្រសួង​ហិរញ្ញវត្ថុ មកក្រោម​ការគ្រប់គ្រង​ផ្ទាល់​តែម្ដង​។ 

​បន្ថែម​ពីលើ​នេះ នៅក្នុង​ឆ្នាំ​ដដែល ព្រះមហាក្សត្រ​ថៃ​បាន​កែប្រែ​របៀប​គោរព និង​ការ​កាត់សក់​របស់​យោធា​។

​សូមបញ្ជាក់ថា មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បាន​ឡើង​សោយរាជ្យ​ផ្លូវការ​នៅ​ឆ្នាំ​២០១៩ នេះ​បន្ត​ពី​បិតា ភូមិ​ពល អ​តុល្យ​តេជ ។ ព្រះប្រមុខរដ្ឋ​អង្គ​នេះ បាន​ពង្រឹង​អំណាច​ខ្សែ​រាជវង្ស​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ថៃ​ទាំងមូល​៕

Tag:
 ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com