ONE Championship
កីឡាជាតិ
ជាតិ
ចាន់ សំអាត​៖«​ខ្ញុំ​អត់​មើល​វីដេអូ​គូប្រកួត​មុន​ទេ ដល់ពេល​ឡើង​វ៉ៃ​តែម្ដង កុំ​ឲ្យ​បែក​អារម្មណ៍​ច្រើន​»
02, Oct 2019 , 9:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ សំអាត ត្រូវ​ប៉ះ​កីឡាករ​ជប៉ុន  HIKARU YOSHINO នៅ​សង្វៀន ONE WARRIOR SERIES 8 នៅ​ថ្ងៃទី​៥ ខែតុលា នា​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ កីឡាករ​តំណាង​ឲ្យ​កម្ពុជា​រូបនេះ​អះអាងថា រូបគេ​មិន​មើល​វីដេអូ​របស់​គូប្រកួត​មុន​ឡើយ គឺ​ដល់ពេល​ស្ទាបស្ទង់​តែ​១​តឹក ហើយ​វាយយក​តែម្ដង​។



​កីឡាករ​ដែល​ឡើង​ប្រកួត​គុន​ចម្រុះ​បាន ៦ ដង​រូបនេះ​គូសបញ្ជាក់ថា​៖«​បង​..​ខ្ញុំ​ហាត់​ត្រៀម​រហូត​នៅ​ក្លិប Cambodian Top Team ជាមួយ​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ​។ ខ្ញុំ​អត់​ចង់​មើល​ដៃគូ​ប្រកួត​របស់ខ្ញុំ​ទេ​។ ពេល​ខ្ញុំ​មើលទៅ​នាំ​បែក​អារម្មណ៍ និង គិត​នេះនោះ​តប់ប្រមល់​ច្រើន​។ ខ្ញុំ​អត់​ចង់​មើល ព្រោះ​ពេល​មើលទៅ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ច្រើន​។ ពេល​ឡើងទៅ​ស្ទាបស្ទង់​និង​វ៉ៃ​យកតែ​ម្ដង​»​។

​កីឡាករ​ដែលមាន​ឈ្មោះ​ដើម ធាន អាត បាន​រៀបរាប់​ទៀតថា រូបគេ​មានបទពិសោធន៍​ប្រកួត​នៅ​សង្វៀន ONE Championship ចំនួន ៣ ដង​រួចមកហើយ​ក្នុងនោះ​ឈ្នះ ១ និង ចាញ់​២​ដង​។ ការ​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​នា​ដើមខែ តុលា គឺជា​កំណត់ត្រា​ប្រកួត​លើក​ទី​៤ របស់ខ្លួន​នៅលើ​សង្វៀន​កម្រិត​អន្តរជាតិ​មួយ​នេះ​។ ក្នុងចំណោម​ការប្រកួត ៣ លើក​នៅ​សង្វៀន ONE ចាន់ សំអាត ឈ្នះ​កីឡាករ​ថៃ Detchadin Srosirisuphathin កាល​ខែ មីនា ឆ្នាំ ២០១៨ មុន​ចាញ់​កីឡាករ​ហ្វីលីពីន Michael Fangki នៅ​ខែ កក្កដា ឆ្នាំ​ដដែល និង ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ម៉ុង​ហ្គោ​លី ZOLTSETSEG កាល​ខែ មេសា ឆ្នាំ ២០១៩ កន្លងទៅ​នៅ​សិង្ហ​បុរី​។ ប៉ុន្តែ​បើ​និយាយ​អំពី​កំណត់ត្រា​ប្រកួត​គុន​ខ្មែរ​វិញ សំអាត ឡើង​សង្វៀន​បាន​ជាង ១០០ ដង​។ ចំណែក HIKARU YOSHINO ឡើង​សង្វៀន ONE លើកដំបូង ប៉ុន្តែ​រូបគេ​មានបទពិសោធន៍​ជោកជាំ​នៅ​សង្វៀន​គុន​ចម្រុះ​នានា​រហូតដល់ ៦ ដង​ដែរ ក្នុងនោះ​ឈ្នះ ៥ និង ចាញ់ ១ ដង​គត់​។

​បែបណា​ក្ដី ចាន់ សំអាត សង្កត់ធ្ងន់ថា ៖«​ពេល​ខ្លួន​មើល​គូប្រកួត​ធ្វើ​ឲ្យ​យើង​ភ័យ និង គិត​ពេក ដូច្នេះ​ខ្ញុំ​ចាំ​ឡើងទៅ​វ៉ៃ​យកតែ​ម្ដង​។ ខ្ញុំ​បាន​ត្រៀមខ្លួន​ជានិច្ច​និង​ឡើង​សង្វៀន​ហូរហែ​។ ការ​ឈ្នះ​ថៃ​ក្នុង​ការប្រកួត​នៅ PNN ថ្មីៗ​នេះ​ក៏​ជាការ​រួមចំណែក​មួយ​នៃ​ការត្រៀម​របស់ខ្ញុំ​ដែរ​»​។ កូនសិស្ស​របស់លោក ហ៊ុន ច័ន្ទ​រាជ្យ រៀបរាប់​ទៀតថា ការឡើង​ប្រកួត​តាម​សង្វៀន​នានា ក្នុងស្រុក និង​ការប្រកួត​ចុងក្រោយ​នៅ ភី​អិន​អិន គឺជា​ការរៀបចំ​ខ្លួន​មួយ​មុន​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស និង ធ្វើ​ឲ្យ​រូបគេ​ហ្វឹកហាត់​បានល្អ​រួមទាំង​ការបង្កើន​កម្លាំង​ស៊ុ​ហ្វ​ដែរ​។

​គួរ​ដឹងថា ចាន់ សំអាត មានឈ្មោះ​ដើម ធាន អាត ប៉ុន្តែ ត្រូវ​ប្ដូរ​ត្រកូល​តាម ខុន ស៊ី​ចាន់ ក្រោយ​កីឡាករ​ជើងចាស់​រូបនេះ​ណែនាំ​ឲ្យ​រូបគេ​ទៅ​ហាត់​ប្រដាល់​នៅ​ឆ្នាំ ២០០៨ ជាមួយ​គ្រូបង្វឹក ឡោ វុទ្ធី នៅ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ​។  រហូត​ឆ្នាំ ២០១៣ ចាន់ សំអាត ចូល​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​ត្រៀម​ប្រកួត​ជើងឯក Khmer Warrior Challenge ដែល​រៀបចំឡើង​ដោយ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន និង MyTV​។ ទីបំផុត ចាន់ សំអាត ឈ្នះ ខ្សែក្រវាត់​វាយ​ដាក់​ទ្រុង ឬ គុន​ចម្រុះ Khmer Warrior Challenge វគ្គ​៣ នៅ​ឆ្នាំ ២០១៤ និង​បន្ត​ចូល​ហ្វឹកហាត់​ក្បាច់គុន​នៅ​ក្លិប Cambodian Top Team រហូតដល់​បច្ចុប្បន្ន​។

​នៅ​ថ្ងៃ​ជាមួយគ្នា ឡុង ឡា ត្រូវ​ប៉ះ កីឡាករ​ជប៉ុន ASUKA TSUBAKI ខណៈដែល​កីឡាករ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា រស់នៅ​កម្ពុជា EMMANUEL ONYEDIKACHI ត្រូវ​សងសឹក​នឹង កីឡាករ​អាមេរិក DE’VON MORRIS ។​

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY  នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​៕

© រក្សាសិទ្ធិដោយ thmeythmey.com