កីឡាអន្តរជាតិ
អន្តរជាតិ
Nice បណ្តេញ​កីឡាករ​ម្នាក់​ដែល​លួច​នាឡិ​ការបស់​មិត្ត​រួម​ក្រុម​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ​
02, Oct 2019 , 10:19 pm        
រូបភាព
​ក្លិប Nice នៃ​លី​គ​កំពូល​បារាំង Ligue 1 បាន​បណ្តេញ​កីឡាករ​របស់ខ្លួន Lamine Diaby-Fadiga ចេញពី​ក្រុម បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​សារភាពថា​បាន​លួច​នាឡិកាដៃ​របស់​មិត្ត​រួម​ក្រុម​កី​ឡករ Kasper Dolberg ដែលមាន​តម្លៃ ៧៦០០០ ដុល្លារ​អាមេរិក​។​



Dolberg ខ្សែប្រយុទ្ធ​សញ្ជាតិ​ដា​ណឺ​ម៉ាក បាន​បាត់​នាឡិកាដៃ​របស់ខ្លួន​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ហើយ​ក៏បាន​រាយការណ៍​ប្រាប់​ទៅ​ប៉ូលិស​ក្រោយ​ចប់​ការប្រកួត​។​


ខ្សែប្រយុទ្ធ Kasper Dolberg ដែលបាត់នាឡិកា

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បា​រា​មង Diaby-Fadiga ដែលមាន​វ័យ​ទើប​១៨​ឆ្នាំ និង​ជាប់​ជម្រើសជាតិ​បារាំង​ក្រោម​អាយុ ១៨​ឆ្នាំ​ផង​នោះ សារភាពថា​ខ្លួន​ជា​អ្នកលួចយក​នាឡិកា​នោះ​។​
​តាមរយៈ​ការប្រកាស​របស់​ក្លិប​ដែលមាន​អ្នកចាត់ការ​ទូទៅ​លោក Patrick Vieira បង្ហាញថា រវាង​ក្លិប និង​ភាគី​កីឡាករ Lamine Diaby-Fadiga បាន​ព្រមព្រៀង​ចែកផ្លូវ​គ្នា​ហើយ​នៅ​ថ្ងៃទី​១ ខែតុលា​។​

​ក្នុង​លិខិត​របស់​ក្លិប​នៃ​ក្របខណ្ឌ​កំពូល​បារាំង​នេះ​បានសរសេរថា​៖«​បន្ទាប់ពី​លួច​នាឡិកា​របស់ Kasper Dolberg ក្លិប​បានសម្រេច​លុបចោល​កិច្ចសន្យា​ទាំងអស់​របស់ខ្លួន​ជាមួយ Diaby-Fadiga តែម្តង​។ ក្លិប​មិនអាច​ទទួលយក​អាកប្ប​កិរិយា​បែបនេះ​របស់​កីឡាករ​បានឡើយ ដែល​នេះ​នឹងធ្វើ​ឲ្យ​សមាជិក​ទាំងអស់​ខ្វះ​ទំនុកចិត្ត​គ្នា​»​។​

Dolberg បាន​ផ្លាស់​ពី Ajax ទៅ​ចូលរួម​ជាមួយ Nice នៅ​ដើមរដូវ​កាល​ថ្មី​នេះ ដោយ​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។ Nice សព្វថ្ងៃ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦ ក្នុង​តារាង Ligue1 ដោយ​រកបាន​១៣​ពិន្ទុ ពី​ការប្រកួត​៨​លើក​។​

​ដោយឡែក Diaby-Fadiga វ័យ​១៨​ឆ្នាំ ដែល​ចែកផ្លូវ​ជាមួយ Nice ត្រូវបាន​រាយការណ៍​ថា​បាន​ទៅ​ចូលរួម​ជាមួយ Paris FC ក្រុម​ក្នុង​លី​គ​លំដាប់​ទី​២​បារាំង Ligue2 ដោយ​គ្មាន​តម្លៃ​ផ្ទេរ​៕


Tag:
 Nice
  Lamine Diaby-Fadiga
  Kasper Dolberg
© រក្សាសិទ្ធិដោយ thmeythmey.com