អន្តរជាតិ
លោក ត្រាំ ហៅ​ការស៊ើបអង្កេត​ដើម្បី​ដកតំណែង​លោក​ជា «​រដ្ឋប្រហារ​»
03, Oct 2019 , 7:59 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១ ខែតុលា បាន​បន្ត​ការរិះគន់​លើ​ដំណើរការ​ស៊ើបអង្កេតរ​បស់​រដ្ឋសភា​អាមេរិក​ដើម្បី​ឈានដល់​ការចាប់ផ្ដើម​នីតិវិធី​ដក​តំណែង​រូបលោក​។ ក្រុម​ប្រជាធិបតេយ្យ​ដែល​គ្រប់គ្រង​រដ្ឋសភា​ចោទ​លោក ត្រាំ ថា ប្រើ​ឥទ្ធិពល​បរទេស​ឲ្យ​លូកលាន់​ការបោះឆ្នោត ព្រោះ​លោក​ប្រាប់​ឲ្យ​អ៊ុយ​ក្រែ​ន​ស៊ើបអង្កេត​លើ​បេក្ខជន​ប្រធានាធិបតី ចូ បៃ​ឌិន និង​កូនប្រុស​។ លោក ត្រាំ បាន​ហៅ​ទង្វើ​របស់​ក្រុម​ប្រជាធិបតេយ្យ​ថា រដ្ឋប្រហារ​។​



«​តាមតែ​ខ្ញុំ​ដឹង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខ្ញុំ​សន្និដ្ឋានបានថា អ្វីដែល​កំពុង​កើតឡើង មិនមែនជា​ដំណើរការ​ដកតំណែង​ទេ តែ​ជា​រដ្ឋប្រហារ​។​» នេះ​ជាការ​អះអាង​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទៅនឹង​ការចាប់ផ្ដើម​ដំណើរការ​ស៊ើបអង្កេតរ​បស់​បក្ស​ប្រជាធិបតេយ្យ ដែល​កំពុងតែ​បង្កើនល្បឿន​ស៊ើបអង្កេត​របស់ខ្លួន​កាន់តែ​លឿន​ពាក់ព័ន្ធ​ការចោទប្រកាន់ថា លោក ត្រាំ បាន​ប្រាប់​ឲ្យ​អ៊ុយ​ក្រែ​ន​ផ្ដល់ព័ត៌មាន​ទាក់ទង​គូប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០ ។​

​ប្រធានរដ្ឋសភា​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បានប្រកាស​បើក​ដំណើរការ​ស៊ើបអង្កេត​កាលពី​សប្ដាហ៍​មុន ក្រោយ​មាន​បណ្ដឹង​ថា លោក ត្រាំ បានដាក់​សម្ពាធ​លើ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លីន​ស្គី ឲ្យ​ផ្ដល់ព័ត៌មាន​ដល់​រូបលោក​ទាក់ទង​សំណុំរឿង​របស់​អតីត​អនុ​ប្រធានាធិបតី ចូ បៃ​ឌិន ដែល​នឹង​ក្លាយជា​គូប្រជែង​របស់លោក​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០ ។ សម្រាប់​ក្រុម​ប្រជាធិបតេយ្យ នេះ​ជា​ឱកាស​សម្រាប់​កម្ចាត់​លោក ត្រាំ ។​

​យ៉ាងណាមិញ សម្រាប់​លោក ត្រាំ សកម្មភាព​របស់​ក្រុម​ប្រជាធិបតេយ្យ ជា​ការតាមប្រមាញ់​រូបលោក​តែម្ដង​។ ក្នុង​សំណេរ​លើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​១ ខែតុលា ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​រិះគន់​បក្ស​ប្រជាធិបតេយ្យ​ខ្លាំងៗ​ទៀតថា ទង្វើ​នេះ មានបំណង​បោះចោល​អំណាច​ប្រជាជន សំឡេងឆ្នោត​របស់​ពួកគេ សេរីភាព សាសនា យោធា ជញ្ជាំង​ព្រំដែន និង​សិទ្ធិ​ដែល​ព្រះ​ប្រទាន​ឲ្យ​ជា​ប្រជាជន​សហរដ្ឋអាមេរិក​ដ៏​អស្ចារ្យ​។

​គណៈកម្មាធិការ​សភា​ដ៏​មាន​ឥទ្ធិពល​ចំនួន​បី​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ​មាន​កិច្ចការបរទេស ព័ត៌មាន​សម្ងាត់ និង​ត្រួតពិនិត្យ ក៏មាន​គម្រោង​កោះ​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ទៅ​សួរនាំ​ពាក់ព័ន្ធ​រឿងនេះ ដោយ​អះអាងថា លោក ប៉ុ​ម​ប៉េ​អូ នៅ​ជាមួយ​លោក ត្រាំ ពេល​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក ហ្សេ​លីន​ស្គី ។ អតីតមន្ត្រី និង​មន្ត្រី​ក្រសួងការបរទេស​ចំនួន​៥​នាក់​ទៀត ក៏មាន​ឈ្មោះ​ត្រូវ​ផ្ដល់​សក្ខីកម្ម​ដែរ​។

​លោក ប៉ុ​ម​ប៉េ​អូ ចាត់ទុក​គម្រោង​របស់​ក្រុម​ប្រជាធិបតេយ្យ ជាការ​មើលងាយ​ក្រសួងការបរទេស ហើយ​លោក​នឹង​ព្យាយាម​អូសបន្លាយ​ពេល​ផ្ដល់​សក្ខីកម្ម​របស់​មន្ត្រី​ការទូត​ទាំង​៥​នាក់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ប្រាប់​សមាជិកសភា​អាមេរិក​ថា ខណៈ​សភា​មាន​សិទ្ធិ​កោះហៅ​មន្ត្រី​ទៅ​សួរនាំ ក្រសួង​ការ​បរ​ទេ និង​សេត​វិមាន ក៏​អាច​កំណត់​ពី​ព័ត៌មាន​ណា​ដែល​អាច​បញ្ចេញ​បាន ហើយ​អាច​បញ្ចេញ​ត្រឹម​កម្រិតណា​ដែរ​៕

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  រដ្ឋប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com