ONE Championship
កីឡាជាតិ
ជាតិ
Kevin Belingon ជម្នះ​រាល់​ឧបសគ្គ ដើម្បី​កិត្តិយស​គ្រួសារ​តាមរយៈ​គុន​ចម្រុះ​
02, Oct 2019 , 10:59 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ​គុន​ចម្រុះ Kevin Belingon រហស្សនាម «The Silencer» បាន​ក្លាយជា​វីរបុរស​របស់​ហ្វីលីពីន តាមរយៈ​ជោគជ័យ​ក្នុង​ពិភព​ក្បាច់គុន​ចម្រុះ​របស់ខ្លួន បន្ទាប់ពី​បាន​ជម្នះ​រាល់​ឧបសគ្គ​ជាច្រើន​នៅក្នុង​ជីវិត​។ Belingon ត្រូវ​តទល់ Bibiano Fernandes ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Bantamweight World Title នៅ​សង្វៀន ONE: CENTURY PA RT II នា​ថ្ងៃទី ១៣ តុលា នា​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។



Belingon បាន​តស៊ូ​ព្យាយាម​រាល់​ការលំបាក​កាល​នៅ​តូច ប៉ុន្តែ​រូបគេ​អាចធ្វើ​ឲ្យ​គ្រួសារ​ខ្ពស់​មុខ​ខ្ពស់​មាត់​តាមរយៈ​ក្បាច់គុន​។ ក្នុងនោះ​គ្រួសារ​របស់គេ​បានរួម​ចំណែក​បណ្ដុះ​ឆន្ទៈ​និង​លើកទឹកចិត្ត​ដែល​នាំ​ឲ្យ​មាន​មោទនភាព​នាពេល​បច្ចុប្បន្ន​។



​គ្មាន​សមាជិកគ្រួសារ​ណា​ម្នាក់​ហ្វឹកហាត់​ក្បាច់គុន ឬ ឈាមជ័រ​ជា​អ្នក​ហាត់គុន​នោះឡើយ ប៉ុន្តែ​ពួកគេ​ស្រលាញ់​ក្បាច់គុន​។  Belingon រៀបរាប់ថា​៖«​គ្រួសារ​របស់ខ្ញុំ​ស្រលាញ់​ក្បាច់គុន​ដោយ​បេះដូង​។ គ្រួសារ​ខ្ញុំ​ជា​អ្នកគាំទ្រ​កីឡា និង​ចូលចិត្ត​តាមដាន​កីឡា​។ រាល់ពេល​ខ្ញុំ​ប្រកួត ពួកគេ​តែងតែ​ទស្សនា​ទាំងអស់គ្នា​នៅផ្ទះ និង ធ្វើ​ឲ្យ​រូបខ្ញុំ​កក់​កក់ក្ដៅ និង​ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់ នៅ​សង្វៀន ONE Championship»​។

​ជា​អកុសល Belingon បាន​បាត់បង់​អ្នកគាំទ្រ​ដ៏​បំផុត​ខ្លះ​របស់ខ្លួន​ដោយសារ​សោកនាដកម្ម​ដ៏​អាក្រក់​មួយ ដែល​បណ្ដាល​ឲ្យ​ជីតា និង ពូ​របស់គេ​បាត់បង់​ជីវិត ហើយ «The Silencer» ពិត​លំបាក​ចិត្ត​ក្នុងការ​បរិយាយ​អំពី​ហេតុការណ៍​នេះ​ណាស់​។ «The Silencer» ថ្លែង​យ៉ាង​ក្រៀមក្រំ​ថា​៖«​រហូតដល់​ពេលនេះ​ខ្ញុំ​មិនអាច​បំភ្លេច​ពួកគេ​បានទេ​។ ពួកគេ​នៅក្នុង​ចិត្ត​ខ្ញុំ និង​នៅ​ជាមួយ​ខ្ញុំ​ជានិច្ច​។ វា​ជាការ​ឈឺចាប់​រហូតដល់​បច្ចុប្បន្ន​»​។ ជើង​ខ្លាំង​ហ្វីលីពីន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​៖«​ពួកគេ​ជា​កម្លាំងចិត្ត​របស់ខ្ញុំ នៅពេល​ខ្ញុំ​ឡើង​ប្រកួត​ម្ដងៗ​។ ទោះបី​ពួកគាត់​ចាក​ឆ្ងាយ ពួកគាត់ ស្ថិតនៅក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច​។ ខ្ញុំ​អាចនិយាយបាន​តែ​ប៉ុណ្ណឹង​ឯង​»​។



Belingon នៅតែ​ចងចាំ​មិន​ភ្លេច​រាល់​ពាក្យពេចន៍​លើកទឹកចិត្ត​ដែល​ធ្វើ​ឲ្យ​រូបគេ​ជម្នះ​ទាំង​ការហ្វឹកហាត់ និង ការឡើង​សង្វៀន​ប្រកួត​។ «​ក្បាច់គុន​គឺជា​ក្ដី​ស្រលាញ់​របស់ខ្ញុំ​។ ខ្ញុំ​មិន​ខ្វល់​ថា​មានរឿង​អ្វី​កើតឡើង​ទេ ខ្ញុំ​នឹង​បន្ត​វារ​ហូត​។ ពួកគាត់​នៅ​ជាមួយ​ខ្ញុំ និង មើល​ខ្ញុំ​ប្រកួត​គ្រប់ពេល​។ ពួកគាត់​នៅតែ​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ខ្ញុំ​កាន់តែខ្លាំង​ឡើង​»​។

​កីឡាករ​មកពី Team Lakay បាន​យកឈ្នះ Fernandes ដែលជា​កីឡាករ​គ្រង​ខ្សែក្រវាត់ World Champion បាន​ច្រើន​សម័យ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE កាល​ខែ វិច្ឆិកា ឆ្នាំ ២០១៨​។ បន្ទាប់មក កីឡាករ​សញ្ជាតិ​ហ្វីលីពីន របូត​ខ្សែក្រវាត់​កាល ONE Bantamweight World Champion កាល​ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅ​ក្រោយ​ចាញ់ Fernandes ដដែល​។ ទោះជា​បែបណា​ក្ដី Belingon មានការ​តាំងចិត្ត​ខ្ពស់​ទោះ​មាន​ភាពឈឺចាប់​នៅក្នុង​ចិត្ត​ក៏ដោយ ដើម្បី​យកជ័យ​ជម្នះ​ខាងមុខ​ឧទ្ទិស​ដល់​ជីតា និង ពូ ដែល​បាន​ចែក​ឋាន​។



Belingon បន្ថែមទៀតថា​៖«​កាលៈទេសៈ​ប្រហែល​ខុសគ្នា ប៉ុន្តែ​វា​តែងតែ​លំបាក​ជានិច្ច​។ គ្មាន​ភាពងាយស្រួល​នោះទេ​។ វា​មាន​ពេល​ច្រើន​ឆ្នាំ​ហើយ ដែល​ខ្ញុំ​ខំ​ធ្វើ​ចិត្ត​។ បើសិន​ក្នុង​ចិត្ត​អ្នក​ក៏​វា​ពិបាក​បំភ្លេច​ដែរ​។ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​បន្តការងារ​របស់ខ្ញុំ​។ ទោះ​មិនអាច​បំភ្លេច​ពួកគាត់ ប៉ុន្តែ​ត្រូវយក​ពួកគាត់​ជា​កម្លាំងចិត្ត​ដើម្បី​បន្តដំណើរ​ទៅមុខ​»​។

​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ Belingon ជួប «The Flash» ជា​លើក​ទី​៤​ក្នុង​ប្រវត្តិសាស្ត្រ ONE Bantamweight World Championship នៅ​ក្រុង​តូ​ក្យូ ហើយ​គេ​ត្រូវ​រក​តិក​និក​ដើម្បី​ផ្ដួល​គូប្រកួត​ទោះជា​លំបាក​ជាង​មុខ​បន្តិច​ក្ដី​។ បុរស​វ័យ ៣១ ឆ្នាំ​នឹងធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​អ្នក​ដែល​គាំទ្រ និង​មនុស្ស​ជាទី​ស្រលាញ់​មាន​មោទនភាព​។ Belingon សង្កត់ធ្ងន់​ខ្លី​ថា​៖«​ខ្ញុំ​នឹង​ឧទ្ទិស​ការឡើង​ប្រកួត​របស់ខ្ញុំ​ទាំងអស់​ជូន​ដល់​ជីតា និង ពូ​របស់ខ្ញុំ​»​។

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY  នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។

© រក្សាសិទ្ធិដោយ thmeythmey.com